Friday, November 25, 2011

ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​កើន​៤០%

ផ្សាយថ្ងៃទី២៥-១១-២០១១: ដកស្រង postkhmer


ភ្នំពេញៈ ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា កើន​ជាង​៤០​ភាគរយ គិត​ត្រឹម​ខែ​តុលា​ឆ្នាំ
​នេះ​។ ការ​កើន​ឡើង​នេះ បាន​មក​ពី​កំណើន​ដ៏​ខ្លាំងក្លា​ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ដែល​បាន​កើន​ឡើង​ជាង​ទ្វេ​ដង​។

ការ​នាំ​ចេញ​សរុប​បាន​កើន​ឡើង​ដល់​៤,០៥​ពាន់​លាន​ដុល្លារ​នៅ​ចន្លោះ​ខែ​ មករា និង​តុលា បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​មុន ដែល​មាន​ត្រឹម​តែ ២,៨២២​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ទិន្នន័យ​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម។

ទិន្នន័យ បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម បាន​កើន​ឡើង​ដល់ ៣៣០​លាន​ដុល្លារ​។ តួ​លេខ​នេះ​បាន​កើន​ឡើង​ជាង​១០០​ភាគ​រយ បើ​ធៀប​នឹង​រយៈពេល ១០​ខែ​ដំបូង ឆ្នាំ​២០១០។

ការ​នាំ​ចេញ​សម្លៀក​បំពាក់ ក្នុង​រយៈពេល​នេះ មាន​តម្លៃ ៣,៤៧​ពាន់​លាន​ដុល្លារ​ ​គឺ​កើន​ឡើង​ប្រហែល​៣៤​ភាគ​រយ​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ការ​អនុ​គ្រោះ​ពាណិជ្ជកម្ម​ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​លើក​លែង​ពន្ធ ​ផង​ដែរ​នោះ បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​កាន់​សហភាព​អឺរ៉ុប​បាន​កើន​ឡើង ៦០​ភាគ​រយ។

ទិន្នន័យ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​អាមេរិក កើន​ឡើង​ប្រហែល ១០​ភាគ​រយ ពោល​គឺ​កើន​ឡើង​រហូត​ដល់ ១,៧​ពាន់​លាន​ដុល្លារ​ នៅ​ចុង​ខែ​តុលា​ឆ្នាំ​នេះ។

លោក ឱក ប៊ុង រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា កំណើន​នេះ ​បាន​មក​ពី​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប ស្រប​នឹង​ការ​ទទួល​បាន​ទី​ផ្សារ​ថ្មី​នៅ​ចិន និង​ជប៉ុន​ផង​ដែរ ដែល​ធ្វើ​ឲ្យ​កំណើន​នាំ​ចេញ​របស់​កម្ពុជា កើន​ឡើង​ក្នុង​រយៈពេល​១០​ខែ​ដំបូង​​នេះ។

លោក​អះអាង​ថា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កាល​ពី​ពេល​ថ្មី​ៗ​នេះ បង្ហាញ​ពី​កំណើន​ឆ្ពោះ​ទៅ​រក​គោល​ដៅ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល ដែល​មាន​ចំនួន ១​លាន​តោន នៅ​ឆ្នាំ​២០១៥។

លោក​បន្ត​ថា៖ «យើង​មាន​ឱកាស​ច្រើន ពោល​គឺ​មិន​មែន​តែ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភណ្ឌ​ទៅ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ តែ​យើង​ថែម​ទាំង​អាច​នាំ​ចេញ​ផលិតផល​កសិកម្ម ទៅ​កាន់​ប្រទេស​ទាំង​នោះ​បាន​ផង​ដែរ ដោយ​សារ​យើង​ទទួល​បាន​ការ​លើក​លែង​ពន្ធ​ពី​ពួក​គេ​»។

លោក​បន្ថែម​ថា៖ «​បើ​យើង​ចាប់​ផ្តើម​នាំ​ចេញ​អង្ករ​កាន់​តែ​ច្រើន​ឡើង​ៗ ខ្ញុំ​ជឿ​ជាក់​ថា យើង​នឹង​អាច​ឈាន​ដល់​គោលដៅ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល»។

លោក​ថ្លែង​ថា ទុន​សម្រាប់​ផលិតផល​កសិកម្ម នៅ​តែ​មាន​បញ្ហា ហើយ​នឹង​តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​វិនិយោគ​ទាំង​ក្នុង ស្រុក ទាំង​ក្រៅ​ស្រុក ជា​ពិសេស​ក្នុង​ផលិតកម្ម​អង្ករ​។

លោក ងួន ម៉េង​តិច អគ្គ​នាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង ​កាល​ពី​ម្សិល​មិញ​ថា ការ​នាំ​ចេញ​ពី​កម្ពុជា កំពុង​ផ្លាស់​ប្តូរ​ពី​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម ទៅ​ជា​ការ​នាំ​ចេញ​ទំនិញ​កែច្នៃ​វិញ។ លោក​បន្ត​ថា៖ «ជា​ធម្មតា​យើង​នាំ​ចេញ​កៅស៊ូ​ធម្ម​ជាតិ ប៉ុន្តែ​ឥឡូវ យើង​អាច​នាំ​ចេញ​អង្ករ ដំឡូង​មី និង​ទំនិញ​ផ្សេង​ៗ​ទៀត​»។ លោក​បន្ថែម​ថា សមត្ថ​ភាព​កែច្នៃ​របស់​កម្ពុជា​ចាំបាច់​ត្រូវ​មាន​ការ​ពង្រឹង​បន្ថែម។

លោក​ងួន ម៉េង​តិច បាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​​ឯក​សារ​ការ​ងារ និង​ថ្លៃ​សេវា​មិន​ចាំបាច់​បាន​ធ្វើ​ឲ្យ​បរិយាកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា កាន់​តែ​ទាក់​ទាញ៕

No comments: