Thursday, September 1, 2011

កម្ពុជា​និង​អា​មេរិក​បង្កើនទំនា​ក់​ទំនង​​ទ្វេ​ភាគី​ខាង​វិ​ស័យ​យោ​ធា

ផ្សាយថ្ងៃទី៣១-០៨-២០១១

ដកស្រង kohsantepheapdaily

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​រយៈដំណើរ​​ទស្សន​​កិច្ច​របស់​លោក​​ឧ​​ត្ត​មសេ​នីយ៍​ត្រី Richard Simcock ​នាយក​ទទួល​បន្ទុក​​តំ​បន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អា​គ្នេយ៍​​ក្នុង​ការិយា​ល័យ​​រដ្ឋ​មន្ត្រី​​ក្រ​សួង​​ការ​ពារ​ជាតិ​ សហ​រដ្ឋ​អា​មេរិក​ នៅប្រ​ទេស​កម្ពុជា​រយៈ​ពេល​៣​​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​៣១​ សី​ហា ឆ្នាំ​២០១១ បាន​បង្ហាញ​ឱ្យ​ឃើញ​ទំនាក់​ទំនង​កាន់​តែ​រឹង​មាំ​​និង​ល្អ​​ប្រ​​សើរ​​​ខាង​វិ​ស័យ​យោ​​ធា​​រវាង​ប្រទេស​ទាំង​ពី​រកម្ពុជា​-អា​មេរិក​។

ក្នុង​​ដំណើរ​ទស្ស​ន​កិច្ច​នេះ​លោក Richard Simcock ​បាន​ជួប​​​ជា​មួយ​មន្ត្រី​ក្រ​សួង​ការ​ពារ​​ជាតិ​កម្ពុជា​ និង​​តំណាង​ស្ថាន​​ទូត​អា​មេរិក​​ប្រ​ចាំ​កម្ពុជា​ ដើម្បី​ពិ​ភាក្សា​អំ​ពី​ទំនាក់​ទំនង​យោ​ធា​ទ្វេភាគី​​រវាង​សហ​រដ្ឋ​អា​មេរិក​ និង​កម្ពុជា សំ​ខាន់​​ការ​ពង្រឹង​​ទំនាក់​ទំនង​លើ​វិ​ស័យ​យោ​ធា​​ឱ្យ​កាន់​តែ​​មាន​ភាព​រីក​ចម្រើន​ឡើង​។ ការ​ពិ​ភាក្សា​​​នោះ​
ផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​ឱ​កា​ស​នៃ​កិច្ច​​សហ​ប្រ​​តិ​បត្តិ​ការ​​នា​ពេល​អ​នា​គត​ក្នុង​ផ្នែក​ថែរ​ក្សា​​សន្តិ​ភាព​ សន្តិ​សុខដែន​ស​មុទ្រ​​ ជំនួយ​មនុស្ស​ធម៌​ កំណែទំ​រង់​ក្នុង​​វិ​ស័យ​​ការ​ពារ​ប្រ​ទេស និង​ការ​ប្រ​ឆាំង​ភេរ​វ​កម្ម។

លោក​​ឧ​ត្តម​សេនីយ៍​ត្រី Simcock ​​បាន​ថ្លែង​​ថា ​កិច្ច​ការ​បន្ត​របស់​ក្រ​សួង​ការ​ពារ​​ប្រទេស​​អា​មេរិក​​ក្នុង​ការ​ធ្វើ​ការងារ​​ជា​មួយ​​កង​យោ​​ធ​ពល​ខេម​រ​ភូមិន្ទ​ គឺ​ដើម្បី​អភិវឌ្ឍកង​ទ័ព​មួយ​ប្រ​កប​​ដោយ​​វិជ្ជា​ជីវ​ៈ និង​រួម​ចំណែក​ដល់​ស្ថិរ​ភាព សន្តិ​ភាព​អន្តរ​ជាតិ និង​តំ​បន់។ ក្រ​សួង​ការ​ពារ​​ប្រ​ទេស​សហ​រដ្ឋ​អា​មេរិក​សង្ឃឹម​ថា ​នឹង​ជួយ​ក​សាង​​សមត្ថ​ភាព​ជំនាញ​​របស់​​កង​​យោ​​ធ​ពល​ខេម​រ​ភូមិន្ទ​ដោយ​ទន្ទឹម​គ្នា​នោះ​ លើក​ទឹក​ចិត្ត​ឱ្យ​កង​យោ​ធ​ពល​ខេម​រ​ភូមិ​ន្ទ​បន្ត​ដើរ​​លើ​គន្លង​ផ្លូវ​នៃ​តម្លា​ភាព​ ការ​គោរពសិទ្ធិ​មនុស្ស និង​អភិបាល​កិច្ច​​​ល្អ​ប្រ​សើរ​ឡើង។

ក្នុង​ដំណើរ​ទស្ស​​ន​កិច្ច​នេះ​ផង​ដែរ ​លោក​​ឧត្តម​សេនីយ៍​ត្រី Simcock ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ សី​ហា បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​សម្ពោធ​មណ្ឌល​សុខ​ភាព​​អូរ​ឧក​ញ៉ា​ហេង​ស្ថិត​នៅ​ភូមិ​បត់​គគីរ​ ឃុំ​អូរ​ឧក​ញ៉ា​ហេង ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សី​ហនុ ដែល​បាន​ជួស​ជុល​រួច​រាល់​ជា​ស្ថា​ពរ​ដោយ​កង​​ទ័ព​ជើង​ទឹក​សហ​រដ្ឋ​អា​មេរិក​​។ ជា​មួយ​នោះ​លោក​បាន​ចូល​រួម​ក្នុង​សិក្ខា​​សាលារបស់​ក្រ​សួង​កា​​​​រ​ពារ​ជាតិ​នៅ​​ក្រុង​ព្រះ​សី​ហនុ ដើម្បី​ពិ​ភាក្សា​ការ​​រៀប​ចំ​យុទ្ធ​សាស្ត្រ​សន្តិ​សុខ​​ដែន​​សមុទ្រ​​កម្ពុជា​។

ក្នុង​ដំណើរ​ទស្ស​ន​កិច្ច​ចុង​ក្រោយ​​លោក Simcock ​បាន​អញ្ជើញ​​ទៅ​ពិនិត្យ​​មើល​ទី​តាំង​​នានា​​ដែល​បាន​ទទួល​កិច្ច​​សហ​ប្រ​តិ​បត្តិ​ការ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​​​រវាង​ស​ហរដ្ឋ​អា​មេរិក និង​កម្ពុជា​ក្នុង​​នោះ​រួម​មាន​​មជ្ឈ​មណ្ឌ​ល​ហ្វឹក​ហ្វឺន​​​ការ​ថែរ​ក្សា​សន្តិ​ភាព ម​ជ្ឈ​មណ្ឌល​ប្រ​តិ​បត្តិ​​ការ​សន្តិ​សុខ​​ដែន​សមុទ្រ​កម្ពុជា និង​កង​កម្លាំង​ពិសេស​ជាតិ​ប្រ​ឆាំង​ភេរ​វ​កម្ម​ជា​ដើម៕

No comments: