ផ្សាយថ្ងៃទី០៧-០៣-២០១២: ដកស្រងkpt-news.com
ភ្នំពេញ ៖ ដោយមានការឧបត្ថម្ភពីក្រសួងការបរទេសជប៉ុន មូលនិធិអន្តរជាតិជប៉ុនសម្រាប់បច្ចេកវិទ្យាខាងវេជ្ជសាស្ត្រ មូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ សមាគមគ្រូបុរាណកម្ពុជា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសមាគមគ្រូសម្រួលរាងកាយកីឡាយូដូជប៉ុន បានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី វេជ្ជសាស្ត្របុរាណ ការព្យាបាលបែប យូដូ ក្នុងការជួយដល់ការថែទាំវេជ្ជសាស្ត្រកំរិតខ្ពស់។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមផងដែរពី លោកកាហ្សុហ៊ីរ៉ុ ហ្ស៊ិណូហារ៉ា អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកហ្សិនិឈិ តាម៉ាមិហ្សុ លេខាទី១ស្ថានទូតជប៉ុនប្រចាំព្រះរាជានាចក្រកម្ពុជា និងដោយមានការចូលរួមពី មន្ត្រីនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ និងព្រះសង្ឃជាច្រើនទៀតប្រមាណជាង២០០នាក់។
លោកវេជ្ជបណ្ឌិត ហ៊ាង ពន្លៃ នាយកមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ បានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងលើកកំពស់ និងសហការជាមួយនឹងវេជ្ជសាស្ត្របុរាណកម្ពុជា ដោយមានការបង្ហាញអំពី Yodo Therapy របស់ប្រទេសជប៉ុន។
គួរបញ្ជាក់ថា Yodo Therapy គឺជាការអនុវត្តលើបច្ចេកទេសនៃការព្យាបាលបែបបុរាណជប៉ុន ដោយផ្តោតលើការព្យាបាលបែប យូដូ ដែលត្រូវបានយកមកប្រើដើម្បីព្យាបាលជម្ងឺរបួសដូចជា បាក់ឆ្អឹងថ្លោះ គ្រេច ស្នាមជាំ ។ល។និង។ល។ ដោយមិនបាច់ឆ្លងកាត់ការវះកាត់ គឺប្រើអនុភាពនៃកំលាំងព្យាបាលពីធម្មជាតិរបស់មនុស្ស៕
No comments:
Post a Comment