កម្ពុជារៀបចំបុណ្យសមុទ្រដ៏ធំលើកទី១នៅខេត្តព្រះសីហនុ
ផ្សាយថ្ងៃទី២៣-១១-២០១១: ដកស្រង nokorwatnews
ភ្នំពេញ ៖ពិធីបុណ្យសមុទ្រលើកដំបូងរបស់កម្ពុជា នឹងរៀបចំប្រារឰធ្វើឡើងនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ នៅខេត្តព្រះសីហនុ។ ពិធីនេះក៏នឹងរៀបចំធ្វើជារៀងរាល់
ឆ្នាំ ដែលខេត្តជាប់មាត់សមុទ្រទាំង៤ មានកោះកុង ក្រុងព្រះសីហនុ កំពត និងកែប មាននាទីធ្វើជាម្ចាស់ផ្ទះម្ខាងម្នាក់ ហើយពិធីបុណ្យនេះ ប្រារឰដំណាលគ្នា នឹងថ្ងៃបុណ្យឆ្លងឆ្នាំសាកល។
លោក ថោង ខុនរដ្ឋ មន្ត្រីក្រសួងទេសចរណ៍បានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការ
អន្តរស្ថាប័ន ដើម្បីរៀបចំពិធីបុណ្យសមុទ្រនៅទីស្តីការក្រសួងទេសចរណ៍កាល
ពីល្ងាចថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១១នេះថានេះគឺជាព្រឹត្តិការណ៍សំខាន់ចំពោះវិស័យ
ទេសចរណ៍ព្រោះវាអាចជួយផ្សព្វផ្សាយឃោសនាពីសក្តានុពលនៃវិស័យទេស
ចរណ៍តំបន់ឆ្នេរកម្ពុជានិងជំរុញឱ្យមានការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់នេះឱ្យកាន់
តែមានភាពប្រសើរឡើង។
លោកបញ្ជាក់ថាការប្រារឰនេះក៏ដើម្បីអបអរសាទរដែលកម្ពុជាជាប់ជាសមាជិក
ពេញសិទ្ធិនៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតក្នុងចំណោមឆ្នេរ៣២លើសាកលលោក
ដែលសមាជិកតែងប្រារឰពិធីបុណ្យនេះរៀងរាល់១ឆ្នាំឬ២ឆ្នាំម្តងហើយនៅកម្ពុជាក៏
នឹងរៀបចំធ្វើជារៀងរាល់ឆ្នាំដែរ។
លោកសូម៉ារ៉ារដ្ឋលេខាធិការក្រសួងទេសចរណ៍ក៏បានថ្លែងដែរថាកម្មវិធីបុណ្យ
សមុទ្រនេះចែកចេញជា៤ផ្នែកគឺសកម្មភាពកីឡាលើទឹកនិងកីឡាលើឆ្នេរមហោ
ស្រពម្ហូបអាហារនិងភេសជ្ជៈពិធីអបអរសាទរបុណ្យសមុទ្រនិងអបអរបុណ្យឆ្លងឆ្នាំ
សាកល។
លោកបញ្ជាក់ថាកម្មវិធីដ៏អធឹកអធមនេះនឹងមានការចូលរួមជាអធិបតីពីសំណាក់
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត។ លោក
បន្តទៀតថាព្រឹត្តិការណ៍ជាច្រើនទៀតនឹងបង្កើតឱ្យមានភាពរំភើបសប្បាយរីករាយ
បន្ថែមទៀតមានការភ្លក់រសជាតិម្ហូបស្នាដៃចុងភៅ៣០ប្រទេសការប្រគំតន្ត្រីឆាក
កំប្លែងបង្ហាញម៉ូតសម្លៀកបំពាក់ការចាប់ឆ្នោតផ្សងសំណាងជាដើម។
ទោះជាពិធីបុណ្យសមុទ្រដែលរៀបចំដំណាលគ្នានឹងថ្ងៃបុណ្យឆ្លងឆ្នាំសាកល
នេះត្រូវបានគេរំពឹងថានឹងមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាច្រើនកុះករ
ចូលរួម។លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានស្នើដល់អាជ្ញាធរដែនដីនិងស្ថាប័ន
ពាក់ព័ន្ធរួមគ្នាសហការរៀបចំបានល្អទាំងសណ្តាប់ធ្នាប់អនាម័យសោភណ្ឌភាព
សន្តិសុខដើម្បីមុខមាត់ប្រទេសជាតិ៕
No comments:
Post a Comment