Thursday, September 22, 2011

មន្រ្តី​រាជ​ការ​ស៊ី​វិល​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​អាច​បើក​បា្រក់​របប​សន្តិសុខ​សង្គម​តាម​ធនាគារ​អេស៊ីដា​

ផ្សាយថ្ងៃទី២២-០៩-២០១១:  ដកស្រង bayontv

ភ្នំពេញ៖ កាលពី​ល្ងាច​ថ្ងៃ​ទី២១​ ខែកញ្ញា​ ឯកឧត្តម ​អ៊ិត ​សំហេង​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធជន ​និង​យុវ​នី​តិ​សម្បទា ​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ចុះហត្ថ​លេខា​កិច្ច​ព្រម​ព្រៀង​ធ្វើ​ជា​ដៃគូ​សហប្រតិ​បត្តិ​ការ​រវាង​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​សម្រាប់​មន្រ្តី​រាជ​ការ​ស៊ីវិល ​ជាមួយ​ធនាគារ ​អេស៊ីលីដាភីអិល​ស៊ី​ក្នុង​កិច្ច​ថែរក្សា ​និង​ការពារ​សុវត្ថិភាព​លើការ​បើក​ប្រាក់​របប​សោធន ​និង​ប្រាក់​ឧបត្ថម្ភ​គោល​នយោ​បាយ​ ដល់​មន្ត្រី​រាជ​ការ​ចូល​និវត្តន៍​។

ពិធី​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង ​លោក ​ជួរ ​រតនៈ​ នាយក​បេឡាជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​រាជ​ការ​ស៊ីវិល ​និងលោក ​អ៊ិន ​ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​ ធនា​គារ​អេស៊ី​លី​ដា​ភីអិល​ស៊ី ​នៅ​សណ្ឋា​គារ​ភ្នំពេញ​។​

បេឡាជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​រាជ​ការ​ស៊ីវិល​នេះ​ ត្រូវ​បាន​បង្កើត​ដោយ​រាជ​រដ្ឋាភិបាល​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​មាន​តួនាទី​ជាអ្នក​បម្រើ​សេវា​របប​សន្តិសុខ​សង្គម​ ជូន​កាតា​លិករ​ចំនួន​៦ ​រួមមាន​ ការចូល​និវត្តន៍​ ការ​បាត់​បង់​សម្បទា​វិជ្ជាជីវៈ​ ការ​សម្រាល​បុត្រ​ គ្រោះ​ថ្នាក់​ការ​ងារ ​មរណភាព និងអ្នក​នៅ​ក្នុង​បន្ទុក​។

លោក ​ជួរ ​រតនៈ ​មាន​ប្រសាសន៍​ថា ​មូលនីធិ​ដែល​ទទួល​បាន​ភាគ​ទាន​ខាងលើ​ និង​រក្សា​ទុក​ជា​មួយ​ធនាគារ​អេស៊ីលីដា ​សម្រាប់​ការបើក​ផ្តល់​ប្រាក់​របប​សោធន ​និង​ប្រាក់​ឧបត្ថម្ភ​តាម​គោល​នយោ​បាយ​ ដល់​មន្រ្តី​រាជ​ការ​ស៊ីវិល​ចូលនិវត្តន៍​ ឬ​អ្នក​ទទួល​សិទ្ធ​នៅ​ខេត្ត​ទាំង​២៣​ដែល​មាន​សិទ្ធ​ទទួល​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

លោក ​អ៊ិន​ ចាន់នី ​មាន​ប្រសាសន៍​ថា ​នេះ​គឺ​ជា​វិវត្តន៍​ល្អ​មួយ​ទៀត​នៃ​ការ​កំណែ​ទំរង់​អភិបាល​កិច្ច​ល្អ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ស្ថា​ប័ន​សាធារ​ណៈ​គ្រប់គ្រង​មូល​នី​ធិ​របស់​ខ្លួន​តាម​ប្រព័ន្ធ​ធនាគារ​ ដែល​ធ្វើ​ឲ្យ​កាតាលិករ​ទាំង​អស់​មានជំ​នឿទុក​ចិត្ត​ច្បាស់ ​និង​ធនា​បាន​ថា​ការ​ទូ​ទាត់​ ការ​បើក​ផ្តល់​ប្រាក់​របប​សោធន​ទាំង​២៣​ខេត្ត​មាន​ភាព​លឿន​រហ័ស​ និង​រាល់​កាតាលិករ​ទាំង​អស់​អាច​បើក​ប្រាក់​ទាំង​នេះ​បាន​នៅ​គ្រប់​សាខា​ធនាគារ​អេស៊ីលី​ដា​ទាំង​អស់​ទូទាំង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​៕

No comments: