រដ្ឋាភិបាលអនុម័តច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១២
ផ្សាយថ្ងៃទី២០-១០-២០១១: ដកស្រង postkhmer

ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធម្សិលមិញ
បានធ្វើការអនុម័ត លើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ នូវទឹកប្រាក់ ចំនួន ២,៦២ ពាន់លានដុល្លារ (១០ ៧៦៧ ៩៨២ លានរៀល) សម្រាប់ការចំណាយរបស់រដ្ឋាភិបាល នៅក្នុងឆ្នាំ ២០១២ ដែលសេចក្តីព្រាងច្បាប់នេះ គឺជាការងារអាទិភាព ដើម្បីធានាស្ថិរភាព នៃកំណើនសេដ្ឋកិច្ចឲ្យនៅ៧ ភាគរយក្នុងមួយឆ្នាំ។ នេះបើយោង
តាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្ត្រីបន្ទាប់ពីកិច្ចប្រជុំបិទទ្វារ។
លោក ជាម យៀប សមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រដ្ឋសភា គ្រោងនឹងធ្វើការពិភាក្សា និងអនុម័តឆ្លងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុនេះ
នាថ្ងៃទី ២៥ ខែធ្នូ ទៅតាមប្រតិទិនរបស់រដ្ឋសភា។
លោកបន្តថា សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១២ ត្រូវបានបង្កើនថវិកាប្រមាណ ៦០០ លានដុល្លារ បើធៀបនឹងឆ្នាំទៅ ដែលមានប្រមាណ ២,៤ ពាន់លានដុល្លារ។ លោកបន្តថា៖«ដោយសារឆ្នាំនេះ ប្រទេសជួបនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលធ្វើឲ្យរដ្ឋាភិបាល គិតគូរពីការស្តារឡើងវិញ នូវវិស័យកសិកម្ម និងវិស័យអាទិភាពដទៃទៀត ដូចជា សុខាភិបាលអប់រំ អភិវឌ្ឍន៍ជនបទ»។
លោកបានបន្តថា សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុនេះ ត្រូវបានគេរំពឹងថា នឹងបញ្ជូនមកដល់រដ្ឋសភានាសប្តាហ៍ក្រោយ៕
No comments:
Post a Comment