Thursday, November 24, 2011

អាជ្ញាធរមីននិង UNDP រៀបចំតាំងពិព័រណ៍គ្រាប់មីនជាលើកដំបូង នៅកម្ពុជា

ផ្សាយថ្ងៃទី២៤-១១-២០១១: ដកស្រង dap-news.


ភ្នំពេញៈអាជ្ញាធរមីននៅកម្ពុជាសហការជាមួយអង្គការ UNDP រៀបចំការតាំង
ពិព័រណ៍ស្តីអំពី «គ្រាប់មីននៅកម្ពុជា៖ម្ភៃឆ្នាំនៃសកម្មភាពមីន» ចាប់ពីថ្ងៃទី២៣
ខែវិច្ឆិកាដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១១ក្នុងគោលបំណងរំលឹកឡើងវិញរយៈពេល២០
ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនកម្ពុជាដែលមជ្ឈមណ្ឌលព័ត៌
មានដើមអម្ពិលទទួលបាននៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១១បានឲ្យដឹងថាដើម្បីជាការ
រំលឹកឡើងវិញនូវប្រវត្តិនៃសកម្មភាពមីននៅកម្ពុជាតាមរយៈរូបថតនិងសកម្មភាព
វិវឌ្ឍន៍ចេញពីស្ថានភាពបន្ទាន់នៃសកម្មភាពមនុស្សធម៌ឆ្លើយតបទៅនឹងអាទិភាព
នៃការអភិវឌ្ឍនោះអាជ្ញាធរមីនបានសហការជាមួយអង្គការ UNDP ក្នុងការតាំងពិព័រណ៍ជាលើកដំបូងនៅឯស្ថានីយរាជាយស្ម័យយានភ្នំពេញ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថាការតាំងពិព័រណ៍នេះគឺជាព្រឹត្តិ
ការណ៍មួយនៃកិច្ចប្រជុំលើកទី១១នៃរដ្ឋភាគីអនុសញ្ញាស្តីពីការហាមប្រាមគ្រាប់មីន
ប្រឆាំងមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៧ខែ
វិច្ឆិកាដល់ថ្ងៃទី២ខែធ្នូឆ្នាំ២០១១នៅរាជធានីភ្នំពេញ។កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំអន្តរ
ជាតិធំជាងគេក្នុងចំណោមកិច្ចប្រជុំអន្តរជាតិដែលប្រារព្ធធ្វើឡើងនៅកម្ពុជាដោយ
នឹងមានអ្នកចូលរួមប្រមាណជាង១.០០០នាក់មកពីបណ្តារដ្ឋាភិបាលអង្គការអន្តរ
ជាតិនានានិងសង្គមស៊ីវិល។
គួររំលឹកផងដែលថាគ្រាប់មីននៅកម្ពុជាគឺជាលទ្ធផលនៃជម្លោះប្រដាប់អាវុធអស់
រយៈពេល៣០ឆ្នាំ។ហើយផ្ទៃដីចំនួនជាង៦៥០លានម៉ែត្រក្រឡាគ្របដណ្តប់ទៅ
ដោយគ្រាប់មីនប៉ុន្តែដោយមានការជួយគាំទ្រខាងផ្នែកហិរញ្ញវត្ថុពីបណ្តាដៃគូ
អភិវឌ្ឍបានជួយឲ្យកម្ពុជាបោសសំអាតនិងបំផ្លាញគ្រាប់មីនចំនួន៩០២.៩១៣
គ្រាប់ចាប់តាំងពីឆ្នាំ១៩៩២រហូតដល់ខែមករាឆ្នាំ២០១១ហើយជនរងគ្រោះដែល
ស្លាប់ដោយសារគ្រាប់មីនចំនួនមួយភាគបីគឺជាកុមារ៕

No comments: