Wednesday, September 7, 2011

ចិន បង្កើនប្រសិទ្ធភាព​ ដល់ផ្កាយរណប ឃ្លាំមើល​ សភាពការណ៍ បម្រែបម្រួលធម្មជាតិ

ផ្សាយថ្ងៃទី០៧-០៩-២០១១: អន្ដរជាតិ  ដកស្រង dap-news

ប៉េកាំងៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១១ ថា ចិន បានបង្កើនប្រសិទ្ធភាពដល់ផ្កាយរណប ឃ្លាំមើលសភាពការណ៍ បម្រែបម្រួលធម្មជាតិ ។

គណៈកម្មាធិការជាតិ កាត់បន្ថយគ្រោះមហន្ដរាយ បានឱ្យដឹងថា ផ្កាយរណបធន់តូចចំនួនពីរគ្រឿង ដែលបានបង្ហោះ ឡើងតាំងពីឆ្នាំ២០០៨ ទៅកាន់ដងតារាវិថី ដើម្បីឃ្លាំមើលសភាពការណ៍ នៃការបម្រែបម្រួលគ្រោះធម្មជាតិ នាពេលនេះ ត្រូវបានបង្កើនប្រសិទ្ធភាពកាន់តែប្រសើរថែមទៀត ហើយ ដោយមានសមត្ថភាព ខ្ពស់ក្នុងការត្រួតពិនិត្យមើល សភាពការណ៍ ដែលបានកើតឡើង ពិសេសបញ្ហាកើតឡើង ដោយសារគ្រោះធម្មជាតិតែម្ដង ។

គណៈកម្មាធិការខាងលើបានចេញ សេចក្ដីប្រកាសព័ត៌មានមួយថា ចាប់តាំងពីបានបង្ហោះផ្កាយរណបចំនួនពីរ ទៅកាន់ដងតារាវិថី ដើម្បីបម្រើផ្នែកប្រតិបត្ដិការ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៨ មក ទីភ្នាក់ងាររដ្ឋាភិបាល ដែលផ្ដល់ព័ត៌មាន ស្ដីអំពីគ្រោះធម្មជាតិ បានកើនឡើង៦ដងជាងពេលមុន អំពីហេតុការណ៍ ដែលបានកើតឡើង ។

សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា លើសពីនេះទៅទៀត កម្រិតនៃការត្រួតពិនិត្យត្រូវ បានពង្រឹងបានប្រសើរ និង បានកើនឡើង១០ដង ធៀបនឹងកម្រិត វាស់ស្ទង់ទិន្នន័យនាពេលមុនៗនោះ ។

សូមបញ្ជាក់ថា ផ្កាយរណបពីរដែលត្រូវ បានគេបាញ់បង្ហោះរួចរាល់នោះ ដំបូងជាប្រភេទផ្កាយរណប អុបទិក ដែល បង្ហោះដោយប្រទេសចិន ដែលមានសកម្មភាព ប្រសើរក្នុងការស្វែងរកទិន្នន័យ និងចាប់យករូបភាព នៃសភាពការណ៍ គ្រោះធម្មជាតិដែលនឹងកើតឡើង ។

សេចក្ដីប្រកាសព័ត៌មាន ដដែលនេះបានឱ្យដឹងទៀតថា ជាង៣ឆ្នាំកន្លងមកនេះ ផ្កាយរណបទាំងពីរនេះ ស្ថិតក្រោម ការគ្រប់គ្រងក្នុងប្រព័ន្ធប្រតិបត្ដិការ មួយដែលមានស្ថិរភាព ដោយផ្ដល់នូវទិន្នន័យ ស្ដីអំពីការវាយតម្លៃគ្រោះធម្មជាតិ ដែលអាចដឹងអំពីគ្រោះធម្មជាតិ ជាង៧០ប្រភេទទៀតផង ៕

No comments: