Tuesday, November 15, 2011

បញ្ជ្រាបការ​ យល់ដឹង បញ្ហាបរិស្ថាន ដល់យុវជនកម្ពុជា តាមរយៈខែ្សភាពយន្ត វិទ្យាសាស្រ្ត

ផ្សាយថ្ងៃទី១៥-១១-២០១១: ដកស្រង dap-news


ភ្នំពេញៈ ដើម្បីឱ្យយុវជនកាន់តែចាប់អាម្មរណ៍ និងបង្កើនការយល់ដឹងឱ្យកាន់
តែខ្លាំងក្លាពីបញ្ហាបរិស្ថាន ខ្សែភាពយន្តពាក់ព័ន្ធនឹងបរិស្ថាន នឹងត្រូវបានដាក់ បញ្ចាំងនៅតាមបណ្តាសាកលវិទ្យាល័យ និងខេត្តមួយចំនួននៅក្នុងព្រះរាជាណា
ចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១។

ការបញ្ចាំងខ្សែភាពយន្តវិទ្យាសាស្រ្តនេះ ត្រូវបានរៀបចំឡើងដោយ អង្គការយុវជន
ខ្មែរសម្រាប់ការអភិវឌ្ឍ (KYSD) សហការជាមួយ ក្រសួងបរិស្ថាន អង្គការUNESCO ស្ថានទូតបារាំង ស្ថានទូតអាលឺម៉ង់ និង ស្ថាប័នពាក់ព័ន្ធមួយចំនួន ទៀត ដោយមាន
សិស្សវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំងជាង១០០នាក់ ចូលរួម។

ទេសរដ្ឋមន្រី្ត និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារ៉េត បានថ្លែងនៅវិទ្យាស្ថាន
អន្តរទ្វីបអាមេរិកកាំង ក្នុងពិធីបើកសម្ពោធមហោស្រពភាពយន្តវិទ្យាសាស្រ្ត ឱ្យដឹងនៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១១នេះថា យុវជនជំនាន់ក្រោយដែលជា
ទំពាំងស្នងឫស្សី ត្រូវតែស្វែងយល់ពីវិទ្យាសាស្រ្ត ពីព្រោះ បញ្ហាបម្រែបម្រួលអាកាស
ធាតុ បានក្លាយជាបញ្ហាសកល ហើយរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយក
ចិត្តទុកដាក់យ៉ាងសកម្ម ព្រមទាំងបានចាត់ទុកបញ្ហាទាំងនោះ ជាបញ្ហាអាទិភាព។

លោករដ្ឋមន្រី្ត បានបន្តទៀតថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ
ផ្សេងៗ ដូចជា ការអភិវឌ្ឍបៃតង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការ
បន្សុំាជាដើម ក្នុងគោលបំណងធ្វើការអភិវឌ្ឍប្រកបដោយចិរភាព។

លេខាទូតបារាំងទី១ លោក Dominique Mas បានមានប្រសាសន៍នៅក្នុងឱកាស
នោះផងដែរថា ព្រៃឈើ មានសារៈសំខាន់ណាស់ ហើយ មហាសនិ្នបាតអង្គការ សហប្រជាជាតិ បានប្រកាសឆ្នាំ២០១១នេះ ជាឆ្នាំព្រៃឈើអន្តរជាតិ ដើម្បីផ្សព្វផ្សាយ
ឱ្យមតិពិភពលោក បានយល់ដឹងពីភាពចាំបាច់ ក្នុងការពង្រឹងការការពារ និងការ
គ្រប់គ្រងព្រៃឈើ ប្រកបដោយចិរភាព។ ជាងនេះទៅទៀត លោក Dominique Mas បានគូសបញ្ជាក់ថា ភាពយន្តវិទ្យាសាស្រ្ត នឹងរួមចំណែកបង្កើន ការយល់ពឹងពី
បញ្ហា ដោយក្តីរីករាយ។

លោក បានលើកឡើងថា “ ខ្សែភាពយន្តទាំងនេះ មានគោលបំណងដាស់តឿន និងជំរុញអ្នកទាំងអស់គ្នាឱ្យយកចិត្តទុក ដាក់ចំពោះពិភពលោក ដែលយើងទាំង អស់គ្នាកំពុងរស់នៅ។ ក្រៅពីផ្តល់ការកំសាន្តសប្បាយ ខ្សែភាពយន្តនេះ នឹងផ្តល់
ជូនលោកអ្នកផងដែរនូវគន្លឹះ ក្នុងការស្វែងយល់ពីបច្ចុប្បន្នភាពវិទ្យាសាស្រ្ត ដោយជួយឱ្យលោកអ្នកបានឃើញពីអ្វីៗដែលវិទ្យាសាស្រ្តបានកសាង និងបង្កើតឡើងដើម្បីយើងអាចពិភាក្សារួមគ្នាអំពីបញ្ហានានាទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគត”។
គួរបញ្ជាក់ឱ្យដឹងថា ខ្សែភាពយន្ត ដែលនឹងដាក់បញ្ចាំងក្នុងឆ្នាំនេះ មាន១២រឿងមក
ពីអឺរ៉ុប និង ៣រឿងទៀតមកពីអាស៊ី ដោយផ្តោតលើប្រធានបទផ្សេងៗ ទាក់ទង
នឹងបញ្ហាបរិស្ថាន ដូចជា អេកូឡូស៊ី និង ជីវចម្រុះ។ ហើយ ខែ្សភាពយន្តទាំងនោះ នឹង បញ្ចាំងនៅក្នុងរាជធានីភ្នំពេញ ចំនួន១០ កន្លែង ក្នុងនោះមាន៥ សាកល
វិទ្យាល័យ ចំណែកតាមបណ្តាខេត្ត មានចំនួន ១០ ខេត្ត ដូចជា ខេត្ត បាត់ដំបង កំពង់ធំ កំពង់ចាម កំពង់សោម កំពង់ឆ្នាំង ពោធិសាត់ សៀមរាប ឧត្តរមានជ័យ រតនគិរី និង ស្វាយរៀង។

ជាងនេះទៅទៀត មហោស្រពវិទ្យាសាស្រ្ត បានធ្វើការបញ្ចាំងជាលើកទី៣ហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានទទួលការចាប់អារម្មណ៍យ៉ាងច្រើន។ ខែ្សភាពយន្តទាំងនោះ មិនមែនធ្វើការបញ្ចាំងតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបញ្ចាំងនៅបណ្តាប្រទេសអាស៊ាន ដូចជា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង វៀតណាមថែមទៀតផង៕

No comments: