Wednesday, September 21, 2011

បុគ្គលិក​រដ្ឋ​បាល​ក្រុង​បាង​កក​ត្រៀម​ខ្លួន​សម្រាប់​ការងារ​ជម្លៀស​ទឹក​ជំនន់

ផ្សាយថ្ងៃទី២០-០៩-២០១១: អន្ដរជាតិៈ ដកស្រង postkhmer

ក្រុងបាង​កកៈ សាលា​ក្រុង​បាងកក​បាន​ត្រៀម​បុគ្គលិក និង​សម្ភារ​ដើម្បី​ជួយ​ជម្លៀស​អ្នក​ស្រុក​នៅ​ក្នុង​សហ​គមន៍​ចំនួន​២៧​ ខណៈ​​ទឹក​ជំនន់​បាន​មក​ដល់​ ​កាល​ពី​ថ្ងៃ​​ចន្ទ​។

លោក​សាន់​យ៉ា ឈី​រ៉ា​និមិត​ ​ប្រធាន​នាយក​ដ្ឋាន​បណ្តាញ​បង្ហូរ​ទឹក​សម្អុយ​នៃ​រដ្ឋ​បាល​ក្រុង​បាង​កក​ (​BMA)​ បាន​និយាយ​ថា​ សហ​គមន៍​ទាំង​នេះ ងាយ​នឹង​រង​គ្រោះ​ព្រោះ​វា​ស្ថិត​នៅ​ខាង​ក្រៅ​ទំនប់​ការ​ពារ​ទឹក​ជំនន់​នៅ​តាម​ដង​​ទន្លេ​​ចៅ​ប្រាយ៉ា​។

បុគ្គលិក​របស់​ BMA នឹង​ជួយ​ជម្លៀស​​អ្នក​ស្រុក​ប្រសិន​បើ​ចាំ​បាញ់​។ BMA មាន​បាវ​ខ្សាច់​៤​លាន សម្រាប់​ទប់​ទល់​នឹង​​ទឹក​ជំនន់​។

កម្ពស់​ទឹក​នៅ​ក្នុង​ទន្លេ​ចៅ​ប្រាយ៉ា បាន​ចាប់​ផ្តើម​ឡើង​ ខណៈ​ទឹក​ជោរ​កាន់​តែ​ខ្លាំង​ កាល​ពី​រាត្រី​​ថ្ងៃ​អាទិត្យ​។

លោក​សាន់​យ៉ា ​បាន​និយាយ​ថា ទន្លេ​នេះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ឡើង​ដល់​១,៧៥​ម៉ែត្រ​​នៃ នីវ៉ូ​សមុទ្រ​មធ្យម​​ ស្ថិត​ក្នុង​រង្វង់​សមត្ថ​​ភាព​របស់​ជញ្ជាំង​ការ​ពារ​ទឹក​ជំនន់​កម្ពស់​២,៥ ម៉ែត្រ​​។

ទឹក​ជំនន់​ធំ​នៅ​ខ្សែ​ទឹក​ខាង​លើ បាន​បង្ក​ទឹក​ជំនន់​កាន់​តែ​អាក្រក់​ឡើង​​ក្នុង​ខេត្ត​​ជា​ច្រើន​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ ខណៈ​​វា​ហូរ​មក​ពី​ភាគ​ខាង​​ជើង​។

នៅ​ខេត្ត​ផាធុម​ថានី​ ទ្វារ​ទឹក​ជា​ច្រើន ត្រូវ​គេ​បិទ​ដើម្បី​កាត់​បន្ថយ​លំហូរ​ទឹក​ចូល​មក​ក្រុង​បាង​​កក​។ នៅ​ខេត្ត​អាយុធ្យា ទំនប់​មួយ​ត្រូវ​បាន​គេ​ទប់​ជា​ថ្មី​។ នៅ​ខេត្ត​សុខោ​ទ័យ ភាគ​ច្រើន​នៃ​ទី​ប្រជុំ​ជន​ក្នុង​ស្រុក​មឿង​ ត្រូវ​ទឹក​លិច​មួយ​ម៉ែត្រ​ បន្ទាប់​ពី​អាង​ស្តុក​ទឹក​មេ​ម៉ុក​ខ្សែ​ទឹក​ខាង​លើ​នៅ​ខេត្ត​ ឡាំ​ប៉ាង ​ត្រូវ​បាន​បង្ហូរ​ទឹក​ចេញ​។​ នៅ កាឡា​ស៊ីន​ភ្លៀង​ធ្លាក់​ខ្លាំង ​ធ្វើ​ឲ្យ​អាង ស្តុក​ទឹក​ឡាំ​ប៉ាវ​ហូរ​ហៀរ​៕

No comments: