ទៅចូលរួមបុណ្យសពរថយន្តបុកគម្រប់100ថ្ងៃ ត្រឡប់វិញរថយន្តបុកស្លាប់ដែរ
ផ្សាយថ្ងៃទី០៨-១១-២០១១: ដកស្រង kohsantepheapdaily
ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះញ៉ែម អូយ អាយុ៤២ឆ្នាំ នៅភូមិប្រផុង ឃុំសំរោងលើ ស្រុក បន្ទាយមាស ត្រូវរថយន្តកូរ៉េ ទម្ងន់១តោនកន្លះ បុកស្លាប់កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៤ វិច្ឆិកា នៅលើកំណាត់ផ្លូវជាតិលេខ៣១ ចំណុចចំការដើមម៉ៃសាក់ច្រកសៀម ស្ថិតនៅក្នុងភូមិចំបក់ ឃុំសំរោងលើ ខណៈពេលដែលបុរសរងគ្រោះបានជិះម៉ូតូសង់កូរ៉េឌុបគ្នា២នាក់ត្រឡប់មកពីចូលរួមបុណ្យសពអ្នកភូមិស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គម្រប់១០០ថ្ងៃ ។
ជនរងគ្រោះត្រូវបានគេដឹងថា ជាអ្នកបើកម៉ូតូឌុបមនុស្ស២នាក់ទៀតក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលដៅត្រឡប់មកផ្ទះវិញ ។ ពេលបើកម៉ូតូមកដល់ចំណុចមុខចំការដើមម៉ៃសាក់ស្រាប់តែរថយន្តកូរ៉េទម្ងន់មួយតោនកន្លះបើកបញ្ច្រាសទិសគ្នា បុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង ឯ២នាក់ទៀតរងរបួសធ្ងន់។ តាមការឱ្យដឹងពីក្រុមគ្រួសាររងគ្រោះបាននិយាយថា ពេលដែលរថយន្តបុកម៉ូតូហើយនោះ រថយន្តក៏បានជ្រុលទៅបុកដើមឈើបែកកញ្ចក់ហើយអ្នកបើកបរខំបួងចង្កូតបើកឡើងមកថ្នល់ជាតិវិញ ។ មួួយម៉ោងក្រោយមកទើបមានប៉ូលិសចរាចរណ៍ស្រុកមកដល់កន្លែងកើតហេតុ។
មន្ត្រីប៉ូលិសចរាចរស្រុកបន្ទាយមាសនិយាយថា ប៉ូលិសយឺតយ៉ាវក្នុងការទទួលព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍ស្លាប់បុរសម្នាក់ដោយសារតែនៅចំការម៉ៃសាក់ច្រកសៀមមិនមានផ្ទះប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ ។ ម្យ៉ាងទៀតអ្នករួមដំណើរជាមួយជនរងគ្រោះមិនផ្តល់ដំណឹងមកសមត្ថកិច្ចសោះ ។ ដំណឹងដែលសមត្ថកិច្ចទទួលបានថា រថយន្តបង្កបើកគេចខ្លួន ទើបប៉ូលិសស្នងការដ្ឋានខេត្តដូចជានគរបាលស្រុកបន្ទាយមាសបានទូរស័ព្ទឱ្យនគរបាលស្រុកអង្គរជ័យនិងនគរបាលស្រុកត្រាំកក់ ខេត្តតាកែវសហការជួយស្ទាក់រថយន្តដែលមានភិនភាគប្រេះកញ្ចក់ផ្នែកខាងមុខ ។ ប៉ុន្តែការផ្តល់ដំណឹងឱ្យសមត្ថកិច្ចជួយតាមស្ទាក់ គឹមិនបានជោគជ័យទេ។
តាមការអះអាងរបស់នគរបាលចរាចរនិយាយថា រថយន្តបុកស្លាប់ជនរងគ្រោះបានចេញពីកន្លែងគ្រោះថ្នាក់បើកវាងមកក្រោយវិញ ហើយម្ចាស់វាយកមកលាក់ទុកនៅផ្ទះអ្នកលក់គ្រឿងទេសមួយនៅផ្សារត្រាំសសរ ឃុំសំរោងលើ ចម្ងាយប្រហែល២០០ម៉ែត្រ ពីផ្ទះសពដែលខ្លួនបានបើករថយន្តបុក ។ មន្ត្រីនគរបាលបាននិយាយថា ដោយសារតែនគរបាលស្រាវជ្រាវទើបរករថយន្តឃើញ ព្រោះម្ចាស់ផ្ទះបានរាយការណ៍ ។ ទោះជាបែបណា រថយន្តនេះត្រូវបានគេយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកាលពីព្រឹកថ្ងៃទី៥ វិច្ឆិកា ដើម្បីសួរនាំបន្ត និងស្វែងរកចាប់ខ្លួនអ្នកបើកបរ ៕
No comments:
Post a Comment