ឆ្នាំ២០១១ ផលិតកម្មស្រូវនៅកម្ពុជាអាចឈានដល់ ៧,៣ លានតោន

ភ្នំពេញ: នៅឆ្នាំ២០១០ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៥០.១៧២ តោន ដែលមានតម្លៃសរុប ៣៥ លានដុល្លារអាមេរិក ទៅកាន់ប្រទេសចំនួន ៣៤ នៅគ្រប់ទ្វីបទាំងអស់។ ផលិតកម្មស្រូវនៅកម្ពុជាអាចឈានដល់ ៧,៣ លានតោនក្នុងឆ្នាំ២០១១ ដែលជាការងើបឡើងវិញគួរឲ្យកត់សម្គាល់មួយ ក្នុងរយៈមួយទសវត្សរ៍កន្លងទៅនេះ។ នេះបើតាមការអះអាងរបស់លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី ការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១ នៅសណ្ឋាគារណាហ្គាវើល។
លោក ម៉ៅ ថូរ៉ា បានឲ្យដឹងថា ប្រទេសកម្ពុជាមានសក្ដានុពលធំខាងផ្នែកកសិកម្មស្រូវ ក្នុងការបង្កើនការនាំចេញអង្កររបស់ខ្លួននៅក្នុងពេលអនាគត។ ដើម្បីដឹកនាំទស្សនវិស័យរបស់ខ្លួន សម្រាប់នយោបាយត្រៀមអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំចេញ “អង្ករ-មាសស” មួយដ៏សំខាន់នៅក្នុងទីផ្សារអន្តរជាតិ។ តាមការបរិភោគ ប្រជាជនក្នុងស្រុកដែលត្រូវបានប៉ាន់ស្មានអស់ប្រហែល ៣,១៤ លានតោនស្រូវ និងការផ្គត់ផ្គង់សម្រាប់ធ្វើស្រូវពូជ ព្រមទាំងការខូចខាតក្នុងពេលច្រូវកាត់នោះ ទិន្នន័យស្ថិតិបង្ហាញឲ្យឃើញថា មាននៅសល់ស្រូវប្រមាណ ៣,៣២ លានតោនទៀត ដែលអាចត្រូវគេកែច្នៃទៅជាអង្ករសម្រិតសម្រាប់នាំចេញ។
លោក ម៉ៅ ថូរ៉ា បានបន្តទៀតថា បន្ទាប់ពីមានការវិនិយោគនៅពេលថ្មីៗនេះ ដែលកំពុងបន្តក្នុងការពង្រីក និងកែលម្អសមត្ថភាពកិនស្រូវអង្ករនៅកម្ពុជា ក្នុងពេលដែលការនាំចេញអង្ករភាគច្រើនរបស់កម្ពុជា ពាក់ព័ន្ធដល់ការនាំស្រូវមិនទាន់កែច្នៃនោះ និន្នាការដ៏ច្បាស់លាស់មួយ គឺបង្ហាញឲ្យឃើញថា កម្ពុជាកំពុងធ្វើការនាំចេញអង្ករកាន់តែច្រើនឡើងៗ។ នៅឆ្នាំ២០១០ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៥០.១៧២ តោន ដែលមានតម្លៃសរុប ៣៥ លានដុល្លារទៅកាន់ប្រទេសចំនួន ៣៤ នៅគ្រប់ទ្វីទាំងអស់។ ប្រការនេះឆ្លុះបញ្ចាំងឲ្យឃើញពីសក្ដានុពលរបស់កម្ពុជា ក្នុងការបង្កើនការនាំចេញអង្ករជាផ្លូវការ ជំនួសឲ្យការនាំចេញស្រូវមិនផ្លូវការ ដែលធ្វើឲ្យមានការខាតបង់តម្លៃបន្ថែមយ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចជាតិ។
លោកបន្ថែមថា នៅពេលបច្ចុប្បន្ននេះ កម្ពុជាបានពង្រីកទីផ្សារអង្កររបស់ខ្លួននៅក្នុងទីផ្សារសកលលោក។ គេធ្វើការប៉ាន់ស្មានថា ការធ្វើពាណិជ្ជកម្មនៅលើសកលលោក បានឈានដល់ ៣១ លានតោននៅក្នុងឆ្នាំ២០១០ ក្នុងនោះ ប្រទេសថៃ និងវៀតណាម នឹងនៅតែជាអ្នកផ្គត់ផ្គង់ការនាំចេញអង្ករធំជាងគេបំផុតដដែល។ គេរំពឹងទុកថា កម្ពុជា និងមីយ៉ាន់ម៉ា នឹងក្លាយទៅជាប្រទេសនាំចេញអង្ករឈានមុខគេថ្មី នៅក្នុងពេលអនគតដ៏ខ្លី។
សូមជម្រាបថា ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវតែប្រែកម្ពុជាឲ្យទៅជា “ជង្រុកស្រូវ” និងឲ្យក្លាយទៅជាប្រទេសនាំចេញអង្ករមួយដ៏សំខាន់នៅលើទីផ្សារសកលលោក។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លា ដើម្បីធានាលើការអនុវត្តបន្តទៀត នូវយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី២ បន្តពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យ ក្នុងការដឹកនាំវិស័យសេដ្ឋកិច្ចកម្ពុជា ឲ្យចេញផុតពីសម័យកាលដ៏លំបាកបំផុត នៃវិបត្តិហិរញ្ញវត្ថុ និងធ្លាក់ការជំរុញការអភិវឌ្ឍផ្នែកកសិកម្មដោយជំហាន និងទ្រង់ទ្រាយថ្មីមួយ ក្នុងគោលបំណងពង្រឹងបន្ថែមគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច ជំរុញការកាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕
No comments:
Post a Comment