ជិះម៉ូតូចេញពីផ្ទះទៅយាមឆ្កែរត់ចូលម៉ូតូដួលបោកក្បាលដឹកដល់ពេទ្យស្លាប់
ផ្សាយថ្ងៃទី២៥-១១-២០១១: ដកស្រង kohsantepheapdaily
ខេត្តកំពត ៖ នគរបាលផ្នែកសន្តិសុខផ្សារក្រុងកំពត ម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតយា៉ងអាណោចអាធ័មបំផុត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយជិះម៉ូតូ C125 ស៊េរី២០១០ ចេញពីផ្ទះទៅយាមនៅអធិការដ្ឋានក្រុងកំពត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ វិច្ឆិកា លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ចន្លោះបង្គោលភ្លើងលេខ F4004 និង F4005 ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ។
តាមសម្តីកូនប្រុសជនរងគ្រោះឱ្យដឹងថា ឪពុកខ្លួនឈ្មោះម៉ៅ រឿន អាយុ៤៥ឆ្នាំ ជានគរបាលក្រុងកំពត មានឋានៈពលបាលឯកមុខងារផ្នែកសន្តិសុខផ្សារសាមគ្គី ទីរួមខេត្តកំពត ដែលមានទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ។ កូនប្រុសបន្តទៀតថា កាលពីវេលាម៉ោង១១និង៣០នាទី ឪពុកខ្លួនបានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ចេញពីផ្ទះទៅយាមនៅអធិការដ្ឋានក្រុងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វឆ្កែមួយហ្វូងចំនួន៤ទៅ៥ក្បាលបានដេញខាំគ្នារត់ចូលម៉ូតូដែលឪពុកខ្លួនកំពុងបើកបរ បណ្តាលឱ្យដួលបោកកក្បាលបាក់ក និងបែកក្បាលមួយចំហៀងខាងស្តាំ សន្លប់នៅនឹងកន្លែង រីឯម៉ូតូពុំបានខូចខាតអ្វីទេ ។
ក្រោយពីកើតហេតុត្រូវបានក្រុមគ្រួសាររួម និងនគរបាលចរាចរក្រុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ ប៉ុន្តែគួរឱ្យសោកស្តាយដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ៕
No comments:
Post a Comment