ថ្ងៃទី១៧-០១-២០១២: ព័ត៌មានអន្ដរជាតិៈ
អាមេរិក៖ កាលពីថ្ងៃអង្គារម្សិលម៉ិញ សមាជិកព្រឹត្តសភាសហរដ្ឋអាមេរិក
ចំនួន ៤ រូប ដឹកនាំដោយលោក ចន ម៉ាកខេ (John Me Cain) បានជួបជា
មួយក្រុមមន្ត្រីប្រទេសហ្វីលីពីន នៅ ទីក្រុងម៉ានីល ក្នុងពេលបំពេញដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ ក្នុងប្រទេសនេះ។
ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះ ក្រុមសមាជិកសភាអាមេរិកមានបំណងពិភាក្សាអំពីការលើកតម្កើងទំនាក់ ទំនងជាទ្វេភាគីរបស់ប្រទេស
ទាំងពីរ និងអំពីបញ្ហាតាមព្រំដែនទឹករវាងចិន និងហ្វីលីពីន។
សេចក្តីរាយការណ៍បន្តថា ក្នុងជំនួបដំបូងរបស់គណៈប្រតិភូ ជាមួយលោក អាល់បឺត ឌែលរ៉ូសារីយ៉ូ រដ្ឋលេខាធិការបរទេសរបស់ហ្វីលីពីន បានពិភាក្សាអំពីវិស័យសេដ្ឋកិច្ចការពង្រឹងផ្នែកសន្តិសុខ និងការបន្ថែមកម្លាំងការពារព្រំដែននៅតំបន់កោះស្ព្រែតលី (Spratly)។
លោកម៉ាកខេន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាមេរិកបានសម្រេចដាក់វត្តមានរបស់ខ្លួនអោយខ្លាំងថែមទៀតនៅតំបន់ អាស៊ី ដើម្បីការពារតំបន់មានភាពទន់ខ្សោយ ដូចជាប្រទេសហ្វីលីពីនជាដើម។ ហើយក៏នឹងផ្តល់ជំនួយយោធារួមទាំងការបណ្តុះបណ្តាលផ្នែកយោធា ដើម្បីអោយប្រទេសនេះការពារព្រំដែនរបស់ខ្លួននោះផងដែរ៕
No comments:
Post a Comment