Friday, August 26, 2011

កម្ពុជា​-ថៃ​ព្រម​ព្រៀង​ដក​ទ័ព​បណ្តើរ​ៗ

ផ្សាយថ្ងៃទី២៦-០៨-២០១១
posthkhmer
កងទ័ពកម្ពុជា និងថៃ នៅពេលឈរជើងក្បែរប្រាសាទព្រះវិហារ
កាលពីពេលកន្លងមក

ឧត្ត​មាន​ជ័យៈ មេ​បញ្ជា​ការ​យោធា​កម្ពុជា និង​ថៃ​ បាន​ព្រម​ព្រៀង​គ្នា​ ដក​កង​ទ័ព​ និង​ពង្រឹង​សន្តិ​សុខ ជា​បណ្តើរៗ ពី​ព្រំ​ដែន​ទាំង​សង​ខាង ក្នុង​កិច្ចចរ​ចា​ទ្វេ​ភាគី​រយៈ​ពេល ២ ថ្ងៃ ដែល​បាន​បញ្ចប់ ​កាល​ពី​ម្សិល​មិញ។

លោក ជា ម៉ន មេ​បញ្ជា​ការ​​ភូមិ​ភាគ ៤ ដែល​បាន​ដឹក​នាំ​ប្រតិភូ​កម្ពុជា​ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​ព្រំ​ដែន​យោធ​ភូមិ​ភាគ ជាមួយ​នឹង​លោក ​Thawatchai Samutsakorn ​ឧត្តមសេនី​យ៍​ទោ​​ មេ​បញ្ជា​ការ​ភូមិ​ភាគ​ ២ ថៃ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា កិច្ច​ប្រជុំ​បាន​សម្រេច​លទ្ធ​ផល​ល្អ​។

បន្ទាប់​ពី​វិល​ត្រឡប់​ពី​ចូល​រួម​កិច្ច​ប្រជុំ​​ ក្នុង​ខេត្ត​ណាខុនរាជ​សីមា ប្រទេស​ថៃ រួចម​ក លោក ជា ម៉ន បាន​បញ្ជាក់​ថា៖ «ពី​មុន យើង​ពិភាក្សា​អំពី​ថា​ តើ​ត្រូវ​ចៀស​វាង​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​ដោយ​របៀប​ណា ប៉ុន្តែ​ឥឡូវ​នេះ ... យើង​ពិភាក្សា​អំពី​ថា​ តើ​ត្រូវ​ធ្វើ​ឲ្យ​សន្តិ​សុខ​ មាន​ស្ថេរ​ភាព​តាម​បណ្តោយ​ព្រំ​ដែន ដោយ​របៀប​ណា?»។ ​លោក​បាន​បន្ថែម​ទៀត​ថា ប្រទេស​ទាំង​ពីរ​ បាន​ដក​កង​ទ័ព​បណ្តើរ​ៗ​ ចេញ​ពី​តំបន់​ព្រំ​ដែន ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ​ហើយ​នឹង​គោរព​តាម​ការ​សម្រេច របស់​តុលាការ​យុតិ្ត​ធម៌​អន្តរ​ជាតិ​ កាល​ពី​ខែ​មុន ដែល​បង្គាប់​ឲ្យ​បង្កើត​តំបន់​គ្មាន​យោធា​ នៅ​តំបន់​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ​។

កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំ​ដែន​យោធ​ភូមិ​ភាគ​នេះ ​ជា​កិច្ច​ពិភាក្សា​ផ្លូវ​ការ​លើក​ទី ១ ​រវាង​ប្រទេស​ទាំង​ពីរ ចាប់​តាំង​ពី​រដ្ឋាភិបាល​ថៃ​ថ្មី​ បាន​បង្កើត​ឡើង​ក្នុង​ខែ​នេះ បន្ទាប់​ពី​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាន​ឈ្នះការ​បោះ​ឆ្នោត​ឡើង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ថ្មី ជំនួស​លោក អាភី​ស៊ីត​ កាល​ពី​ដើម​ខែ​កក្កដា។

កិច្ច​ប្រជុំ​នេះ ​នឹង​ជួយ​ត្រួស​ត្រាយ​ផ្លូវ​ ដល់​កិច្ច​ប្រជុំ​គណៈកម្ម​ការ​ព្រំ​ដែន​ទូ​ទៅ​ ដែល​គេ​ទន្ទឹម​រង់​ចាំ​ជា​យូរ​មក​ហើយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ព្រំ​ដែន​កម្ពុជា និង​ថៃ​ ដែល​ជា​ទី​កន្លែង​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ សម្លាប់​អស់​មនុស្ស​ជា​ច្រើន​នាក់ កាល​ពី​ដើម​ឆ្នាំ​នេះ​។

លោក Thani Thongpakdi ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ។

ក្នុង​ពេល​ដំណាល​គ្នា​នេះ​ដែរ មន្រ្តី​ខេត្ត​ឧត្តរ​មាន​ជ័យ ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា កម្ពុជា និង​ថៃ នឹង​បើក​ច្រក​ត្រួត​ពិនិត្យ​ព្រំ​ដែន ២ បន្ថែម​ទៀត ក្នុង​ខេត្ត​នេះ​ នៅ​ខែ​ក្រោយ ក្នុង​គោល​បំណង​សម្រប​សម្រួល​ពាណិជ្ជ​កម្ម​។

លោក ពេជ្រ​ សុឃិន ​អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ថ្លែង​ថា៖ «យើង​ចង់​ឲ្យ​ប្រជា​ជន​ទាំង​ពីរ​ ដែល​រស់​នៅ​ក្នុង​ភូមិ និង​ឃុំ​ជិត​ខាង​គ្នា អាច​ផ្លាស់​ប្តូរ​ទំនិញ​និង​ផលិត​ផល​ទៅ​វិញ​ទៅ​មក​»។

លោក​បាន​បន្ត​ថា ច្រក​ត្រួត​ពិនិត្យ​ព្រំ​ដែន ២ ថ្មី​នេះ ស្ថិត​​ក្នុង​ស្រុក​បន្ទាយ​អំពិល នឹង​ត​ភ្ជាប់​ជា​មួយ​នឹង​ខេត្ត​បូរីរាំ និង​ខេត្ត​សូរិន្ទ​របស់​ថៃ​។

ទោះ​ជា​យ៉ាង​ណា លោក ពេជ្រ សុឃិន បាន​ចង្អុល​បង្ហាញ​ថា ប្រសិ​ន​គេ​ចង់​ចូល​ទៅ​កា​ន់​ប្រទេ​ស​​ណា​មួយ​នោះ​ ពួក​គេ​អាច​ឆ្លង​កាត់​បាន​តែ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​តែ​ប៉ុណ្ណោះ៕

No comments: