រថយន្តខ្នាតធំប៉ះគ្នា៣គ្រឿងបន្តបន្ទាប់លើផ្លូវជាតិលេខ៤ ក្រឡាប់ និងធ្លាក់ផ្លូវ
ផ្សាយថ្ងៃទី០៨-១១-២០១១: ដកស្រង kohsantepheapdaily
ខេត្តព្រះសីហនុ ៖ រថយន្តខ្នាតធំ៣គ្រឿង មានរថយន្តទួរីសជាង៤០កៅអី រថយន្តស៊ីទែនសាំងសូគីម៉ិច និងរថយន្តហ៊ីយ៉ាន់ដាយ បានប៉ះគ្នាជាបន្តបន្ទាប់ បណ្តាលឱ្យមនុស្ស១នាក់
រងរបួសធ្ងន់ និង៤នាក់ទៀតរងរបួសស្រាល ក្នុងចំណោមមនុស្សប្រមាណ៤០នាក់នៅលើរថយន្តទាំងនោះ បង្កឱ្យមានការភ្ញាក់ផ្អើលដោយរថយន្តទួរីសខ្នាតធំក្រឡាប់ចំហៀងលើចិញ្ចើមផ្លូវជាតិលេខ៤ ឯរថយន្តហ៊ីយ៉ាន់ដាយធ្លាក់ផ្លូវ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៨ វិច្ឆិកា ២០១១ ស្ថិតក្នុងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់
សិលា ។
តាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង ពាក់ស្លាកលេខ ខេត្តព្រះសីហនុ 3A-0203 ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ បើកវ៉ារថយន្តស៊ីទែនសាំងសូគីម៉ិច ១គ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ស្រាប់តែវាក់នឹងរថយន្តទួរីសខ្នាតធំ (ជាង៤០កៅអី) មកពីមុខ (បញ្ច្រាសទិសគ្នា) ធ្វើឱ្យអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ស្លន់ស្លោ ក៏បញ្ជាទៅឆ្វេងធ្លាក់ផ្លូវ រីឯរថយន្តទួរីសមកពីមុខព្យាយាមគេច ប៉ុន្តែមកប៉ះជាមួយរថយន្តស៊ីទែនសាំងសូគីម៉ិច បណ្តាលឱ្យក្រឡាប់ខ្លួនឯង គឺក្រឡាប់ចំហៀង ឯរថយន្តសាំងសូគីម៉ិចមិនក្រឡាប់ទេ។
ទោះជាយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍នោះមិនធ្ងន់ធ្ងរនោះទេ ហើយក៏មិនមាននរណាម្នាក់ស្លាប់ដែរ គ្រាន់តែមើលទៅហាក់ដូចជារន្ធត់តែប៉ុណ្ណោះ ។ រថយន្តទួរីសខ្នាតធំរបស់ក្រុមហ៊ុនមេគង្គ អ៊ិចប្រេស ពាក់ស្លាកលេខ ភ្នំពេញ 3A-1384 ពណ៌ស លាយទឹកក្រូច ផ្ទុកមនុស្ស៣៩នាក់ រងរបួសធ្ងន់១នាក់ ស្រាល៤នាក់ អ្នកបើកបរឈ្មោះសៅ គឹមសន អាយុ៣៤ឆ្នាំ មិនរងរបួសអ្វីទេ រថយន្តស៊ីទែនសាំងសូគីម៉ិច ខ្នាតធំ ពាក់ស្លាកលេខ ភ្នំពេញ 3A-7278 អ្នកបើកបរឈ្មោះសែត សាវី អាយុ៤១ឆ្នាំ មិនមានរងរបួសអ្វីទេ រថយន្តហ៊ីយ៉ាន់ដាយ ខ្នាតធំ ពាក់ស្លាកលេខ ខេត្តព្រះសីហនុ 3A-0203 អ្នកបើកបរឈ្មោះអុឹង ស៊ីថា មិនមានរងរបួសទេ។ ពេលនេះសមត្ថកិច្ចកំពុងត្រួតពិនត្យ និងវាស់វែង៕
No comments:
Post a Comment