Wednesday, March 28, 2012

ជន​សង្ស័យ​លួច​ក្របី​​6​ក្បាល​ត្រូវ​បាន​នគរ​បាល​ចាប់​ខ្លួន​2នាក់

ផ្សាយថ្ងៃទី២៧-០៣-២០១២:  ដកស្រង kohsantepheapdaily


ខេត្ត​​កំពត ៖​​ ជន​សង្ស័យ​២​នាក់ ត្រូវ​នគរ​បាល​ស្រុក​បន្ទាយ​មាស​ចាប់​ខ្លួន​​ កាល​ពី​រសៀល​ថ្ងៃទី​២២ មីនា​ កន្លង​ទៅ​​ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​ថា ជ​ន​សង្ស័យ​ទាំង​២​នាក់​នោះ​មាន​ការ​ពាក់​ព័ន្ធ​លួច​ក្របី​នៅ​ក្នុង​ក្រោល​ មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​ត្នោត ឃុំ​ត្នោត​ចុងស្រង់ ស្រុក​បន្ទា​យ​មាស​ កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១៨ មីនា ។តាម​មន្ត្រី​ន​គរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​​ ដែល​បាន​ធ្វើ​កំណត់ហេតុលើ​ជន​សង្ស័យ​ទាំង​២​នាក់ បាន​ប្រាប់​​កោះ​សន្តិ​ភាព​ថា ជន​ដែលត្រូវ​​ចាប់​ខ្លួន​ទាំង​២​នាក់​នេះ​ម្នាក់​ឈ្មោះ​
សំ ទូច ភេទ​ប្រុស អាយុ​៤៣​ ឆ្នាំ រស់​នៅ​ភូមិ​គោក​ច្រេស ឃុំ​សំរោង​ ស្រុក​សំ​រោង  ខេត្ត​ឧត្ត​រ​មាន​ជ័យ បច្ចុប្បន្ន​​ជា​អ្នក​រក​ស៊ី​ជួញ​គោ-​ក្របី ពី​ខេត្ត​ឧត្ត​រ​មាន​ជ័យ​មក​ស្តុក​ក្នុង​ក្រោល​របស់​ឈ្មោះ​សេង ទ្រី ដែល​មាន​ទី​កន្លែង​​នៅ​ឃុំត្នោតចុង​ស្រង់ ជាប់​​​​ព្រំ​ដែន​ប្រទេស​វៀតណាម ។ ឯ​ជន​ម្នាក់​ទៀត​ឈ្មោះ​ឌី ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ក្រាំង​ដូង​​ ឃុំ​សំរោង ក្រោម​ស្រុកបន្ទាយ​មាស ។ មន្ត្រី​នគរ​បាល​បាន​បន្ត​ថា

 បុរស​ឈ្មោះឌី ប្រុស ជា​អ្នក​យាម​ក្រោល​ក្របី ​​​ធ្វើ​ឱ្យ​បាត់​អស់​ចំនួន​៦​ក្បាល ក្រោយ​ពេល​​បាត់​ម្ចាស់​ក្របី​បាន​ទារ​សំណង​ឱ្យ​ម្ចាស់​ក្រោល​សង​តម្លៃ​ជាង​ ២០​លាន​រៀល ។ ​ក្រោយ​មក​សមត្ថ​កិច្ច​បាន​​ស៊ើប​អង្កេត​ និង​តាម​ដាន​រក​ឃើញថា​ ​ជន​​​សង្ស័យទាំង​២​នាក់​នេះ បាន​ទូរស័ព្ទ​ទាក់​ទង​គ្នា​ជាប់​នៅ​ស្រុក​គិរីវង់ ខេត្ត​តា​កែវ ។មន្ត្រី​នគរ​បាល​បាន​​អះអា​​​ង​​ថា ម្ចាស់​ក្របី​ និង​អ្នក​យាម​ក្របី​ពិត​ជា​ផ្សំ
គំនិត​គ្នា​លួច​ក្របី​៦​ក្បាល​នោះ​មែន ដើម្បី​ឱ្យ​ឈ្មោះ​សេង ទ្រី ជា​ម្ចាស់​​ក្រោល​ចេញ​លុយ​សង​ទៅ​ម្ចាស់​ក្របី​ឈ្នោះ​សំ ទូច ។ នគរ​បាលបញ្ជាក់​ថា ឈ្មោះ​ឌី ប្រុស និងឈ្មោះ​សំ ទូច និយាយ​ខុស​​គ្នា​ទាំង​ស្រុង​ពី​ពេល​​វេលា​បាត់​ក្របី​ ។ ទោះជា​បែបណា​ ជន​​សង្ស័យ​ទាំង​​២​នាក់​នេះ មិន​បាន​សារ​ភាព​ថា ខ្លួន​លួច​ក្របី​ទាំង​៦​ក្បាល​នេះទេ ហើយ​​ត្រូវ​នគរ​បាលកសាង​សំណុំ​រឿង​​បញ្ជូន​ខ្លួនពួក​គេ​​ទៅស្នង​កា​រ​ដ្ឋាន​ ខេត្ត​ ។ លោក​ហុង ​សុគុន​វឌ្ឍ​នា​ ចៅ​ក្រម​​ស៊ើ​ប​អង្កេត​សាលា​ដំបូង​ខេត្ត​កំពត​សម្រេច​ឃុំ​ខ្លួន​ជន​​សង្ស័យ​ ទាំង​២​នាក់​នៅ​ពន្ធ​នា​គារ​ខេត្ត​រង​់​ចាំ​ការ​ស៊ើ​ប​អង្កេត​បន្ត​ ៕

No comments: