Tuesday, November 15, 2011

រថយន្ត​​ដឹក​អ្នក​ដំណើរ​បើក​កៀរ​ក្មេង​ស្រី​អាយុ​​7ឆ្នាំ​បាក់​ជើង​ទាំង​2

ផ្សាយថ្ងៃទី១៥-១១-២០១១: ដកស្រង kohsantepheapdaily


ខេត្ត​កំពត ៖​ រថយន្ត​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ស្លាក​លេខ ភ្នំពេញ​ 3A-2964 បាន​បើក​បុក​ក្មេង​​ស្រី​ម្នាក់​​​ឈ្មោះ​កែវ ​​លី​ស្សា​ ​អាយុ​៧​ឆ្នាំ នៅ​ភូមិ​កណ្តាលទួល ឃុំ​កំពង់​ត្រាច​ខាង​លិច​ ស្រុក​កំពង់​ត្រាច ​​បណ្តាល​ឱ្យ​បាក់​ជើង​ទាំង​២​​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះបាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច​ ថ្ងៃ​ទី​១១ វិច្ឆិកា កន្លង​មក​​នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​៣៣​ ត្រង់​ចំណុច​ភូមិ​កណ្តាលទួល គឺ​មុខ​ផ្ទះ​ក្មេង​ស្រី​​រង​គ្រោះ​​តែ​ម្តង​ ខណៈ​ពេល​ដែល​ក្មេង​ស្រី​នេះ​​ និង​ម្តាយ​ដើរ​មក​ពី​ទិស​​​ខាង​លិច​ប្រុង​ឆ្លង​ថ្នល់​ទៅ​ផ្ទះ​​នៅ​ខាង​ជើង​​ថ្នល់​ ស្រាប់​តែ​​មាន​រថយន្ត​​បើក​មក​ពី​កើត​ទៅ​លិច​ហើយ​ទំនង​​ជា​រថយន្ត​ក្រុម​ហ៊ុន​នោះ​បើក​​វ៉ា​ម៉ូតូ​​ពី​មុខ​ទើប​បណ្តាល​​ទៅ​​កៀរ​ក្មេង​ស្រី​​បណ្តាល​ឱ្យ​ដួល​ប្រ​កាច់​ប្រ​កិន​រង​គ្រោះ​បាក់​ជើង​​​ទាំង​២​។ ពេល​ដែល​​កើត​ហេតុ​ភ្លាមៗ នោះ​អ្នក​បើក​បរ​បាន​ឈប់​រថយន្ត ហើយ​បើក​ទ្វារ​​គេ​ច​ខ្លួន​​បាត់​ ទុក​ឱ្យ​អ្នក​ដំណើរ​ជាង​២​០​នាក់ ​​រង់​ចាំ​រថយន្ត​​ក្រុម​​ហ៊ុន​មួយ​​ទៀត​ចេញ​ពី​ខេត្ត​កំពត​មក​ទទួល​យក​មនុស្ស​ទៅ​កាន់​​គោល​ដៅ​។

មន្ត្រី​ប៉ូ​លិស​ចរាចរ​​ស្រុក​កំពង់​ត្រាច​និយាយ​​ថា ជន​​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​តា​កែវ​​ហើយ​តាម​ដំណឹង​ថា ក្មេង​រង​គ្រោះ​បាក់​​ជើង​ទាំង​២។ ​ចំណែក​អ្នក​បើក​បរ​មិន​បាន​ស្គាល់​​ឈ្មោះ​ទេ តែ​បាន​ឃាត់​រថយន្ត​ហើយ​​រង់​ចាំ​​​ជន​រង​គ្រោះ​ និង​ម្ចាស់​ក្រុម​ហ៊ុន​​​​ធ្វើ​ការ​ដោះ​ស្រាយ៕

No comments: