សម្តេចហ៊ុនសែន: កម្មករនឹងទទួលបាន៥ដុល្លារបន្ថែមទៀតលើប្រាក់ ថែទាំសុខភាព
ផ្សាយថ្ងៃទី២៤-១១-២០១១: ដកស្រង dap-news.
ភ្នំពេញ:ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនបានប្រកាសថាកម្មករ-កម្មាការនីនឹងទទួលបានប្រាក់ឧបត្ថម្ភ៥ដុល្លារបន្ថែមទៀតពីថៅកែរោងចក្រនៅខែ
មករាឆ្នាំ២០១២ខាងមុខនេះដើម្បីផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។
សម្តេចតេជោហ៊ុនសែនបានថ្លែងនៅក្នុងវេទិកាមួយរវាងរាជរដ្ឋាភិបាលនិងផ្នែក
ឯកជននៅវិមានសន្តិភាពនៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១១ថាបន្ទាប់ពីមានការជួប
ប្រជុំរវាងមន្រ្តីពាក់ព័ន្ធនានានាពេលកន្លងមកដើម្បីរកដំណោះស្រាយក្នុងការរិះ
រកប្រាក់ឧបត្ថម្ភឲ្យក្រុមកម្មករនោះថៅរោងចក្របានយល់ព្រមឧបត្ថម្ភប្រាក់ថែទាំ
សុខភាពដល់កម្មករក្នុងមួយខែចំនួន៥ដុល្លារសម្រាប់កម្មកររោងចក្រកាត់ដេរសម្លៀក
បំពាក់និងសហគ្រាសផលិតស្បែកជើង។
សម្តេចបន្តថាជាការដោះដូរមកវិញថៅកែរោងចក្របានស្នើសូមឲ្យរាជរដ្ឋាភិបាល
ពន្យារពេលការយកពន្ធលើប្រាក់ចំណេញប្រចាំខែ១ភាគរយដែលមានការអនុវត្តន៍
រហូតដល់ចុងឆ្នាំ២០១៣ហើយឲ្យរាជរដ្ឋាភិបាលបន្តពីឆ្នាំ២០១៣ដល់២០១៥។
សម្តេចបញ្ជាក់ថា “ជាទូទៅចំណុចនេះគឺខ្ញុំបានយល់ព្រមរួចហើយដើម្បីដោះស្រាយដែលវាជាផល
ប្រយោជន៍របស់កម្មករដែលនឹងត្រូវបានទទួលប្រាក់បន្ថែម៥ដុល្លារសម្រាប់ថែទាំ
សុខភាពចាប់ពីខែមករាឆ្នាំ២០១២នេះតទៅ” ។
សម្តេចបន្តថាតាមការគណនារបស់លោកឧបនាយករដ្ឋមន្រ្តីគាតឈន់រដ្ឋមន្រ្តី
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យឃើញថាប្រាក់លើកលែងពន្ធក្នុងមួយខែមាន
ចំនួន៦ពាន់លានដុល្លារហើយក្នុងមួយឆ្នាំប្រហែលជា៦០ពាន់លានរៀលហើយការ
បង់ពន្ធក្នុងមួយៗខែម្តងនឹងប្តូរទៅចុងឆ្នាំវិញ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោកជាមុន្នីមានប្រសាសន៍
ថាការឧបត្ថម្ភប្រាក់៥ដុល្លារនេះត្រឹមត្រូវហើយប៉ុន្តែការតំឡើងនូវចំនួនទឹកប្រាក់នេះ
មិនមានតុល្យភាពជាមួយទំនិញនៅលើទីផ្សារទេ “យើងចង់ឲ្យមានការដំឡើងដល់កម្រិតមួយដែលខ្ញុំគិតថាខាងនិយោជកអាចទទួល
យកបានជាទូទៅយើងបានស្រាវជ្រាវយ៉ាងម៉ត់ចត់មួយឃើញថានិយោជកព្រម
ព្រៀងផ្តល់ប្រាក់បៀវត្សរ៍ឲ្យកម្មកររហូតដល់១០០ដុល្លារបាន»។
លោកបន្តថាបច្ចុប្បន្ននេះមានរោងចក្រសហគ្រាសខ្លះបានដំឡើងប្រាក់ខែគោល
ឲ្យកម្មកររហូតដល់ជាង៧០ដុល្លារឯណោះហើយការដំឡើងនេះមានចំនួនតិចតួច
នៅឡើយ។
កម្មាការិនីម្នាក់ឈ្មោះសេងសុខហ៊ាងបម្រើការងារនៅក្នុងរោងចក្រស៊ុបភើធិចបាន
ឲ្យដឹងថាខ្លួនមានការសប្បាយចិត្តនៅពេលដែលភាគីថៅកែរោងចក្រដំឡើងប្រាក់
ឲ្យ៥ដុល្លារប៉ុន្តែទោះបីជាមានការដំឡើងយ៉ាងនោះមិនគ្រប់គ្រាន់សម្រាប់ជីវភាព
រស់នៅប្រចាំរបស់ពួកគាត់នោះទេ។
កញ្ញាបញ្ជាក់ថា”ការដំឡើងឲ្យប្រាក់នេះមានចំនួនតិចតួចបំផុតសម្រាប់កម្មករព្រោះ
ឥវ៉ាន់នេះមានការឡើងថ្លៃគ្រប់មុខទាំងអស់ហើយប្រសិនបើគាត់បញ្ចុះតម្លៃទំនិញ
វិញវាសមស្របសម្រាប់កម្មករហើយ” ។
សូមបញ្ជាក់ថាកាលពីពាក់កណ្តាលឆ្នាំ២០១១នេះក្រុមកម្មកររោងចក្រកាត់ដេរនៅ
ក្នុងប្រទេសកម្ពុជាជាង១.០០០នាក់បានប្រមួលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ
ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍និងបញ្ចុះតម្លៃទំនិញផ្សេងៗ៕
No comments:
Post a Comment