គណៈកម្មការជំនាញរដ្ឋសភាបានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង កសិកម្មដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់
ផ្សាយថ្ងៃទី២០-១០-២០១១: ដកស្រង bayontv
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩ ខែតុលា នៅវិមានរដ្ឋសភា សមាជិកសភាក្នុងគណៈកម្មការទី៣នៃរដ្ឋសភាដឹកនាំដោយឯកឧត្តមទ្រី ឈាងហួតប្រធានគណៈកម្មការនេះបាន ជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំដោយ ឯកឧត្តម អ៊ុក សុខុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដើម្បីពិនិត្យពិភាក្សាកែសំរួលលើសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់អោយសមស្របត្រឹមត្រូវតាមនិតិវិធី
ច្បាប់ជាតិនិងអន្តរជាតិ។
ឯកឧត្តមទ្រី ឈាងហួតបានលើកឡើងថា អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃហៅកាត់ថាសាយតេសគឺត្រូវបានអនុម័តដោយប្រទេស និងរដ្ឋចំនួន១៧៥ដែលមានទាំងប្រទេសកម្ពុជាយើងផងជាសមាជិកទី១៤០នៅក្នុងចំនួននោះ។ឯកឧត្តមបន្ថែមថា សេចក្តីព្រាងច្បាប់នេះសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកម្មវិធីគោលនយោបាយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ហើយជាឱកាសដែលកម្ពុជាអាចទទួលបានផលចំណេញលើវិស័យនយោបាយ និងសេដ្ឋកិច្ចដោយបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការចូលរួមចំណែកការពារនិងអភិរក្សធនធានសត្វ និងរុក្ខជាតិព្រៃដែលជាសម្បត្តិធម្មជាតិពិភពលោកមានតំលៃហើយសព្វថ្ងៃកំពុងរងគ្រោះថ្នាក់។
ឯកឧត្តមអ៊ុក សុខុនលើកឡើងថា ធនធានសត្វនិងរុក្ខជាតិព្រៃមានតំលៃខ្ពស់ទាំងសេដ្ឋកិច្ច វិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ធម្មជាតិ ហើយពេលនេះមានកិច្ចសហប្រតិបតិ្តការជាអន្តរជាតិនេះ គឺជាការចាំបាច់និងសំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជាយើងត្រូវការពារប្រឆាំងការធ្វើពាណិជ្ជកម្មហួសកំរិតពិសេសក្នុងនាមម្ចាស់ធនធានត្រូវការពារអោយបានល្អនិងត្រូវផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់នេះក្នុងទិសដៅការពារនិងអភិរក្សគ្រប់គ្រងប្រកបដោយចេរភាព៕
No comments:
Post a Comment