ស្ថានភាពទឹកជំនន់ក្នុងតំបន់និងភូមិសាស្ត្រខេត្តកំពតមិនទាន់មានសញ្ញាស្រកចុះនៅឡើយ
ផ្សាយថ្ងៃទី១៩-១០-២០១១: ដកស្រងkampucheathmey
កំពត ៖ ស្ថានភាពជំនន់ស្ថិតនៅតាមតំបន់និងភូមិសាស្ត្រស្រុកចំនួន២នៃ ខេត្តកំពត គឺស្រុកបន្ទាយមាសនិងស្រុកកំពង់ត្រាច រហូតមកដល់ព្រឹកថ្ងៃទី១៩តុលាឆ្នាំ២០១១នេះពុំទាន់មានសញ្ញាណាមួយ បញ្ជាក់ឱ្យដឹងពីកំរិតថយចុះនៅឡើយទេ ផ្ទុយទៅវិញកំលាំងទឹកនៅតែបន្តហក់ឡើងសន្សឹមៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាដ៏បារម្ភយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ ខាងលើកាន់តែទ្វេឡើង ដោយសារជួបបញ្ហាលំបាកកាន់តែធ្ងន់ធ្ងរ ដូចជាប្រឈមនឹងកង្វះទីជម្រកនិងកង្វះស្បៀងអាហារសំរាប់ទ្រទ្រង់ ជីវិតប្រចាំថ្ងៃផងដែរ។
គេបានព្យាករណ៍ទុកជាមុនថា ថ្វីត្បិតកំរិតនៃជំនន់មានល្បឿនខ្សោយជាងរយៈពេលមុនក៏ពិតមែន ប៉ុន្តែបើយើងគិតវិភាគកំលាំងសន្ទុះទឹកជំនន់នៅតែបន្តវាយលុកនិង រាលដាលគ្របដណ្តប់ផ្ទៃដីបង្កបង្កើនផលអស់រាប់ពាន់ហិកតាព្រមទាំង ភូមិឋានប្រជាពលរដ្ឋរាប់ពាន់ខ្នង ហើយចំពោះដំណាំគ្រប់ប្រភេទដែលគេបានដាំនៅចំណុចតំបន់នោះក៏ត្រូវ លិចលង់ខូចខាតគ្មានសល់អ្វីមួយចំរៀកឡើយ។ម្យ៉ាងទៀតនាពេលនេះ គ្រោះមហន្តរាយនៃជំនន់បានបន្តគំរាមកំហែងមកដល់ភូមិសាស្ត្រឃុំបឹង
សាលាខាងត្បូងទៀតហើយ ប៉ុន្តែផលប៉ះពាល់ពុំទាន់មានស្ថានភាពធ្ងន់ធ្ងរដូចតំបន់ឃុំព្រែក ក្រឹស ឃុំពៃទន្លេ និងឃុំត្នោតចុងស្រង់នោះឡើយ។
ទាក់ទិននឹងបញ្ហាទឹកជំនន់នេះដែរ អភិបាលរងស្រុកកំពង់ត្រាច លោក អូន ខន ដែលជានិច្ចកាលប្រចាំការពិនិត្យមើលស្ថានភាពគ្រោះមហន្តរាយទឹកជំនន់ក្នុង តំបន់
ឃុំព្រែកក្រឹសនោះបានបញ្ជាក់អះអាងថា រយៈពេលប៉ុន្មានថ្ងៃនេះជំនន់នៅតែហក់ឡើងជាបន្តបន្ទាប់តែមានសន្ទុះ ខ្សោយជាងមុនក្នុង១ថ្ងៃ១យប់មានកំណើនជិត១ហ៊ុនប៉ុណ្ណោះ ហើយបញ្ហាជំនន់នេះទោះបីមិនសូវឡើងខ្ពស់តែបានបន្តយាយីកាន់តែខ្លាំង ដល់ភូមិឋានព្រមទាំងផលដំណាំប្រជាពលរដ្ឋដ៏ច្រើនឥតគណនាដោយផលប៉ះពាល់ នេះបាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងឃុំព្រែកក្រឹសជួបផលលំបាកយ៉ាងខ្លាំងក្លាដោយត្រូវប្រឈមនឹង ការខ្វះខាតស្បៀងអាហារនិងគ្មានទីជម្រកផងដែរ។
លោកអភិបាលរងរូបនោះបញ្ជាក់ថា បញ្ហាជំនន់បាននិងកំពុងវាយលុកកាន់តែខ្លាំងយ៉ាងពេញបន្ទុកមកលើភូមិ ចំនួន៧ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច តែស្ថានភាពលិចលង់ធ្ងន់ធ្ងរជាងគេនោះ គឺភូមិព្រែកក្រឹសដែលជាទីតាំងជាប់បណ្តោយមាត់ព្រែក ហើយទំហំនៃគ្រោះមហន្តរាយដែលបានវាយលុកក្នុងឃុំខាងលើរហូតមកដល់ ថ្ងៃនេះបានលិចលង់ផ្ទះសំបែងប្រជាពលរដ្ឋអស់១២០០គ្រួសារហើយ ថែមទាំងផ្ទៃដី
បង្កបង្កើនផលត្រូវក្លាយជាចំណីទឹកជំនន់ប្រមាណ ជាង២០០០ហិកតាផងដែរ។ក្រៅពីនោះនៅព្រឹកថ្ងៃទី១៩តុលានេះដែរជំនន់ បានចាប់ផ្តើមបន្តបាចសាចចូលវាយលុកដល់ភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ទៀតហើយ តែតួលេខនៃការលិចលង់មិនទាន់ទទួលបានរបាយការណ៍ជាក់លាក់នៅឡើយទេដោយ គេរំពឹងថា ជំនន់នេះនឹងនាំមកនូវគ្រោះមហន្តរាយបន្ថែមទៀតនាពេលប៉ុន្មានថ្ងៃខាង មុខ។ក្នុងគ្រាអាសន្ននេះគេសង្កេតឃើញវត្តមានក្រុមការងារគណបក្សប្រជាជន ខេត្តកំពតចុះជួយជាប្រចាំដោយបោះទីតាំងផ្ទាល់ស្ថិតក្នុងភូមិសាស្ត្រ នៃស្រុកទាំង២ដែលកំពុងជួបគ្រោះមហន្តរាយនេះព្រមទាំងពាំនាំនូវអំណោយ ជាគ្រឿងបរិភោគ ក៏ដូចជាសម្ភារៈប្រើប្រាស់មួយចំនួនសំរាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះ ផងដែរ៕
No comments:
Post a Comment