ទឹកជំនន់នៅថៃ សម្លាប់ជាង៥០០នាក់ ខណៈទឹកចូលដល់បាងកក
ផ្សាយថ្ងៃទី០៨-១១-២០១១: អន្ដរជាតិដកស្រង postkhmer
ក្រុងបាងកកៈ យោងតាមរបាយការណ៍
របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយកាលពីថ្ងៃចន្ទឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅថៃ បានកើនឡើង៥០៦ នាក់ ហើយទឹកជំនន់នៅតែលិចលង់នៅខេត្តចំនួន២៥ ខណៈក្រុងបាងកកទឹកឡើងមិនអាចបញ្ឈប់បាន កំពុងឡើងបន្តិចម្តងៗចូលកាន់តែជ្រៅទៅក្នុងរាជធានីនេះ ដោយបានជន់លិចផ្លូវធំៗ និងកំពុងគំរាមកំហែងមជ្ឈមណ្ឌលក្រុងនេះ។
អ្នកបាត់ខ្លួននៅតែមាននៅក្នុង ខេត្តពីរហើយមនុស្សប្រមាណ៣,១លាននាក់ បានរង
ការប៉ះពាល់ពីវិបត្តិទឹកជំនន់នេះ។
រដ្ឋាភិបាលនិយាយថា ពេលនេះមហន្តរាយ បានសម្លាប់មនុស្ស៥០៦នាក់ទូទាំងប្រទេស ដោយកើនឡើង៦០នាក់ពីតួលេខ ដែលគេបានរាយការណ៍មួយថ្ងៃមុន។ រហូតមកទល់នឹងពេលនេះ ពុំមានរបាយការណ៍ថា មានមនុស្សស្លាប់នៅក្រុងបាងកកនៅក្នុងបញ្ជីជាផ្លូវការទេ។
យ៉ាងហោចណាស់២០ភាគរយ នៃក្រុងធំនេះត្រូវបានទឹកជន់លិចរួចហើយក្នុងជំនន់
ដែលត្រូវបំពុលដោយសំរាម សត្វដែលស្លាប់ និងកាកសំណល់ឧស្សាហកម្ម ដោយបង្កការភ័យខ្លាចនៃការផ្ទុះឡើងនូវជំងឺនៅក្នុងទីក្រុងដែលមានមនុស្ស១២លាននាក់រស់នៅកកកុញនេះ។ របាយការណ៍នេះ បាននិយាយថា ដើមឡើយគេបានប៉ាន់ស្មានថា ដីកសិកម្មប្រមាណ១ម៉ឺនហិកតា ត្រូវខូចខាត ហើយផ្លូវហាយវ៉េប្រមាណ៧៥ខ្សែនៅក្នុង១០ខេត្ត គេមិនអាចធ្វើដំណើរឆ្លងកាត់បាន។
ខណៈទឹកជំនន់ បានស្រកនៅខ្សែទឹកខាងលើនៃខេត្តនគរសុវណ្ណខេត្តជាច្រើននៅតំបន់ទំនាប
ភាគកណ្តាលនៅតែលិចលង់។
នាយករដ្ឋមន្រ្តី យីងឡាក់ កាលពីថ្ងៃអាទិត្យ បានធ្វើទស្សនកិច្ចនៅ តំបន់លិចទឹកជាច្រើនក្នុងខេត្តនន្ទបុរី ជាតំបន់រងគ្រោះធ្ងន់ធ្ងរដែលនៅជាប់នឹងក្រុងបាងកក។
អភិបាលខេត្តនន្ទបុរី លោក វីឈាន ពុទ្ធីវីនយូ បានជម្រាបត្រួសៗអំពីការខ្វះខាតរថយន្តដើម្បីដឹកជញ្ជូនមនុស្ស និងចែកចាយសម្ភារសង្គ្រោះទឹកជំនន់។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាល បានផ្តល់នាវាចំនួន១០០គ្រឿងដើម្បីចែកកញ្ចប់សង្គ្រោះដល់ជនរង គ្រោះដែលបន្តស្នាក់នៅក្នុងផ្ទះខ្លួន៕
No comments:
Post a Comment