Thursday, September 1, 2011

ប្រជាកសិករ ងាកមកប្រើ គ្រឿងចក្រ​ សម្រាប់ភ្ជួរសែ្រ ច្រើនជាងមុន

ផ្សាយថ្ងៃទី៣១-០៨-២០១១
ដកស្រង dap-news

ភ្នំពេញ៖ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រជាកសិករមានការប្រើប្រាស់គ្រឿងចក្រ ធ្វើស្រែចំការច្រើន ដែលខុសប្លែក ពីឆ្នាំ២០០១ គឺកើនឡើងចំនួនជាង៤ដង ។

យោងតាមគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ឆ្នាំ២០០១ ការងារភ្ជួររាស់ដោយគ្រឿងយន្តកសិកម្ម ត្រូវបានធ្វើឡើង នៅលើផ្ទៃដីត្រឹមតែ៤សែនហិតតាទេ តែមកដល់ឆ្នាំ២០១០នេះ ការងារភ្ជួររាស់ដោយគ្រឿងយន្តកសិកម្ម បានឈានទៅដល់ប្រមាណ១,៧លានហិកតា គឺកើនឡើងចំនួន ៤,២៥ដង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

រីឯចំនួនគ្រឿងយន្តកសិកម្មគ្រប់ប្រភេទ ក៏មានកាកើនឡើង គួរឲ្យកត់សម្គាល់ផងដែរ នៅឆ្នាំ២០០១ មានត្រាក់ទ័រត្រឹមតែ៣.០៧២គ្រឿង គោយន្ត ៨.៧៨៩គ្រឿង ម៉ាស៊ីនបូមទឹកចំនួន ៦៤.៤០៦គ្រឿងតែប៉ុណ្តោះ។ ប៉ុន្តែមកដល់ឆ្នាំ២០១០នេះ កម្ពុជាមានត្រាក់ទ័រកើនឡើងដល់ ៦២.០០០គ្រឿង គោយន្ត ៦៦.៥៤៨គ្រឿង និងម៉ាស៊ីនបូមទឹកចំនួន ១៦៦.៦៣៣គ្រឿង ហើយម៉ាស៊ីនច្រូតស្រូវគ្រប់ប្រភេទចំនួន៩៤៧គ្រឿង (ម៉ាស៊ីនច្រូតស្រូវទើបមានប្រើកាលពីឆ្នាំ២០០៦)។

លោក ជឿន សុខ ប្រជាកសិករម្នាក់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឲ្យដឹងថា ឥឡូវនេះ គាត់បានងាកមកប្រើគ្រឿងចក្រ (គោយន្ត) ដើម្បីធ្វើការភ្ជួររាស់ស្រែវិញ ពីព្រោះគោយន្តបានបង្កភាពងាយស្រួលច្រើនជាងមុន ចំណាយពេលវេលាតិច ពីព្រោះបើប្រើគ្រឿងយន្ត គឺអាចភ្ជួរស្រែបានរហូតដល់៤ទៅ៥ស្រែ ប៉ុន្តែបើប្រើគោវិញ ចំណាយពេលវេលាច្រើន ហើយភ្ជួរបានស្រែតិច ជាពិសេស មិនសូវប្រើកម្លាំងរបស់ខ្លួនច្រើនគ្រាន់តែឡើង ជិះលើគោយន្តអាចបញ្ជាវាបានតាមចិត្ត។

លោកបញ្ជាក់ថា “កាលពីខ្ញុំមិនទាន់បានប្រើគោយន្តហ្នឹង គឺខ្ញុំបានយកគោភ្ជូរស្រែហើយត្រូវចំណាយពេលវេលាច្រើន និងចំណាយកម្លាំងច្រើន ដោយសារយើងប្រើគោ ឲ្យវាដើរទៅមុខ និងយើងបានស្រែកខ្លាំង ដើម្បីឲ្យគោដើរទៅមុខ ជាពិសេសត្រូវយកគោទៅលាងទឹក ទៅឲ្យវាស៊ីស្មៅដែលយើងត្រូវប្រើពេលវេលាច្រើន ប៉ុន្តែបន្ទាប់ពីខ្ញុំបានផ្លាស់ប្តូរមកប្រើគោយន្ត គឺបានសម្រួល កំលាំងបានច្រើនមែនទែន” ។

លោក ឱម នឿន ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិត្នោតជ្រុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បាននិយាយថា បន្ទាប់ពីផ្លាស់ប្តូរមកប្រើគោយន្តនេះ មានភាពងាយស្រួលជាងមុន កាលពីនៅប្រើកំលាំងគោ អូសទាញភ្ជួររាស់ស្រែ គឺបានតែនៅពេលព្រឹកទេ ហើយទំហំដីបានត្រឹមតែ១០អាទេ ប៉ុន្តែបើប្រើគ្រឿងចក្រភ្ជួរស្រែវិញ គឺបានមួយហិកតាឯណោះ ហើយត្រូវការភ្ជួរពេលណាក៏បាន មិនថាពេលព្រឹក ថ្ងៃរសៀល ឬល្ងាចទេ គឺប្រើបានគ្រប់ពេលវេលាទាំងអស់។

លោកបន្ថែមដូច្នេះ “នៅពេលដែលបានផ្លាស់ប្តូរមកប្រើគោយន្ត ជីវភាពគ្រួសាររបស់ខ្ញុំមានការខុសប្លែកច្រើនជាងកាលពីប្រើកម្លាំងគោ ពីព្រោះប្រើគ្រឿងយន្ត គឺយើងនៅសល់ពេលវេលាច្រើនសម្រាប់ធ្វើការផ្សេងទៀត ហើយនៅពេលនេះ អ្នកភូមិខ្ញុំបានផ្លាស់ប្តូរមកប្រើគោយន្តនេះច្រើនណាស់”។

លោក ច័ន្ទ សារុន មានប្រសាសន៍នៅក្នុងគេហទំព័រនោះថា ទន្ទឹមនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនគ្រឿងចក្រ និងឧបករណ៍កសិកកម្មគ្រប់ប្រភេទនេះ ការព្រួយបារម្ភអំពីប្រសិទ្ធភាពនៃការប្រើប្រាស់គ្រឿងយន្ត និងឧបកណ៍កសិកម្ម មិនបានសមស្របនឹង លក្ខណៈបច្ចេកទេសតាមស្ថានភាពដី និងទំហំផ្ទៃដីរបស់កសិករ ធ្វើឲ្យកសិករខ្មែរមួយចំនួនទទួលបានខុសស្តង់ដារ៕



 

No comments: