វីរុសផ្ដាសាយថ្មីម៉្យាងកំពុងកើនឡើង
ផ្សាយថ្ងៃទី០៣-១០-២០១១: អន្ដរជាតិ :ដកស្រង news.sabay
អាជ្ញាធរសុខាភិបាលរបស់អាមេរិកបានឲ្យដឹងកាលពីថ្ងៃសុក្រថា វីរុស ដ៏កម្រមួយបានសម្លាប់ជីវិតមនុស្សបីនាក់ និងធ្វើឲ្យជិតមួយរយនាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ ក្នុងប្រទេស ជប៉ុន ហ្វីលីពីន អាមេរិក និង ហុល្លង់ក្នុងរយៈពេល២ឆ្នាំមកនេះ។
វីរុសនេះត្រូវបានគេឲ្យឈ្មោះថា Human Enterovirus 68 (HEV68) និងរោគសញ្ញាដែលទាក់ទងនឹងដំណកដង្ហើមនេះគឺកើតមានខ្លាំងចំពោះកុមារ។ នេះបើតាមរបាយការណ៍រោគ និងមរណប្រចាំសប្ដាហ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC)។
អ្នកជំងឺដែលផ្ទុកមេរោគនេះភាគច្រើនតែងក្អកខ្លាំង និងពិបាកក្នុងការដកដង្ហើម។ ករណីនៃវីរុសនេះត្រូវបានគេរកឃើញថាមានខ្ពស់បំផុតក្នុងប្រទេស ជប៉ុន ស្របពេលដែលអាជ្ញាធរសុខាភិបាលសាធារណៈបានរាយការណ៍ថាមានជាង ១២០ករណីកាលពីឆ្នាំទៅមិញ។
ទោះជាយ៉ាងណាក៏ដោយ CDC បានឲ្យដឹងថាមានត្រឹម១១ករណីប៉ុណ្ណោះក្នុងចំណោមអ្នកជំងឺទាំងនោះដែលបានផ្ទៀងផ្ទាត់ ដែលកុមារម្នាក់បានស្លាប់ដោយករណីនេះ។ ក្នុងប្រទេសហ្វីលីពីនមាន២១ករណីនៅចុងឆ្នាំ ២០០៨ និងដើមឆ្នាំ ២០០៩ ដែលបណ្ដាលឲ្យមនុស្សពីរនាក់បានបាត់បង់ជីវិត។ ករណីដដែលនេះបានកើតមាននៅ ហុល្លង់ និងតាមបណ្ដារដ្ឋមួយចំនួនរបស់អាមេរិកដូចជា រដ្ឋ ចចជៀ ផេនស៊ីលវ៉ានៀ និងអារីហ្សូណា ដែលមានករណីផ្ទៀងផ្ទាត់ ៩៥ករណីក្នុងរយៈពេល២ឆ្នាំនេះ។
បើតាម CDC បានឲ្យដឹងថា វីរុសនេះដំបូងឡើយត្រូវបានរកឃើញក្នុងខ្លួនកុមារ៤នាក់ដែលមានជំងឺរលាកសួត ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ ១៩៦២ ប៉ុន្តែវាហាក់ដូចជាកម្រនឹងកើតមាន ក៏ដូចជាមិនសូវទាក់ទងប៉ុន្មានទេ។ របាយការណ៍បានបន្ថែមថា ការកំណត់នូវចំនួនដ៏ច្រើននៃវីរុស HEV68 នេះបានរកឃើញក្នុងមួយរដូវកាលប៉ុណ្ណោះ ហើយថាការករណីដែលកើនឡើងនេះមានការពាក់ព័ន្ធនឹងរោគវិនិច្ឆ័យ ឬជាការកកើតធាតុបង្កជំងឺថ្មីនោះគឺមិនត្រូវបានដឹងច្បាស់នៅឡើយទេ។
CDC បានលើកឡើងទៀតថារបាយការណ៍នេះធ្វើឡើងក្នុងគោលបំណង ផ្ទៀងផ្ទាត់វីរុស HEV68 នឹងការកើនឡើងជំងឺដែលទាក់ទងនឹងដំណកដង្ហើម ហើយបានជំរុញឲ្យបុគ្គលិកគ្លីនិកសុខាភិបាលមួយចំនួន រាយការណ៍ពីករណីដែលមិនអាចពន្យល់មួយចំនួនពាក់ព័ន្ធទៅនឹងជំងឺដំណកដង្ហើមដល់អាជ្ញាធរសុខាភិបាលសាធារណៈ។
វីរុស Human Enterovirus នេះមានការពាក់ព័ន្ធជិតស្និតនឹងមេរោគ Human Rhinovirus ដែលបណ្ដាលឲ្យជំងឺផ្ដាសាយដល់មនុស្ស៕
No comments:
Post a Comment