Tuesday, October 18, 2011

កម្ពុជា​គ្រោង​បញ្ចេញ​អង្ករ​២០០០​តោន ដើម្បី​ទប់​ស្កាត់​តម្លៃ

ផ្សាយថ្ងៃទី១៨-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ សម្ព័ន្ធ​សមាគម​រោង​ម៉ាស៊ីន​ស្រូវ​កម្ពុជា មាន​ផែនការ​បញ្ចេញ​អង្ករ​លក់​ឲ្យ​បាន​ជាង​២​ពាន់​តោន​នៅ​ក្នុង​រយៈ​ពេល​ ប៉ុន្មាន​សប្តាហ៍​នេះ ខណៈ​អង្ករ ​៤០០​តោន​ត្រូវ​បាន​បញ្ចេញ​លក់​រួច​ទៅ​ហើយ ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើង​តម្លៃ​អង្ករ​។

ផែនការ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ បាន​បញ្ជា​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ក្នុង​ឧស្សាហ​កម្ម​ផលិត​អង្ករ​កម្ពុជា បញ្ចេញ​អង្ករ​មក​ក្នុង​ទីផ្សារ​ ដើម្បី​ទប់​ស្កាត់​តម្លៃ​អង្ករ ដែល​កំពុង​តែ​ឡើង​ថ្លៃ​ ខណៈ​ទឹក​ជំនន់​កំពុង​បំផ្លិច​បំផ្លាញ​ដំណាំ​ស្រូវ​រាប់​ម៉ឺន​ហិកតា​។

លោក​ ភូ ពុយ​ ប្រធាន​សម្ព័ន្ធ​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និ​សីទ​កាសែត​មួយ​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា អង្ករ​ដែល​សម្ព័ន្ធ​ត្រៀម​បញ្ចេញ​លក់​នៅ​រយៈ​ពេល​នេះ​នឹង​មាន​បរិមាណ​ជាង​ ​២ ពាន់​តោន ហើយ​ដំណើរ​ការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ មាន​លំនឹង​ឡើង​វិញ។ លោក​បញ្ជាក់​ថា​៖ «យើង​បាន​ចែក​ចាយ​តាម​ស្តង់​លក់​ចំនួន​៦​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ ជា​មួយ​តម្លៃ​​ក្រោម​ទីផ្សារ​បន្តិច​បន្តួច ហើយ​ការ​លក់​នេះ​គឺ​យើង​ធ្វើ​ឡើង​ដើម្បី​កុំ​ឲ្យ​អង្ករ​ឡើង​ថ្លៃ​បន្ត​ទៀត»។

លោក​បាន​បន្ត​ទៀត​ថា អង្ករ​ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​ស្តង់​ទាំង​៦​នេះ ​មាន​ជា​ច្រើន​ប្រភេទ ដែល​ក្នុង​នោះ​ ប្រភេទ​អង្ករ​នាង​មិញ​១០០​គី​ឡូក្រាម​ថ្លៃ ​២៣៣ ០០០​រៀល ​អង្ករ​នាង​ខុន​១០០​គីឡូ​ក្រាម ​ថ្លៃ​ ២៤៦ ០០០​រៀល​ អង្ករ​ផ្កាខ្ញី​ ថ្លៃ​ ២៧០ ០០០ ​រៀល​ និង​ អង្ករ​ផ្កាម្លិះ​ស្រូវ​ថ្មី បាក់​៥​ភាគ​រយ​ ១០០​គីឡូ​ក្រាម​ ថ្លៃ​១០០​ដុល្លារ​។

លោក​ថ្លែង​ថា​ប្រជា​ពល​រដ្ឋ​មិន​ត្រូវ​មាន​ការ​ព្រួយ​នឹង​ការ​កង្វះ​អង្ករ​ឡើយ ព្រោះ​សព្វ​ថ្ងៃ​នេះ​ ស្រូវ​ស្រាល​កំពុង​​ប្រមូល​ផល ហើយ​ស្រូវ​វស្សា​បាន​និង​កំពុង​ចាប់​ផ្តើម​ប្រមូល​ផល​នៅ​មួយ​ខែ​ខាង​មុខ​។

ប្រធាន​សម្ព័ន្ធ​សមាគម​រូប​នេះ​បាន​អះ​អាង​ដែរ​ថា បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​ទទួល​រង​នូវ​គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់​ធ្ងរ​ ក្តី​ ក៏​ឧស្សាហកម្ម​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​តែ​មាន​កំណើន។

លោក ​ភូ ពុយ ​លើក​ឡើង​ថា​៖ «​អង្ករ​ឡើង​ថ្លៃ​នេះ​បណ្តាល​មក​ពី​បង​ប្អូន​មួយ​ចំនួន​សម្រុក​ទិញ​អង្ករ​ទុក​ដោយ​ភ័យ​ខ្លាច​ខ្វះ​អង្ករ​ ពេល​ដែល​ពួក​គាត់​ឃើញ​មាន​គ្រោះ​ទឹក​ជំនន់»។

លោក សុន គន្ធរ ប្រធាន​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ថ្លែង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​សហការ​ជា​មួយ​សម្ព័ន្ធ​សមាគម​រោង ​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា បញ្ចេញ​អង្ករ​លក់​ជា​បន្ទាន់​សម្រាប់​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​អង្ករ​ដោយ​ សារ​តែ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់។

លោក​បាន​បញ្ជាក់​ថា៖ «យុទ្ធនាការ​នេះ​ដែរ​ ខ្ញុំ​សង្កេត​ឃើញ​ថា បង​ប្អូន​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​បាន​មក​​សម្រុក​ទិញ​អង្ករ​ ដូច​ជា​នៅ​សាខា​ស្ទឹង​មានជ័យ​។​ បើ​តម្រូវ​ការ​ចាំបាច់​យើង​នឹង​នៅ​តែ​បន្ត​នាំ​អង្ករ​មក​ទៀត»។

លោក​បាន​បន្ត​ថា អង្ករ​ឡើង​ថ្លៃ​បណ្តាល​មក​ពី​ភាព​ភ័យ​ខ្លាច​ខ្វះ​អង្ករ​​នៅ​ពេល​ដែល​មាន​គ្រោះ​ទឹក​ជំនន់​ គោល​នយោបាយ​ដំឡើង​ថ្លៃ​ស្រូវ​អង្ករ​របស់​ប្រទេស​ជិត​ខាង និង​វិច្ឆេទកម្ម​សេដ្ឋកិច្ច។

លោក ​សុន គន្ធរ​ លើក​ឡើង​ថា​ ការ​បញ្ចេញ​អង្ករ​លក់​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ ក្នុង​​ស្រុក​ ដែល​ប្រកប​អាជីវកម្ម​លក់​អង្ករ​ឡើយ​ ព្រោះ​តម្លៃ​នេះ​មាន​កម្រិត​ថ្លៃ​ទាប​ជាង​ទីផ្សារ​តែ​បន្តិច​បន្តួច​ ប៉ុណ្ណោះ។

យោង​តាម​សេចក្តី​រាយការណ៍​របស់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​សប្តាហ៍​មុន​ មាន​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន​បាន​អះអាង​ថា​ ស្រូវ​សម្រាប់​កែច្នៃ​ជា​អង្ករ​ជិត​អស់​ពីស្តុក​ហើយ ខណៈ​ឈ្មួញ​លក់​អង្ករ​​បាន​អះអាង​ថា ពួក​គេ​ពិបាក​រក​ទិញ​អង្ករ​សម្រាប់​ផ្គត់​ផ្គង់​៕

No comments: