Monday, November 7, 2011

ពលរដ្ឋ​នៅ​តំបន់ភ្នំ​វ​ល្លិ៍ ក្នុង​ខេត្ត​កែប ព្រួយបារម្ភ​ខ្លាច​បាត់​ដី​រួម សម្រាប់​បញ្ចុះសព​

ផ្សាយថ្ងៃទី០៧-១១-២០១១: ដកស្រង cen


កែប: ដោយសារ​ឃើញ​ដី​រួម សម្រាប់​បញ្ចុះសព​មួយកន្លែង ស្ថិត​ក្នុងភូមិ​ចម្ការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កំពុង​ត្រូវគេ​កាប់ឆ្ការ​ព្រៃ បំណង​កាន់កាប់​នោះ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​សម្ដែង​នូវ​ការព្រួយបារម្ភ ខ្លាច​ថ្ងៃក្រោយ​បាត់បង់ ទី​ស្មសាន ដែល​បាន​ឯកភាពគ្នា រក្សា​ទុកជា​យូរ​មកហើយ​នោះ​។ ប្រជាពលរដ្ឋ​តំបន់ភ្នំ​វ​ល្លិ៍ អំពាវនាវ​សុំឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជួយ​អន្ដរាគមន៍ ចំពោះ​សកម្មភាព​កំពុង​កើតឡើង ដែល​អាច​នឹង​រំលោភ​កាន់កាប់​កន្លែង​កប់ខ្មោច​ក្នុងភូមិ​។

​ប៉ុន្ដែ​មានការ​អះអាង​បញ្ជាក់ថា ទីតាំង​ដី ដែល​កំពុង​កាប់ឆ្ការ​នោះ ជា​កម្ម​សិទ្ធិ​ឯកជន ដែល​ប្រគល់ឲ្យ​ដោយ​អតីត​មេ​ខ្មែរក្រហម នៅ​តំបន់ភ្នំ​វ​ល្លិ៍ ក្រោយពី​តំបន់​នេះ ធ្វើ​សមាហរណកម្ម ចូលក្នុង​រាជរដ្ឋាភិបាល​មកម្ល៉េះ ហើយ​ការកាប់​ឆ្ការ​នោះ ដើម្បី​បញ្ចប់​នូវ​ការរំលោភបំពាន ពី​សំណាក់​អ្នក​ខាងក្រៅ ព្រោះ​ទំហំ​ដី ដែល​ធ្លាប់មាន​កាន់តែ​រួម​តូច​។​
​ ​
​អតីតយុទ្ធជន​ខ្មែរក្រហម ដែល​បានធ្វើ​សមាហរណកម្ម​ម្នាក់ កំពុង​រស់នៅ​ភូមិ​ចម្ការ​បី ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ បាន​រៀបរាប់ថា ប្រជាពលរដ្ឋ​ភាគច្រើន​ក្នុងភូមិ​នេះ កំពុងមាន​ការព្រួយបារម្ភ​ខ្លាច​បាត់បង់​ដី​រួម សម្រាប់​បញ្ចុះសព ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ ឃើញ​មាន​មនុស្ស​ចំនួន ៤ នាក់ បាន​ជិះ​កង់​មក​កាប់ឆ្ការ និង​ដុត​ព្រៃ លើ​ចំណែក​ដី ដែល​រក្សាទុក​តាំងពី​យូរយារ​ណាស់​មកហើយ ដោយ​មិនដឹងថា អ្នកណា​ជា​អ្នក​ជួល​អ្នក​ទាំងនោះ ឲ្យមក​កាប់​ទេ​។

​បុរស​ដដែល​នេះ រៀបរាប់​រំលឹក​ពី​ប្រ​វ​ត្ដិ​ដី​នេះ​ថា កាលពី​អំឡុង ឆ្នាំ​១៩៩៥-៩៦ អាជ្ញាធរ​ចាប់ផ្ដើម​វាស់វែង​ដី​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ភ្នំ​វ​ល្លិ៍ បន្ទាប់ពី​ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​។ លុះ​វាស់​មកដល់​ចំណុច​ដី ដែលមាន​ក្បាល​ប្រហែល ១០០ ម៉ែត្រ ក្រុមការងារ​បាន​ផ្លោះ ដោយ​ឯកភាពគ្នា​ទុក​ដី​នោះ សម្រាប់​បញ្ចុះសព​រួម ហើយ​នៅ​ចំណុច​នេះ​ទៀតសោត ក៏មាន​ផ្នូរ​យុទ្ធជន ដែល​បាន​ពលី​កាលពីសម័យ​ប្រយុទ្ធ​គ្នា នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ផងដែរ តែ​មកដល់ពេលនេះ គ្រួសារ​ណា​មាន​ជីវភាព​ធូរធារ​គេ​បានគាស់ លើក​សាច់ញាតិ យកទៅ​ធ្វើបុណ្យ និង​បញ្ចុះ​នៅ​ទី​អារាម ចំណែក​អ្នកក្រីក្រ​បន្ដរ​ក្សា សព​ទុក​នៅទីនេះ​ដដែល ហើយ​ដី​នេះ ក៏ត្រូវ​បាន​ទុកជា​ដី​រួម​សម្រាប់​បញ្ចុះសព​អ្នកក្រីក្រ​បន្ដទៅទៀត​។ ដូច្នេះ​ក្នុងនាម​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជា​អតីតយុទ្ធជន​ម្នាក់ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មេ​ត្ដា​ជួយ​អន្ដរាគមន៍​ក្នុង​រឿងនេះ ដើម្បី​រក្សា​ដី​សម្រាប់​បញ្ចុះសព​ឲ្យនៅ​គង់វង្ស ដូច​ការ​ឯកភាពគ្នា​តាំងពី​សម័យ​វាស់ដី​ចែក​ប្រជាពលរដ្ឋ​មក​នោះ​ផង​។​
​ ​
​ចំណែក​លោក ជុំ នួ​ង សមាជិក​ក្រុមប្រឹក្សាឃុំ​ពងទឹក បាន​ឲ្យ​ដឹងថា កាល​អំឡុង ឆ្នាំ​១៩៩៥-៩៦ ក្នុងនាម​អាជ្ញាធរ លោក​បាន​ចុះ​វាស់វែង​ដី ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់ នៅ​ដី​តំបន់​កប់​សាកសព​។ ពេល​វាស់​ដល់​ចំណុច​ដី​នោះ ដែលមាន​ទំហំ​ប្រហែល ១០០ ម៉ែត្រ​គុណ​នឹង ១០០ ម៉ែត្រ​នោះ ក្រុមការងារ​បាន​ឯកភាពគ្នា ដោយ​រក្សាទុក​សម្រាប់ធ្វើ​បុណ្យ គោរព​វិញ្ញាណ​ក្ខ​ន្ធ​ដល់​យុទ្ធជន​ពលី និង​សម្រាប់​ទុកជា​ដី​រួម ដើម្បី​ថ្ងៃក្រោយ​ប្រជាពលរដ្ឋ​បាន​បញ្ចុះសព​នៅទីនេះ​។​
លោក​សមាជិក​ក្រុមប្រឹក្សាឃុំ បាន​បន្ថែមថា ការកាប់​ឆ្ការព្រៃ​នោះ គឺ​លោក​ឧកញ៉ា​ម្នាក់ បាន​ជួល​គេ​មក​កាប់ ដើម្បីឲ្យ​វាល ព្រោះ​លោក​ឧកញ៉ា​រូបនោះ មាន​ដីចម្ការ​ប្រេងខ្យល់​ជាប់​នឹង​ដី​នោះដែរ តែ​មិនមែន​មានន័យថា ជាការ​កាប់ឆ្ការ យក​ធ្វើជា​កម្មសិទ្ធិ​នោះទេ​។

​លោក ជុំ នួ​ង បញ្ជាក់​សាជាថ្មី​ថា បន្ទាប់ពី​ឯកភាពគ្នា​ទុកជា​ដី​រួម​នោះ ដី​នៅ​ចំណុច​នេះ​ជា​ដីព្រៃ គ្មាន​អ្នកណា​ប៉ះពាល់​ទេ ប៉ុន្ដែ​មិនដឹងថា ក្រោយមក​លោក ឈូក រី​ន អតីត​មេ​ខ្មែរក្រហម ប្រចាំ​នៅ​តំបន់ភ្នំ​វ​ល្លិ៍ ឲ្យ​ដី​នោះ​ទៅ​អ្នកណា​ក៏​មិនបាន​ដឹង​ដែរ តែបើ​សិន​មាន​ម្ចាស់​គួរ​ណាស់​កាប់ឆ្ការ​ថែរក្សា​យូរ​មកហើយ មិនមែន​ទើបតែ​ធ្វើ​នៅពេលនេះ​ទេ​។​
​ ​
​ដោយឡែក​លោក ឡុង បូ​រិ​ន អតីតយុទ្ធជន​ខ្មែរក្រហម​បាន​អះអាងថា ខ្លួន​ជា​ជំនិត​របស់លោក ឈូក រី​ន តាំងពី​ជំនាន់​សង្គ្រាម និង​ក្រោយ​សមាហរណកម្ម​។ ចំពោះ​កម្មករ ៤​នាក់ ដែល​កំពុង​កាប់​ព្រៃ​នោះ លោក​ជា​អ្នក​ជួល ព្រោះ​ដី​នោះ ជា​ដី ដែល​លោក ឈូក រី​ន ប្រគល់ឲ្យ​តាំង​លោក ក្រោយ​ធ្វើ​សមាហរណកម្ម​មកម្ល៉េះ​។ នៅ​ទីនោះ ដី​មាន​ទំហំ ៩០ ម៉ែត្រ​គុណ​នឹង ១២០ ម៉ែត្រ សម្រាប់ ៣ គ្រួសារ​។

​បុរស​រូបនេះ បាន​បន្ថែមថា បច្ចុប្បន្ន​មិនមាន​ផ្នូរ​សព​ទៀត​ទេ ព្រោះ​កន្លងមក​សព ដែល​បញ្ចុះ​នៅ​ចំណុច​ដី​នោះ ជា​សាច់ញាតិ​របស់លោក ឈូក រី​ន ហើយ​ក្រោយមក ត្រូវបាន​គាស់​ចេញ យកទៅដាក់​នៅ​វត្ដ​អស់ហើយ​។

​លោក ឡុង បូរី​ន បាន​បន្តថា ដោយ​ជាប់រវល់​ក្នុង​ការងារ​កងទ័ព ទើប​លោក​មិនបាន​កាប់​ជម្រះ​ព្រៃ ទោះជា​បានទទួល​ដី​នោះ ថែមទាំង​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​ក្ដី​។
​អតីត​ទាហាន​ខ្មែរក្រហម​រូបនេះ បាន​បន្ថែមថា តំបន់ភ្នំ​វ​ល្លិ៍ មានព្រៃ​ដុះ​ស៊ប់​ទ្រប់ មិនមាន​អ្នកណា​ចូលដល់​នោះ​ទើប​កាលពី​ឆ្នាំ​២០០៥ លោក​មានឱកាស​អាច​លា​ក់​ទុក លោក ឈូក រិ​ន ជា​មេ​របស់ខ្លួន​បាន​មួយរយៈ ពេល​សមត្ថកិច្ច​តាមរក​ចាប់ខ្លួន​មុននឹង​ជម្លៀស​ទៅកាន់​អន្លង់វែង​។
​ស្រាប់តែ​ពេល​លោក​បញ្ចប់​ការងារ​កងទ័ព ត្រឡប់មក​មើល​ដី​នោះ ឃើញ​មាន​បង្គោល​បោះ រំលោភ​យក​ដី​របស់លោក ចូល​អស់​ជាច្រើន​ម៉ែត្រ​។ ម្ល៉ោះហើយ​ពេលនេះ លោក​ត្រូវតែ​កាប់ឆ្ការ និង​កំណត់​ព្រំដី ដើម្បី​កុំឲ្យ​បាត់បង់​តទៅទៀត​។

​លោក ឡុង បូ​រិ​ន បញ្ជាក់ថា តាមពិត អ្នក​នៅ​ជុំវិញ​តំបន់​ដី​កប់ខ្មោច នៅ​ភ្នំ​វ​ល្លិ៍ ជា​អតីត​ខ្មែរក្រហម មាន​តិចតួច​ទេ ភាគច្រើន​ជា​អ្នក​ចំណូល​ថ្មី សូម្បី​មេភូមិ មេឃុំ ក៏​មិនដឹង​ប្រ​វ​ត្ដិ​ដី​នេះ ច្បាស់លាស់​ដែរ ហើយ​បើ​អ្នកណា​ចង់​ច្បាស់ លោក​អាច​បង្ហាញ​ឯកសារ​ឲ្យមើល​បាន សូម្បី​រូបថត កាល​ពេល​ទ័ព​ខ្មែរក្រហម​ស្ទាក់​បាញ់​ឡាន បាញ់​រថភ្លើង​ក៏មាន​នៅក្នុង​ដៃ​របស់លោក​ដែរ​៕



No comments: