ភ្នំពេញៈ កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់
កម្ពុជា បានជំរុញឲ្យការនាំចូលប្រេងឥន្ធនៈកើនឡើង៦៧ភាគរយ គិតត្រឹមខែ
តុលាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា
កាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម។
ទិន្នន័យបង្ហាញថា ការនាំចូលប្រេងឥន្ធនៈសរុបបានកើនឡើងដល់១,២លាន
តោនដែលមានតម្លៃរហូតដល់១,១៤ពាន់លានដុល្លារក្នុងរយៈពេល១០ខែ
ដំបូង ឆ្នាំនេះ ពោលគឺច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលកាលនោះ
ការនាំ ចូលប្រេងឥន្ធនៈ មានចំនួនសរុប ៧២៤ ០០០តោន និងមានតម្លៃតែ
៤៨៥,៩លានដុល្លារប៉ុណ្ណោះ។
មន្ត្រីបានឲ្យដឹងថា កំណើន នេះបានមកពីការកើនឡើងវិញ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក នាប៉ុន្មានឆ្នាំមុន។
លោក គង់ ពុទ្ធារ៉ា ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ «ការណ៍នេះ ឆ្លុះបញ្ចាំងអំពីភាពធន់ទ្រាំនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសការរីកចម្រើនក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម និងកសិកម្ម»។ លោកបានបន្ថែមថា៖ «កត្តានេះក៏បានសង្កត់ធ្ងន់ផងដែរថា ប្រជាជនរបស់យើងអាចរកប្រាក់ចំណូលបានកាន់តែច្រើន ដូច្នេះពួកគេ អាចត្រូវការប្រេងកាន់តែច្រើនសម្រាប់ធ្វើសកម្មភាពសេដ្ឋកិច្ច របស់ខ្លួន ឬការធ្វើដំណើរ»។
លោក ប៊ិន ម៉ានីមាលា អ្នកគ្រប់គ្រងក្រុមហ៊ុន PPT របស់ថៃ នៅកម្ពុជា ដែលជាក្រុមហ៊ុនលក់ប្រេងឥន្ធនៈមកឲ្យទីផ្សារលក់រាយនៅកម្ពុជា បានទទួលស្គាល់ពីតម្រូវការប្រេងកើនឡើងផងដែរហើយលោកបានអះអាង ថា ក្រុមហ៊ុនលោក បានបង្កើនការចែកចាយប្រេងទាំងនៅភ្នំពេញ ទាំងនៅបណ្តាខេត្ត ដើម្បីឆ្លើយតបនឹងតម្រូវការនេះ។
លោកបន្តថា៖ «បរិមាណនៃការនាំប្រេងចូល កំពុងកើនឡើងស្របតាមផលិតផលក្នុងស្រុកសរុប (GDP)។ នៅពេល GDP របស់យើងកើនឡើង តម្រូវការនាំចូលប្រេងក៏កើនឡើងផងដែរ ដើម្បីផ្គត់ផ្គង់កំណើនប្រើប្រាស់ក្នុងស្រុក សម្រាប់ផលិតកម្ម ឧស្សាហកម្ម និងបម្រើបម្រាស់ផ្សេងៗទៀត»។
GDP របស់កម្ពុជានឹងកើនឡើង ៦,៤ភាគរយ សម្រាប់ឆ្នាំនេះ ដោយវិស័យកសិកម្មនឹងកើនឡើង ៤,១ភាគរយ ឧស្សាហកម្ម៩,៣ភាគរយ ហើយសេវាកម្ម៥,៧ភាគរយ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យស្តីពីការប្រើប្រាស់ប្រចាំថ្ងៃរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា តម្លៃប្រេងសាំងនៅស្ថានីយ៥ នៅភ្នំពេញ កើនឡើងប្រហែល ១២ភាគរយ ចាប់ពីដើមឆ្នាំ មកទល់បច្ចុប្បន្ន ដោយ ១លីត្រ ថ្លៃ ៥ ៣០០រៀល សម្រាប់ប្រេងស៊ុបពែរ៕
No comments:
Post a Comment