Friday, January 20, 2012

​ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​កាន់​តំបន់​ជម្លោះ​ព្រំដែនកម្ពុជា​-ថៃ ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​

ថ្ងៃទី១៨-០១-២០១២: ដកស្រង www.bayontv.com.kh

ភ្នំពេញ៖ មន្រ្តី​នៃ​ប្រទេស​ឥណ្ឌូ​ នេស៊ី ​បាន​បង្ហាញ​អំពី​គម្រោង​ការ​របស់​ឥណ្ឌូនេស៊ី​ជា​លើក​ដំបូង​ ក្នុង​ការ​បញ្ជូន​អ្នក​សង្កេត​ការណ៍​យោធា​មក​កាន់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​ដែល​គម្រោង​ការ​នេះ ​ត្រូវ​មន្រ្តី​កម្ពុជា​ចាត់​ទុក​ថា ​ជា​សញ្ញា​ថ្មី​មួយ​ នៃ​ការ​ជឿន​លឿន​ក្នុង​ការ​អនុវត្តន៍​នូវ​សាល​ដីកា​របស់​តុលា​ការ​យុត្តិធម៌​ អន្តរ​ជាតិ​ទីក្រុង​ឡាអេ​ កាល​ពី​ឆ្នាំ​មុន​។

        បើ​យោង​តាម​កាសែត​ហ្សាការតា​ប៉ុស្តិ៍​របស់​ប្រទេស​ឥណ្ឌូនេស៊ី ​នៅ​ថ្ងៃទី​ ១៧​ខែ​មក​រានេះ​បាន​ឲ្យ​ដឹង​ថា ​ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​យោធា​របស់​ខ្លួន​ដើម្បី​សម្រប​ សម្រួល​បញ្ហា ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ​តាម​ការ​ដែល​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ ​បាន​ ឯក​ភាព​គ្នា​ស្នើ​សុំ​ឲ្យ​ខ្លួន​ជួយ​នោះ​។

        រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ឥណ្ឌូ​នេ​ស៊ី ​ឯក​ឧត្តម​ Purnomo Yusgiatoro បាន​មាន​ប្រសាសន៍​កាល​ ពី​ថ្ងៃ​ច័ន្ទ​ទី​១៦ ​ខែមករា​ថា ​រដ្ឋ​មន្រ្តី​ការ​បរទេស​ឥណ្ឌូនេ​ស៊ី ​បាន​ប្រាប់​ឯក​ឧត្តម​អំពី ​គម្រោង​ការ​នេះ។

      ឯក​ឧត្តម​ Purnomo Yusgiatoro ថ្លែង​ប្រាប់​សន្និ​សីទ​កាសែត​មួយ​ថា ​យើង​បាន​រៀប​ចំ​ខ្លះៗ​ ហើយ​តាំង​ពីឆ្នាំ​មុន​ ហើយ​យើង​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​ទាំង​នោះ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ។ ​

       ឯក​ឧត្តម​ Purnomo Yusgiatoro មាន​ប្រសាសន៍​ថា ​កាល​ពី​ឆ្នាំ​មុន​កម្ពុជា​បាន​ព្រម​ព្រៀង ​ឲ្យ​ឥណ្ឌូនេ​ស៊ី​ជាប់​ទាក់​ទង​ក្នុង​ការ​ជួយ​សម្រប​សម្រួល​បញ្ហា​ជម្លោះ​ នោះ ​ក៏​ប៉ុន្តែ​ថា ​ថៃ​មិន​បាន​ឆ្លើយ​តប​ដោយ​សារ​មាន​ការផ្លាស់​ប្តូរ​ក្នុង​រដ្ឋាភិបាល​ ហើយ​ឯក​ឧត្តម​បន្តថា​ ឥឡូវ​នេះ​ប្រទេស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា ហើយ​អ្វី​ដែល​យើង​ត្រូវ​ការ​ គឺរៀប​ចំ​ធន​ធាន​មនុស្ស​របស់​យើង​។


បើ ​យោង​តាម​លោក​ឧត្តម​សេនីយ​ Agus Suhartono មេ​បញ្ជាការ​កង​ទ័ព​ឥណ្ឌូ​នេស៊ី   គឺ​ឥណ្ឌូ​នេស៊ី​នឹង​បញ្ជូន​បុគ្គលិក​យោធា​មក​នៅ​ថ្ងៃទី​ ០២ ​ខែ​ឧសភា​យ៉ាង​យូរ​បំផុត​ ។

        លោក​ឧត្តមសេ​នីយ​ Agus Suhartono មានប្រសាសន៌ថា ក្រុមអ្នកសង្កេតការណ៌កំពុង ទទួល​ការបណ្តុះបណ្តាលនៅឯមជ្ឈមណ្ឌលសន្តិសុខ និង សន្តិភាព ។

      ចំណែកលោក Michael Tene អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី បានបញ្ជាក់អំពី គម្រោង​ការនោះ ដោយលោកមានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ីនឹងជួយប្រទេសថៃ និង ប្រទេស​កម្ពុជា​បង្កើត​នូវសន្តិភាពនៅតាមព្រំដែនរបស់ពួកគេ។

      ឯកឧត្តមឧត្តមសេនីយឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមាន ប្រសាសន៌​ប្រាប់​ទូរទស្សន៌បាយ័នព័ត៌មាននៅថ្ងៃទី១៧ខែមករាម្សិលមិញ​នេះថា​ កម្ពុជាសូម​ស្វាគមន៌​ចំពោះការ​សម្រេច​​ ណាមួយរបស់ឥណ្ឌូនេស៊ីក្នុងការបញ្ជូនអ្នកសង្កេតការណ៌មកកាន់​តំបន់​​ ជម្លោះឲ្យបាន​ឆាប់​រហ័ស ។  

     ជាមួយគ្នានេះ ឯកឧត្តម ឈុំ សុជាតិ ក៏បានចាត់ទុកថា នេះជាសញ្ញាថ្មីមួយនៃការ ជឿនលឿន​ ក្នុងការអនុវត្តន៌នូវសាលដីការបសតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ក្រោយកិច្ចប្រជុំគណៈកម្មា​ធិការ​​​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ហៅកាត់ថា GBC​ ។

       សូមបញ្ជាក់ថា កាលពីថ្ងៃពុធទី​ ២១ ខែធ្នូ ឆ្នាំ ២០១១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋ​មន្រ្តី​ការពារជាតិ និង ឯកឧត្តម យុទ្ធ​សក្ដិ សា​ស៊ី​ប្រា​ផា រដ្ឋមន្រ្តីការពារជាតិថៃ បានជួបប្រជុំគ្នានៅក្នុង​កិច្ច​ប្រជុំ​លើកទី ៨ នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ហៅកាត់ថា GBC ដែលបានប្រារព្ធ​ធ្វើនៅ​ក្នុង​ រាជធានីភ្នំពេញនៃប្រទេសកម្ពុជាដែលក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានឯកភាពគ្នាលើ​បញ្ហា​ជា​ច្រើន​ចំណុច ពិសេសគឺបានសន្យា​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង ​ជាបន្ទាន់​តាម​សាលដីការបស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ។

      បន្ទាប់ពីសំណើរបស់កម្ពុជាតុលាការ​យុត្តិធម៌​អន្តរជាតិ​ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១ បាន​សម្រេចជាច្រើនចំណុច ក្នុងនោះរួមមានទាំងការបង្គាប់ឲ្យកម្ពុជា និង ថៃ ធ្វើការដក ជា​បន្ទាន់​នូវ​បុគ្គលិក​ យោធាដែលមានវត្តមាននៅក្នុងតំបន់គ្មានយោធាជាបណ្តោះអាសន្នទប់ស្កាត់ មិន​ឲ្យមានវត្តមានយោធាក្នុង​តំបន់នោះ និង មិនឲ្យមានសកម្មភាពប្រដាប់អាវុធណាមួយតម្រង់ទៅ កាន់តំបន់នោះឡើយ។

         លើសពីនេះទៅទៀត តុលាការ​យុត្តិធម៌​អន្តរជាតិក៏បានសម្រេចឲ្យភាគីទាំងពីរត្រូវបន្តសហ​ ប្រតិបត្តិ​ការ​ ដែលពួកគេបានព្រមព្រៀងនៅក្នុងក្របខ័ណ្ឌអាស៊ានដែលឥណ្ឌូនេស៊ីត្រូវវេនធ្វើជា​ ប្រ​ធាន​​​អាស៊ាន នៅ​ក្នុងឆ្នាំ ២០១១នោះ និង​ ជាពិសេសអនុញ្ញាតឲ្យអ្នកសង្កេតការណ៌ដែលត្រូវ​បាន​តែង​តាំងដោយអង្គការ​នេះ ឲ្យចូលទៅកាន់តំបន់គ្មានយោធាជាបណ្តោះអាសន្ន៕

No comments: