Monday, November 7, 2011

រន្ទះបាញ់មនុស្ស៤នាក់សន្លប់ពេលភ្លៀងរលឹម

ផ្សាយថ្ងៃទី០៧-១១-២០១១: ដកស្រង kohsantepheapdaily


ខេត្តកំពត​​​​​ ៖ ​ក្រោយ​ពី ​មានភ្លៀង​ធ្លាក់​​មួ​យ​មេ​យ៉ាង​ធំ​​រួចមក ​​មាន​មនុស្ស​​​​៤​នាក់ ​​​ខណៈ​កំពុង​អង្គុយ​​​ជជែកគ្នា​​​លេង​នៅ​ក្នុងតូប​លក់​នំ​មួយ ​​​ត្រូវ​រន្ទះបាញ់​រហូត​សន្លប់​​​នៅនឹង​កន្លែង​​​​។ ហេតុ​ការណ៍​នេះបានកើតឡើង​​នៅ​វេលា​ម៉ោង​​​​​​៣​និង​​​១៥នាទី​​រសៀល​ថ្ងៃទី​​​៦ ​វិច្ឆិកា ​នៅ​ត្រង់​​​​ចំណុច​​តូប​លក់​នំ​ក្នុងផ្សារ​​​អូរ​ដង​សន្ទូច ​ស្ថិត​ក្នុង​​​ភូមិ​ត្រពាំង​​ស្តៅ ​​​​ឃុំត្រពាំង​ភ្លាំង ​ស្រុកឈូក ​​។

យោងតាម​ប្រភពព័ត៌មាន​ពីសមត្ថកិច្ច​​​​​​កង​រាជអាវុធហត្ថ​​​​ខេត្ត ​ដែល​ប្រចាំការ​នៅ​​ទី​នោះ​បាន​​​ឱ្យ​​​ដឹង​ថា ​ក្រោយ​ពី​ភ្លៀង​ធ្លាក់​​​​មួយ​មេយ៉ាង​ធំ​​ហើយ​មាន​​រលឹ​មតិចៗ​​មិនទាន់​ដាច់គ្រាប់នោះ ​គេឃើញ​​​មនុស្ស​​​​៤នាក់​​​ចាស់​​​ក្មេង ប្រុស២​នាក់ ស្រី​​២នាក់​​​​ កំពុងអង្គុយ​​​​​ហូបនំនៅក្នុង​តូបលក់​​​​​មួយ ក៏ស្រាប់​​​​តែ​ឮស្នូរ​រន្ទះ​​លាន់​កក្រើក​​​​ដី និង​មាន​ផ្សែង​ហ៊ុយ​​ទ្រលោម​​​​ផង ហើយ​​​មនុស្ស​​ទាំង​​​៤នាក់​​នៅក្នុង​​​តូបសន្លប់​​​រណូក​រណែល​។​ ​គ្រាន់តែ​​ឃើញ​ហេតុការណ៍​​​នេះភ្លាម ​ក្រុម​គ្រួសារ​​ជន​រង​គ្រោះ​​​​ក៏​បាន​ទៅ​ហៅអាចារ្យ​​ និង​​និមន្ត​​​​​​ព្រះសង្ឃ​​​មក​​ ដើម្បី​​​រៀបចំពិធីបុណ្យ​​​ ស្រាប់តែ​​​​ជន​រង​គ្រោះ​​​​ម្នាក់​ដឹង​ខ្លួន​​វិញ រីឯ​​៣នាក់​​​ទៀត​​​​នៅសន្លប់​ដដែល ​​​​​​​ទើបក្រុម​គ្រួសារ​​នាំ​​ទៅ​សង្គ្រោះ​​​នៅ​ពេទ្យ​ឯក​ជន​​​ក្បែរ​នោះ​ទាំង​​៤នាក់​។

អ្នក​រងគ្រោះ​​​​​ទាំង​​៤នាក់​​​មាន ១-ឈ្មោះ​​​​ឃាង ​សារុន ​​អាយុ​​​៤១​ឆ្នាំ ​ជា​កសិករ​​​ ត្រូវ​ជា​ប្តី​​ និង​ឪពុក ​​២-ឈ្មោះ​​ម៉ូក ​មុំ ​​អាយុ​​​៣៦ឆ្នាំ ​​ជា​ប្រពន្ធ និង​​​៣-ឈ្មោះ​ឃាង ​​សាមឌី ​ភេទ​ប្រុស ​អាយុ​​១១​​ឆ្នាំ ​​​​​ជាកូន ​និង​​​​៤-ឈ្មោះ​​​​ជិន ស្រី​លក្ខណា ភេទ​ស្រី ​អាយុ​​១៩​ឆ្នាំ ជាម្ចាស់​តូប​ អ្នកលក់​​នំ អ្នក​​ទាំង​​​៤នាក់​រស់នៅ​ភូមិ​-ឃុំ​​កើតហេតុ​​ខាងលើ ៕

No comments: