កម្ពុជា-វៀតណាមឯកភាពគ្នាជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍
ផ្សាយថ្ងៃទី០៣-០៤-២០១២: ដកស្រង.nokorwatnews.com
ភ្នំពេញ៖ ប្រមុខដឹកនាំប្រទេសកម្ពុជា និងវៀតណាមបានឯកភាពគ្នាលើការជំរុញឲ្យមានកិច្ចសហប្រតិបតិ្ត ការ ពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ការឯកភាពគ្នារបស់ប្រមុខដឹកនាំប្រទេសទាំង២ខាងលើនេះ គឺបានធ្វើឡើង ក្រោយជំនួបសម្តែងការគួរសមរវាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាមួយលោក ង្វៀន តឹងយ៉ុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ ២០១២ នៅវិមានសន្តិភាព។នៅក្នុងជំនួបសម្តែង
ការគួរសមខាងលើនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន តឹងយ៉ុង បានសម្តែងការរីករាយក្នុងការដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ តាងនាមឲ្យរដ្ឋាភិបាលវៀតណាម លោកសូមសម្តែងនូវការអបអរសាទរជូនចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១២នេះ។ លោកមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន កិច្ចប្រជុំកំពូលអាស៊ានលើកទី២០នេះ នឹងទទួលបានជោគជ័យជាក់ជាមិនខាន។ លោក ង្វៀន តឹងយ៉ុង ក៏បានសម្តែងនូវសេចក្តីរីក
រាយនិងវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការរវាងប្រទេសកម្ពុជា នឹងប្រទេស
វៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ដោយលោកបានស្នើធ្វើយ៉ាងណាឲ្យកម្ពុជា-វៀតណាម សហការគ្នាបន្តទៅទៀតឲ្យកាន់តែមានភាពល្អប្រសើរឡើង។ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានស្វាគមន៍និងថ្លែងអំណរគុណដល់វៀតណាម ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ នាពេលនេះ និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់វៀតណាម ដល់កម្ពុជាក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រធានអាស៊ាន លើកទី២០នេះ។ ជាមួយគ្នានោះ សម្តេចតេជោក៏បានឯកភាពជាមួយលោក ង្វៀន តឹងយ៉ុង លើបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំង២ ហើយជំរុញឲ្យមានកិច្ចសហប្រតិបត្តិការនេះ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ឲ្យបានកាន់តែខ្លាំងឡើងថែមទៀត៕
No comments:
Post a Comment