កម្ពុជាទទួលតំណែងប្រធានអាស៊ាន ១៩ វិច្ឆិកា
ផ្សាយថ្ងៃទី០៨-១១-២០១១: ដកស្រង news.sabay
ឯកឧត្ដម គឹម គុណវឌ្ឍន៍ បានថ្លែងប្រាប់ Sabay កាលពីថ្ងៃម្សិលមិញនេះថា ចាប់ពីក្រោយថ្ងៃទី១៩ ខែវិច្ឆិកានេះ តទៅ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានតំណែងជាប្រធានអាស៊ាន ហើយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ទៅ ព្រះរាជាណាចក្រកម្ពុជា នឹងចូលជាធរមានជាប្រធានពេញសមត្ថកិច្ច។
ឯកឧត្ដម គឹម គុណវឌ្ឍន៍បានបន្ថែមទៀតថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ នឹងមានកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ នៅក្នុងកិច្ចប្រជុំនេះ តាមការឲ្យដឹងពីឯកឧត្ដម នៅពេលនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណៈប្រតិភូតំណាងកម្ពុជា នឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ ហើយនៅពេលនោះ ក៏នឹងមានពិធីប្រគល់តំណែងប្រធានអាស៊ាន ពីសាធារណរដ្ឋឥណ្ឌូណេស៊ី ដល់ព្រះរាជាណាចក្រកម្ពុជានៅពេលនោះតែម្ដង។
ឯកឧត្ដម បានបញ្ជាក់បន្ថែមទៀតថា បើទោះបីជា កម្ពុជាទទួលបានតំណែងជាប្រធានអាស៊ាននៅពេលនោះក៏ដោយ ក៏កម្ពុជា មិនទាន់បានក្លាយជាប្រធានពេញសិទ្ធិនោះទេ ពីព្រោះខាងអាស៊ាន បានកំណត់រយៈពេលយ៉ាងតិច៣០ថ្ងៃក្រោយ ពីការផ្ទេរតំណែង គឺរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ឯណោះ ទើបចូលជាធរមាននិងមានសមត្ថកិច្ចពេញទី។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់អំពីមូលហេតុនៃ ការផ្ទេរតួនាទីប្រធានអាស៊ានឲ្យកម្ពុជា មុនពេលចូលជាធរមាន ក្នុងរយៈពេលមួយខែ យ៉ាងតិចបែបនេះថា នេះជាទម្លាប់ និងដើម្បីកុំឲ្យខាតពេលច្រើនដង។ លោកបញ្ជាក់ថា “មេដឹកនាំបានជួបប្រជុំក្នុងកិច្ចប្រជុំកំពូលនោះស្រាប់ មិនចាំបាច់ធ្វើច្រើនដងនោះទេ…កាលពីពេលកន្លងទៅ ប្រទេសឥណ្ឌូណេស៊ី បានទទួលតំណែងជាប្រធានអាស៊ាន នៅមុនពេលចូលកាន់តំណែងជាប្រធានពេញសមត្ថកិច្ចនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានចុងក្រោយដែលធ្វើឡើងនៅប្រទេសវៀតណាមដែរ…”។
ឯកឧត្តម គឹម គុណវឌ្ឍន៍ បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០១២ខាងមុខ ក្នុងពេលដែលកម្ពុជាបានធ្វើជាប្រធានអាស៊ាននឹងមានកិច្ចប្រជុំធំៗចំនួនបួនគឺ ទី១ កិច្ចប្រជុំការបរទេសអាស៊ានមិនចំហ ធ្វើឡើងនៅ ខែមករា ឆ្នាំ២០១២ នៅខេត្តសៀមរាប, ទី២ កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ធ្វើឡើងចាប់ពីខែមីនា ដល់ខែមេសា ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ, ទី៣ កិច្ចប្រជុំការបរទេសលើកទី៤៥ សន្និសីទក្រោយកិច្ចប្រជុំការបរទេស និងវេទិកាតំបន់អាស៊ានលើកទី១៩ ធ្វើឡើងនៅខែកក្កដា នៅរាជធានីភ្នំពេញ និងចុងក្រោយ កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១២៕
No comments:
Post a Comment