អគ្គនាយកដ្ឋានកាំកុងត្រូលប្តេជ្ញាចិត្តថានឹងចូលរួមអោយសកម្មថែមទៀតនៅក្នុងការងារនាំអង្ករចេញលក់នៅក្រៅប្រទេស
ផ្សាយថ្ងៃទី១៦-១១-២០១១: ដកស្រង bayontv
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូលបានណែនាំដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនអោយបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀតលើមុខទំនិញនាំចេញ ពិសេសការងារនាំអង្ករចេញទៅលក់នៅក្រៅប្រទេស។
ឯកឧត្តម បានបន្តទៀតថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការនាំអង្ករចេញទៅលក់នៅក្រៅប្រទេសអោយទទួលបានលទ្ធផលល្អតាមផែនការ មន្រ្តីកាំកុងត្រូលទាំងអស់ត្រូវតែចូលរួមអោយបានសកម្មពិសេសបញ្ហាគុណភាពអង្ករ ដើម្បីធានាថា រាល់អង្ករដែលនាំចេញពីកម្ពុជាសុទ្ធតែមានគុណភាពខ្ពស់តាមស្តង់ដារ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ដើម្បីអោយអង្ករនាំចេញពីកម្ពុជាទទួលបានការគាំទ្របន្ថែមទៀតនោះ មន្រ្តីកាំកុងត្រូលមានតួនាទីសំខាន់ណាស់លើការត្រួតពិនិត្យគុណភាព ក្នុងនោះមន្រ្តីកាំកុងត្រូលម្នាក់ៗត្រូវជៀសវាងអោយបាននូវការទារលុយ ទារកាក់អោយបានជាដាច់ខាត។ ផ្ទុយមកវិញ ត្រូវជួយសម្រួលរាល់បែបបទនានាអោយបានលឿន ដើម្បីអោយការនាំអង្ករចេញបានទាន់ពេលវេលា។
នៅក្នុងកិច្ចប្រជុំនេះដែរ ក៏បានរួមគ្នាពិនិត្យ និងវាយតម្លៃទៅលើសកម្មភាពរបស់អគ្គនាយកដ្ឋានកាំកុងត្រូលដែលបានអនុវត្តនៅក្នុងខែតុលាកន្លងមកផងដែរ ពិសេសការត្រួតពិនិត្យអំពីសកម្មភាពម្ហូបអាហារដែលមានហានិភ័យខ្ពស់ ដែលប៉ះពាល់សុវត្ថិភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋដូចជា សាច់មាន់ ឆ្អឹងមាន់ ស៊ុតសត្វ ប្រហិត សសៃមី គុយទាវ និងផលិតផលនាំចូលមួយចំនួនទៀត ដែលវិចខ្ចប់ពីផ្លាសស្ទិក និងច្រកជាកំប៉ុង។
ជាមួយគ្នានេះដែរ អង្គប្រជុំបានដាក់ចេញនូវទិសដៅមួយចំនួនសម្រាប់អនុវត្តដោយបន្តអនុវត្តកម្មវិធីត្រួតពិនិត្យរាល់មុខទំនិញនាំចូលដូចជា ម្ហូបអាហារ និងផលិតផលមិនមែនម្ហូបអាហារដែលមានបញ្ញត្តិគ្រប់គ្រងលើមូលដ្ឋាននៃការគ្រប់គ្រងហានិភ័យ៕
No comments:
Post a Comment