VNដោះលែងអ្នកនេសាទ ខ្មែរ ១០៣.ន
ផ្សាយថ្ងៃទី២៦-០៨-២០១១
posthkhmer
កំពតៈ អ្នកនេសាទកម្ពុជារហូតដល់ ១០៣ នាក់ ត្រូវបានដោះលែងវិញ កាលពីម្សិលមិញ បន្ទាប់ពីនគរបាលវៀតណាម បានចាប់ខ្លួនពួកគេ ពីបទនេសាទខុសច្បាប់ ចូលទៅក្នុងសមុទ្រវៀតណាមប្រហែលជា ១២ គីឡូម៉ែត្រ ពីព្រំដែន។
កាលពីព្រឹកថ្ងៃអង្គារ អាជ្ញាធរវៀតណាមក្នុងស្រុក ហាទៀង ខេត្ត គៀន យ៉ាង បានចាប់ខ្លួនទូកនេសាទខ្មែរចំនួន ២៧ ទូក ដែលមានអ្នកនេសាទសរុបចំនួន ១០៣ នាក់ ដែលរស់នៅក្នុងសង្កាត់ក្រោយកោះ ក្រុងកំពត និងឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
លោក ណាក់ សែន តំណាងអ្នកនេសាទ សង្កាត់ក្រោយកោះ បានថ្លែងថា អ្នកនេសាទទាំងអស់ ត្រូវបានដោះលែង និងបានត្រឡប់មកផ្ទះវិញ នៅថ្ងៃព្រហស្បតិ៍។ លោកបានបន្តថា ពួកគេបានចូលទៅក្នុងដែនទឹកវៀតណាម ដើម្បីចាប់ត្រីសូម៉ុង។
លោកថ្លែងបន្តថា៖ «ត្រីសូម៉ុង គឺសំបូរក្នុងសមុទ្រវៀតណាមក្នុងរដូវនេះ។ អាជ្ញាធរវៀតណាម បានព្រមានពួកគេពីរ-បីដងរួចហើយ នៅមុនពេលឈានដល់ការចាប់ខ្លួនពួកគេ»។
លោក ហេង ចាន់ថូ អាយុ ៤៥ ឆ្នាំ ជាអ្នកនេសាទម្នាក់ ក្នុងចំណោមអ្នកនេសាទទាំង ១០៣ នោះ បានថ្លែងបន្ទាប់ពីមកដល់ផ្ទះវិញបានរយៈពេលពីរ-បីម៉ោងថា ពួកគេបានចាប់ផ្តើមចេញទៅនេសាទត្រីនៅទីនោះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន (២១ សីហា) ហើយនគរបាលវៀតណាម ប្រហែល ១០ នាក់ ជិះទូកពីរគ្រឿង បានចាប់ នឹងនាំពួកគាត់ ទៅប៉ុស្តិ៍នគរបាលរបស់ពួកគេ ដែលមានចម្ងាយ ប្រហែល ២ គីឡូម៉ែត្រពីកន្លែងកើតហេតុ។
លោកនិយាយថា៖ «ដំបូង ខ្ញុំពិតជាភ័យណាស់ ពីព្រោះខ្ញុំគិតថា នគរបាលវៀតណាម ពិតជាសាហាវ ចំពោះយើង ប៉ុន្តែពួកគេ មិនបានធ្វើអ្វីចំពោះយើងនោះទេ ឬក៏ដាក់ទោសយើងនោះទេ»។ នគរបាលវៀតណាមចិត្តល្អ។ ពួកគេ មិនបានរឹបអូសត្រីពីយើងនោះទេ ប៉ុន្តែពួកគេព្រមានយើង មិនឲ្យទៅនេសាទខុសច្បាប់ម្តងទៀតឡើយ។ លោកបានបន្តថា៖ «ពួកគេគំរាមយើងថា នឹងដាក់គុកយើង ប្រសិនបើយើង ទៅនេសាទ នៅដីពួកគេលើកក្រោយ»។
សមុទ្រវៀតណាម សំបូរត្រីជាងសមុទ្រខ្មែរ ពីព្រោះសមុទ្រខ្មែរ មានអ្នកនេសាទត្រីច្រើន រីឯអ្នកនេសាទវៀតណាមភាគច្រើននេសាទតែក្តាម និងបង្កងប៉ុណ្ណោះ។ នេះបើយោងតាម លោក ហេង ចាន់ថូ។ លោកថ្លែងបន្តថា ក្នុងរយៈពេល ៣ ថ្ងៃ ពួកគេនេសាទត្រីបានចំនួនពី ៤០០ ទៅ ៦០០ គីឡូក្រាម ក្នុងសមុទ្រវៀតណាម រីឯក្នុងសមុទ្រកម្ពុជា អាចនេសាទបាន តែប្រហែល ២០០ គីឡូក្រាមប៉ុណ្ណោះ។
លោក ស សូរិន រដ្ឋបាលជលផលខេត្ត បានថ្លែងថា នេះជាករណីធំលើកទីមួយ ដែលអ្នកនេសាទខ្មែរ ត្រូវបានចាប់យកទៅអប់រំដោយអាជ្ញាធរវៀតណាម។
រយៈពេល ៨ ខែ ក្នុងឆ្នាំនេះ អាជ្ញាធរខ្មែរ បានចាប់អ្នកនេសាទវៀតណាមខុសច្បាប់ បានចំនួន ៤ លើក។ ការនេសាទខុសច្បាប់តាមព្រំដែន រវាងវៀតណាម កម្ពុជា បានថយចុះគួរឲ្យកត់សម្គាល់ ក្នុងខេត្តកំពត ចាប់តាំងពីឆ្នាំ ២០០៨ មក។ អាជ្ញាធរខ្មែរនិងវៀតណាម គ្រោងជួបប្រជុំគ្នា នៅដើមខែកញ្ញា ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ស្តីពីការការពារជលផលនៅព្រំដែនទឹករួម។
អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ បានថ្លែងថា អាជ្ញាធរវៀតណាម បានជម្រាបអាជ្ញាធរខ្មែរ បន្ទាប់ពីអ្នកនេសាទទំាងនោះ ត្រូវបានចាប់ខ្លួន។ លោកស្មើឲ្យអាជ្ញាធរវៀតណាម ដោះលែងពួកគេហើយពួកគេ បានមកដល់ផ្ទះវិញម្សិលមិញ។ លោកបន្តថា៖ «ការចាប់ខ្លួននេះ មិនប៉ះពាល់ដល់មិត្តភាព រវាងប្រទេសទាំងពីរនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ ក្នុងការបង្ក្រាបការនេសាទខុសច្បាប់»។ លោកបន្តថា ពួកគេ ត្រូវបានដោះលែងដោយមិនមានការដាក់ទោស សូម្បីតែមួយរយរៀល៕
No comments:
Post a Comment