Tuesday, November 8, 2011

កម្ពុជា​នៅ​តែ​ប្រឈម​នឹង​កង្វះ​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ផលិត​ និង​កសិកម្ម

ផ្សាយថ្ងៃទី០៨-១១-២០១១: ដកស្រង postkhmer


ភ្នំពេញៈ ទោះ​បី​អង្គ​ការ​ពាណិជ្ជកម្ម​ពិភព​លោក(WTO) បាន​ស្ងើច​សរសើរ​ដល់​ការ​​រីក​ចម្រើន​នៃ​សេដ្ឋ​កិច្ច​កម្ពុជា ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​ចូល​រួម​ជាមួយ WTO តាំង​ពី​ឆ្នាំ​២០០៤​ មក​ក៏​ដោយ ប៉ុន្តែ​កង្វះ​ហិរញ្ញ​វត្ថុ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ ដែល​កំពុង​តែ​រីក​ចម្រើន​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​អំពី​បញ្ហា​នេះ រវាង​មន្ត្រី​រដ្ឋាភិបាល និង WTO ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី​ការ​ពិនិត្យ​វាយ​តម្លៃ​របស់​ WTO មក​លើ​គោល​នយោបាយ​ពាណិជ្ជកម្ម​លើក​ដំបូង​របស់​កម្ពុជា។

លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឲ្យ​ដឹង​ក្នុង​អំឡុង​បទ​បង្ហាញ​ស្តី ពី​ការ​ពិនិត្យ​វាយ​តម្លៃ​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​កម្ពុជា ​​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះថា កម្ពុជា​ខ្វះ​សមត្ថភាព​ក្នុង​ការ​ស្វែង​រក​ហិរញ្ញ​វត្ថុ​សម្រាប់​​រោង​ចក្រ​ ផលិត និង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ដែល​វិស័យ​ទាំង​ពី​រ​នេះ​អាច​ជួយ​លើក​កម្ពស់​ឧស្សាហ​កម្ម​កម្ពុជា​ដល់​ កម្រិត​ផលិតកម្ម​ខ្ពស់។

លោក​ថ្លែង​ថា៖ «យើង​នៅ​មាន​កង្វះ​លំហូរ​សាច់​ប្រាក់​ពី​ធនាគារ​ពាណិជ្ជ និង​ពី​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​។ យើង​មានការ​ធានាជាច្រើន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ប៉ុន្តែ​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​អនុវត្ត​សកម្មភាព​ទាំង​នោះ»។

លោក ចម ប្រសិទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា ឈ្មួញ​ទិញ​លក់​ អង្ករ ពោត និង​ដំឡូង​មី ខ្វះ​ទុន​ក្នុង​ការ​កែ​ច្នៃ​ផលិតផល​បន្ថែម​តម្លៃ ដែល​នៅ​បរទេស​បាន​ធ្វើ​សម្រេច​លើ​ការងារ​នេះ​រួច​ទៅ​ហើយ។

លោក​បន្ត​ថា ការ​នាំ​ចេញ​អង្ករ​២​លាន​តោន ត្រូវ​ការ​ដើម​ទុន​ប្រហែល​១​ពាន់​លាន​ដុល្លារ​សម្រាប់​ទិញ​ស្រូវ កែ​ច្នៃ និង​នាំ​ចេញ​។ ធន​ធាន​ពី​ធនាគារ​ក្នុង​ស្រុក នៅ​មាន​ការ​ខ្វះ​ខាត ពោល​គឺ​មាន​ចំនួន​ប្រហែល ៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ។

កាល​ពី​ខែ​មុន លោក​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា កម្ពុជា​បាន​នាំ​ចេញ​ស្រូវ​ជាង​២​លាន​តោន​នៅ​ឆ្នាំ​នេះ​។

អ្នក​ជំនាញ​ខាង​ស្រូវ​អង្ករ បាន​ឲ្យ​ដឹង​ថា ទិន្ន​ផល​ស្រូវ​បាន​កើន​ឡើង​ជាង​៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន។

លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កង្វះ​ហិរញ្ញវត្ថុបាន​រាំង​ស្ទះ​ដល់​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​ផង​ដែរ។ កម្លៃ​នាំ​ចេញ​ប្រចាំ​ឆ្នាំ​ក្នុង​ឧស្សាហកម្ម​នេះ មាន​ចំនួន​ប្រហែល ៣​ពាន់​លាន​ដុល្លារ​ ជិត​ស្មើ​នឹង​កម្ចី​របស់​ធនាគារ​ពាណិជ្ជ ​នៅ​កម្ពុជា។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​ខ្វះ​ការ​ធានា​រ៉ាប់​រង និង​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ស្រុក។

នៅ​ពេល​មាន​កង្វះ​ហិរញ្ញវត្ថុ​ក្នុង​ស្រុក ធនាគារ​ពិភព​លោក និង​ធនាគារ​នាំ​ចេញ-នាំចូល​អាមេរិក មិន​បាន​ផ្តល់​ជំនួយ​ដល់​ឧស្សាហកម្ម​នេះ​ឡើយ​ ទោះ​បី​មាន​ការ​ខិត​ខំ​បញ្ចុះ​បញ្ចូល​យ៉ាង​ណា​ក្តី​។

លោក វ៉ាន់ ស៊ូ​អៀង បាន​ឲ្យ​ដឹង​ថា៖ «អ្វី​ដែល​ពួក​គេ​ចាំបាច់​ត្រូវ​ធ្វើ គឺ​ពិនិត្យ​មើល​តម្លៃ​របស់​អ្នក​ទិញ ដូច​ជា Gap, Levis ហើយ​បញ្ចុះ​តម្លៃ​ឲ្យ​ពួក​យើង។ ចំពោះ​ការងារ​ងាយ​ស្រួល​ដូច្នេះ ពួក​គេ​នៅ​តែ​មាន​បញ្ហា​។ ខ្ញុំ​មិន​ដឹង​ថា​ជា​បញ្ហា​អ្វី​ឡើយ»។

របាយ​ការណ៍​របស់ WTO ស្តី​ពី​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន បង្ហាញ​ថា កង្វះ​ហិរញ្ញវត្ថុ​ពី​បរទេស អាច​មាន​ទំនាក់​ទំនង​ទៅ​នឹង​កំណើន​ពលកម្ម ​ជម្លោះ​ដី​ធ្លី និង​កង្វះ​បទ​ប្បញ្ញត្តិ​។

កាល​ពី​ដើម​ខែ​សីហា ធនាគារ​ពិភព​លោក បាន​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ជា​ថ្មី​ដល់​កម្ពុជា​ព្រោះ​តែ​ជម្លោះ​ដី​ធ្លី​នៅ​បឹង​កក់​។

លោក វ៉ាន់ ស៊ូ​អៀង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា ម្ចាស់​រោង​ចក្រ​កាត់​ដេរ ទទួល​បាន​ការ​គាំទ្រ ជា​ច្រើន​ពី​ក្រុម​ហ៊ុន​មេ​នៅ​ហុង​កុង តៃ​វ៉ាន់។ លោក​បន្ថែម​ថា ក្រុម​ហ៊ុន​តូច​ៗ​ក្នុង​ស្រុក ដែល​គ្មាន​ទំនាក់​ទំនង​ជាមួយ​បរទេស ប្រឈម​នឹង​កង្វះ​ការ​ធានា​រ៉ាប់​រង​ និង​ហិរញ្ញប្បទាន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​៕

No comments: