Friday, August 12, 2011

UNDP ៖ យុវជន​ប្រមាណ​៣០​ម៉ឺន​នាក់​មិន​មាន​ជំនាញ​តម្រូវ​តាម​ទីផ្សារ​ការ​ងារ

ថ្ងៃទី១២-០៨-២០១១
postkhmer
​ ​កម្មករ​ជនជាតិ​ចិន​ធ្វើការនៅ​ការដ្ឋានសង់ស្ពានជ្រោយចង្វារទីពីរ។
កម្លាំង​ពលកម្ម​ជំនាញ​របស់​ប្រជា​ពលរដ្ឋខ្មែរ​នៅ​ខ្វះខាតច្រើន​។ ជីវ័ន

ភ្នំពេញៈ លោក​ស្រី​ Sophie Baranes នាយក​រង​ប្រចាំ​ប្រទេស​នៃ​កម្ម​វិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ យុវជន​កម្ពុជា​ប្រមាណ​ជា​
៣០​ម៉ឺន​នាក់ កំពុង​បោះ​ជំហាន​ចូល​មក​ក្នុង​ទី​ផ្សារ​ពលកម្ម​ក្នុង​ស្រុក​ជា​រៀង​រាល់​ ឆ្នាំ ប៉ុន្តែ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​មិន​មាន​ជំនាញ​​ដែល​និយោជក​មក​ពី​វិស័យ​ឯក ​ជន​ត្រូវ​ការ​ឡើយ។


លោក​ស្រី​បាន​បន្ត​ថា ការ​លើក​កម្ពស់​ធន​ធាន​មនុស្ស​នៅ​កម្ពុជា ទាម​ទារ​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ជា​​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ដូច​ជា រដ្ឋាភិបាល វិស័យ​ឯក​ជន និង​គ្រឹះ​​ស្ថាន​អប់​រំ​នានា​៖ «ដើម្បី​សម្រេច​បាន​ជោគ​ជ័យ​នូវ​ការ​លើក​កម្ពស់​ធនធាន​មនុស្ស ចាំ​បាច់​ត្រូវ​មាន​កម្ម​វិធី​បណ្តុះ​បណ្តាល​ប្រកប​ដោយ​និរន្តរ​ភាព ឬ​ការ​ធ្វើ​កំណែ​ទម្រង់​ការ​អប់​រំ​កម្រិត​ឧត្តម​សិក្សា»។

កាល​ពី​ម្សិល​មិញ UNDP សហ​ការ​ជាមួយ​រដ្ឋាភិបាល បាន​ចេញ​របាយ​ការណ៍​មួយ ​​មាន​ចំណង​ជើង​ថា «ទំនាក់​ទំនង​​រវាង​ធន​ធាន​មនុស្ស​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​នា​ ពេល​អនាគត» ក្នុង​គោល​បំណង​​បង្ហាញ​ទិស​ដៅ​អនុវត្ត ដើម្បី​កសាង​ធន​ធាន​មនុស្ស​ ដែល​មាន​គុណ​ភាព​ខ្ពស់ សម្រាប់​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋ​កិច្ច​។

របាយ​ការណ៍​នោះ​បាន​លើក​ឡើង​ថា៖ «បច្ចុប្បន្ន​តម្រូវ​ការ​ទី​ផ្សារ និង​ជំនាញ​ដែល​អាច​រក​បាន​មាន​គម្លាត​ខុស​គ្នា​យ៉ាង​ខ្លាំង ហើយ​គ្រឹះ​ស្ថាន​អប់​រំ​ និង​កម្ម​​វិធី​សិក្សា​ ដែល​មាន​ស្រាប់ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទី​ផ្សារ និង​តម្រូវ​ការ​របស់​វិស័យ​ឯក​ជន​ឡើយ»។

លោក ហាវ រតនៈ អគ្គ​លេខា​ធិការ​រង​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​​ជាតិ(SNEC)បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​លើ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស។ លោក​បញ្ជាក់​ថា គោល​បំណង​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​នេះ​ទាម​ទារ​ការ​ អភិវឌ្ឍ​ធនធាន​មនុស្ស​ពេល​ដំណាល​គ្នា។

ទោះ​បី​មាន​ការ​ងារ​ជា​ច្រើន ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត​ក្តី ប៉ុន្តែ​លោក ហាវ រតនៈ ​បញ្ជាក់​អំពី​ការ​ងារ​ ដែល​សម្រេច​បាន​ដោយ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ស្ថាន​ភាព​នេះ​ដែរ។

លោក​ថ្លែង​ថា ថវិកា​អប់រំ​បាន​កើន​លើស​ កាល​ពី១០​ឆ្នាំ​មុន (ឆ្នាំ​២០០០ ដល់ ឆ្នាំ​២០១០) ៨​ដង ហើយ​ថា​ វិធាន​ការ​មួយ​ចំនួន​ត្រូវ​បាន​យក​មក​អនុវត្ត បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក ដើម្បី​លើក​កម្ពស់​ការ​ងារ​។ លោក​​បាន​ឲ្យ​ដឹង​ថា មក​​ដល់​ពេល​បច្ចុប្បន្ន កម្ម​វិធី​ទាំង​នេះ បាន​ជួយ​ឲ្យ​កម្មករ​ចំនួន​៤​ម៉ឺន​នាក់ ដែល​ត្រូវ​គេ​ព្យួរ​ការ​ងារ​ ស្វែង​រក​ការ​ងារ​បាន​ធ្វើ​វិញ។

លោក​បន្ត​ថា៖ «ការ​ពិត​នេះ​ជា​ប្រការ​ចាំបាច់​សម្រាប់​រដ្ឋាភិបាល ដើម្បី​ជួយ​អភិវឌ្ឍ​ធន​ធាន​មនុស្ស តែ​វា​ត្រូវ​​ការ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​យ៉ាង​ទូលំ​ទូលាយ​ពី​ភាគី​ពាក់​ ព័ន្ធ​ និង​ដៃ​​គូ​អភិវឌ្ឍន៍​ទាំង​អស់​។

របាយ​ការណ៍​បាន​ដាក់​ចេញ​អនុសាសន៍​រយៈ​ពេល​វែង​និង​ខ្លី​មួយ​ចំនួន​ដូច​ជា​ ការ​​បញ្ឈប់​ការ​​បោះ​បង់​​​ការ​សិក្សា​របស់​កុមារ សំដៅ​លើក​កម្ពស់​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈនិង​កែ​ទម្រង់​ការ​អប់​រំ​ឧត្តម​សិក្សា៕

No comments: