ផ្សាយថ្ងៃទី១២-០៣-២០១២: ដកស្រង dap-news.com
ភ្នំពេញៈបណ្តាមន្រ្តីក្រសួងពាណិជ្ជកម្ម
បានបូកសរុបការងារពាណិជ្ជកម្ម
ឆ្នាំ២០១១ និងលើកទិសដៅការងារឆ្នាំ
២០១២ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ដោយបង្ហាញនូវ សមិទ្ធផលរបស់ខ្លួន និងពិភាក្សាដកស្រង់នូវបទពិសោធន៍ ពីតំណាងក្រសួងស្ថាបន័ពាក់ព័ន្ធ និងវិស័យឯកជនដើម្បីបន្តកំណើនសេដ្ឋកិច្ច
នៅឆ្នាំបន្ទាប់ទៀត។រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ចម ប្រសិទ្ធិ បានមានប្រសាសន៍ឱ្យដឹងក្នុងពិធីមហាសន្និបាតបូកសរុប ការងារឆ្នាំ២០១១ និងលើកទិសដៅឆ្នាំ២០១២ នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១១ ទទួលបានក្នុងរង្វង់ប្រមាណ៧ភាគរយ ដែលសម្រេចបានលើសពីការ ព្យាករណ៍ ហើយនៅឆ្នាំបន្ទាប់សេដ្ឋកិច្ចកម្ពុជា
រំពឹងថា នឹងបន្តកំណើនជាមធ្យមប្រចាំឆ្នាំពី៦ភាគរយ ទៅ ៧ភាគរយ។
លោក បានបន្តទៀតថា ក្រសួងពាណិជ្ជកម្ម បានបន្តយកចិត្តទុកដាក់
ទៅលើកិច្ចការសំខាន់ៗជាច្រើន ដូចជាការកសាងលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងក្របខ័ណ្ឌច្បាប់ កំណែទម្រង់រដ្ឋបាលសាធារណៈ អភិបាលកិច្ចល្អ ការបង្ខិតសេវាសាធារណៈទៅដល់ថ្នាក់ស្រុក ក្រុង តាមរយៈយន្តការច្រកចេញ
ចូលតែមួយ កិច្ចសម្រួលពាណិជ្ជកម្មទាក់ទងនឹងការនាំចេញ នាំចូលទំនិញ តាមរយៈការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញការចុះបញ្ជីបង្កើតក្រុមហ៊ុន និងការចូលរួមអនុវត្តគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវជាដើម ដោយកត្តាទាំងនេះ បានរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម ប្រសិទ្ធិ បានលើកឡើងថារាល់សមិទ្ធ
ផលដែលឆ្លុះបញ្ចាំងក្នុងរបាយការណ៍បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១១ បានបង្ហាញនូវកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មជា
មួយនឹងការតាំងចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាពនិងការកាត់បន្ថយភាពក្រីក្រ
ជូនប្រជាពលរដ្ឋ។ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចជារួមនៅមានភាពងាយទទួលឥទ្ធិពល
ពីវិបត្តិហិរញ្ញវត្ថុ និងបំណុលនៅអាមេរិក និងអឺរ៉ុបនៅឡើយ” ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ បានមានប្រសាសន៍នៅក្នុងឱកាសនោះផងដែរថា សន្និបាតប្រចំាឆ្នាំរបស់
ក្រសួងពាណិជ្ជកម្មដែលរៀបចំឡើងជាទៀងទាត់នេះ ពិតជាបាននាំ
មកនូវមេរៀន បទពិសោធន៍ និងអនុសាសន៍ល្អៗជាបន្តបន្ទាប់ ដើម្បីឈានទៅ
សម្រេចជោគជ័យតាមគ្រោងទុកលើការដ្ឋានអភិវឌ្ឍវិស័យពាណិជ្ជកម្មស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
លោក គាត ឈន់ បានលើកឡើងថា “ កំណើននៅឆ្នាំ២០១១ ត្រូវបានកែសម្រួល
នៅពេលថ្មីៗនេះដោយផលិតផលសរុបក្នុងស្រុកកើនឡើងវិញ៧ភាគរយ ហើយចក្ខុវិស័យអនាគត កម្ពុជាមានលក្ខណៈជាវិជ្ជមាន គឺសេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានប្រមាណជុំវិញ៧ភាគរយនៅក្នុងឆ្នាំ២០១២នេះ ព្រម ទាំងសម្រាប់ឆ្នាំ២០១៣ខាងមុខ”។
សូមជម្រាបឱ្យដឹងផងដែរថា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានជំរុញឱ្យក្រសួងពាណិជ្ជកម្មបង្កើនការយកចិត្តទៅកិច្ចការសំខាន់ជាច្រើនទៀតដូចជា យុទ្ធសាស្រ្តនាំចេញអង្ករ ការរក្សាស្ថិរភាពថ្លៃទំនិញ និងសន្តិសុខស្បៀង ការកសាងច្បាប់ បទប្បញ្ញត្តិពាណិជ្ជកម្ម ការរៀបចំ និងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការ ទប់ស្កាត់ការផលិត ចែកចាយផលិតផលក្លែងបន្លំ ផលិតផលគ្មានគុណភាព ឬខូចគុណភាព ការធ្វើពិ ពិធកម្មក្នុងការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងសមាហរណកម្មកម្ពុជាក្នុងតំបន់ និងពិភពលោក។
គួរបញ្ជាក់ឱ្យដឹងថា ឆ្នាំ២០១១ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានប្រមាណ ១១.៤៧៨លានដុល្លារអាមេរិក ក្នុងនោះការនាំចេញសម្រេចបាន ៤.៤៧៦លានដុល្លារអាមេរិក កើនឡើងលើសឆ្នាំ២០១០ ចំនួន៣៩,៥៥ភាគរយ ហើយចំណែកការនាំចូលវិញ មានទឹកប្រាក់៦.៦០២លានដុល្លារអាមេរិកកើនឡើង៣៨,១៧ភាគរយ៕
No comments:
Post a Comment