សមត្ថកិច្ចខេត្តកំពតបំបែកសំបុកចែកចាយគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនមនុស្ស៤នាក់
ថ្ងៃទី២៦-០១-២០១២: ដកស្រង
kpt-news
កំពត ៖ សមត្ថកិច្ចការិយាល័យកណ្តាលនគរបាលយុត្តិធម៌ សហការជាមួយកំលាំងនគរបាលនៃអធិការដ្ឋានស្រុកកំពង់ត្រាចកាលពីយប់ ថ្ងៃទី២៥ខែមករា ឆ្នាំ២០១២វេលាម៉ោង១៩និង២០នាទី បានស្រាវជ្រាវបង្ក្រាបទីតាំងលក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយ កន្លែង ដែលស្ថិតនៅភូមិ គ្រឹះស្នា ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោយពីបើកការស៊ើបអង្កេតអស់ពេលជាច្រើនខែរួចមក។
លោកវរសេនីយ៍ត្រី ឃួន សុវណ្ណ អធិការនគរបាលស្រុកកំពង់ត្រាចបានប្រាប់កម្ពុជាថ្មីឱ្យដឹងថា យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់អគ្គស្នងការនគរបាលជាតិនិងក្រោម ការចង្អុលបង្ហាញផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ថ្លាង ភិរិន ស្នងការនគរបាលខេត្តកំពត ទើបលោកវរសេនីយ៍ទោ សៅ សំអឿន អនុប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ក្រោមកិច្ចសហការរវាងលោក ផ្ទាល់ផងដែរ បានដឹកនាំកំលាំងសមត្ថកិច្ចស្រុកកំពង់ត្រាចទៅបង្ក្រាបទីតាំងផ្ទះ មួយកន្លែងដែលកំពុងធ្វើសកម្មភាពលក់ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនដែលស្ថិតនៅទីតាំងខាងលើ ដែលមានម្ចាស់ផ្ទះជាមេក្លោងឈ្មោះ តាន់ លន់ ភេទប្រុស អាយុ៣០ឆ្នាំ។
ដោយឡែកអ្នកចែកចាយនិងប្រើប្រាស់ចំនួន៣នាក់ទៀតក៏ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនរួមគ្នាទី១ ឈ្មោះ តាន់ លី ភេទប្រុស អាយុ២០ឆ្នាំត្រូវជាប្អូនរបស់ម្ចាស់ផ្ទះឈ្មោះ តាន់ លន់ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ទី២ ឈ្មោះ ស្មាន់ វណ្ណមង្គល ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកំពង់ត្រាចទី១ ឃុំ-ស្រុកកំពង់ត្រាច ខេត្តកំពត និងទី៣ ឈ្មោះ អ៊ុច វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ
មានទីលំនៅក្នុងភូមិក្រាំង សង្កាត់ស្វាយធំ ក្រុង-ខេត្តកំពត។
លោក ឃួន សុវណ្ណ បានឱ្យដឹងទៀតថា ការឈានដល់បង្ក្រាបនិងបំបែកសំបុក លក់ ចែក ចាយគ្រឿងញៀនខាងលើ ដោយសារសមត្ថកិច្ចនៃអធិការដ្ឋានចាត់បណ្តាញសំងាត់ឱ្យចាំឃ្លាំមើល ជាប់ជាប្រចាំ ថែមទាំងបានចាត់កំលាំងសមត្ថកិច្ចក្នុងមូលដ្ឋាននេះតាមស្រាវជ្រាវ អស់រយៈពេលដ៏យូរទើបកំណត់មុខសញ្ញាបានច្បាស់លាស់រួចឈានទៅសហការ បង្ក្រាបតែម្តង។
លោកអធិការស្រុកបានបន្តថា ខណៈពេលបង្ក្រាបនេះសមត្ថកិច្ចរឹបអូសនិងដកហូតបានវត្ថុតាងមួយ ចំនួនពាក់ព័ន្ធនឹងករណីប្រើប្រាស់ សេពគ្រឿងញៀន ដូចជាប្រដាប់ជក់ ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកដែលពួកគេជក់មិនទាន់ អស់មួយចំនួនទុកជាភស្តុតាង ហើយក្នុងការបង្ក្រាបនេះដែរកំលាំងសមត្ថកិច្ចក៏បានរឹបអូសម៉ូតូ ចំនួន២គ្រឿង ដែលក្រុមចែក ចាយប្រើប្រាស់គ្រឿងញៀនធ្វើជាមធ្យោបាយផងដែរ។ទន្ទឹមនឹងការបង្ក្រាបនេះក្រោយពីប្រមូលបានវត្ថុតាងមួយចំនួនក៏ ដូចជាបទល្មើសជាក់ស្តែង សមត្ថកិច្ចនៃអធិការដ្ឋានស្រុកកំពង់ត្រាច បានបំពេញសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការបន្តនាព្រឹកថ្ងៃទី២៦ខែមករាឆ្នាំ២០១២នេះ៕
No comments:
Post a Comment