Tuesday, September 20, 2011

ក្រុមហ៊ុន​កំពត​​​ខេស៊ី​មេន​​​ធានា​​ជួស​ជុល​ផ្លូវ​​​បន្ទាប់ពី​​​​​​​​អ្នក​ភូមិ​​​​បាន​បិទ​ ព្រោះ​​​​ដឹក​ជញ្ជូន​​ខូច​ផ្លូវ

ផ្សាយថ្ងៃទី១៩-០៩-២០១១: ដកស្រង kohsantepheapdaily

ខេត្តកំពត​​​​ ៖ ​ក្រុមអ្នក​​ភូមិ​ច្រក​ឃ្លៃ ​ឃុំ​ទូកមាស​ខាងលិច​ ស្រុកបន្ទាយមាស​ កាលពី​​​​ថ្ងៃ​សៅរ៍ ទី​​​​១៧ កញ្ញា ​បាននាំគ្នា​​ដាក់បារ៉ាស់​​​នៅ​​​ផ្លូវ​ក្រាល​​ក្រួសក្រហមមួយ​កន្លែង​ដែល​ឆ្ពោះ​​​ទៅកាន់​​រោងចក្រ​​ផលិត​ស៊ី​ម៉ង់ត៍​​​ភ្នំ​ទុង​​ទូកមាស ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​​​កំពត​ខេស៊ីមេន មិនគោរព​​​តាម​ការ​​សំណូមពរ​​​​របស់​ពលរដ្ឋ​​ ​ដែលបានទទូច​​សុំ​​​​ឱ្យ​ក្រុម​ហ៊ុន​​ជួស​ជុល​​​ផ្លូវនោះឡើងវិញ ​​​ព្រោះ​កន្លង​​មក មាន​​ការ​​ខូចខាត​​​​ដោយមាន​ក្រុមហ៊ុន​​​​​ដឹក​​ជញ្ជូន​​ចំនួន​​៤ បានធ្វើ​​​​​ចរាចរ​លើ​ផ្លូវ​នេះ ​ជា​ប្រចាំ​។

ស្ត្រី​​​​ម្នាក់​នៅ​​​ភូមិ​​​ច្រកឃ្លៃ​បាន​និយាយ​​ថា ​​កន្លង​​មក​​​មាន​រថ​យន្ត​ដឹក​ជញ្ជូន​ស៊ីម៉ង់ត៍​​​​ ដឹក​ដី​​​ ឥដ្ឋ​​ និង​​សម្ភារ​​ផ្សេងៗ​ទៀត​ធ្វើដំណើរ​​​​លាន់​កក្រើក​​​​​ដី​ដូចគេ​ហែរ​កឋិន​ធ្វើ​​​ឱ្យ​ខាត​ផ្លូវ​​​​ស្ទើរតែ​​​ទាំងស្រុង ​ម្យ៉ាង​ទៀត​ធុ​​ញ​ថប់​​នឹង​ដី​​ហុ​យ​ផង​​​ ដូច្នេះ​​​ពលរដ្ឋ​​​នៅភូមិ​ច្រក​ឃ្លៃ​​​​មាន​​​ការពិបាក​​ចេញ​​​ចូល​​ ក៏នាំគ្នា​​មក​​​បិទផ្លូវ​ដើម្បី​ឱ្យក្រុម​ហ៊ុន​ចរចា​ជាមួយនឹង​អ្នក​ភូមិ​​​។

លោកជ័យ​ ​ពុធ ​មេភូមិ​ច្រក​ឃ្លៃ​​​បាន​ថ្លែង​ប្រាប់​អ្នក​​​យកព័ត៌មាន​​​​កាលពីថ្ងៃអាទិត្យ​ថា នេះ​ជា​​ជម្រើស​​​ចុងក្រោយ ​​ដែល​ប្រជា​​​​ពល​រដ្ឋ​ភូមិ​​​ច្រក​ឃ្លៃ​នាំគ្នា​​យកបារ៉ាស់​​បិទផ្លូវ​​​​មិន​ឱ្យ​​រថយន្ត​​​៤​ក្រុមហ៊ុន​​ បើកឆ្លង​​កាត់ ព្រោះ​រថយន្ត​​ដឹកជញ្ជូន​​ទាំង​​​៤​ក្រុមហ៊ុន​​បានធ្វើ​​​​​​ឱ្យ​​​ខូច​ផ្លូវ​ខ្លាំង​ពេក​។

លោក​​​​មេភូមិ​​​​​និយាយ​ថា ​ការបិទផ្លូវ​​​​របស់​​អ្នក​ស្រុកនេះ​​​​គឺមានរយៈ​ពេល​ខ្លី​​ទេ ព្រោះ​​​ខាង​ក្រុម​​ហ៊ុន​កំពត​​ខេស៊ី​មេន ​បាន​​ចេញមុខ​​មក​និយាយ​​​​​ជា​មួយ​អាជ្ញាធរ​​មូលដ្ឋាន​ ​ដោយ​អះអាង​ថា​​​នឹង​ឈូស​ឆាយ​​​​ផ្លូវ​ឱ្យបាន​ស្អាត​​ងាយស្រួល​ធ្វើ​ដំណើរ​ឡើង​វិញ​ ៕


No comments: