កម្ពុជា និងថៃ គ្រោងពិភាក្សាដកកងទ័ពចេញពីតំបន់គ្មានយោធា
ថ្ងៃទី១២-០៨-២០១១
postkhmer
ភ្នំពេញ : លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានមានប្រសាសន៍ថា កងទ័ពប្រចាំតំបន់របស់កម្ពុជា និងថៃ គ្រោងនឹងរៀបចំកិច្ចប្រជុំទ្វេភាគី ពីថ្ងៃទី ២៤ ដល់ ២៥ សីហា ក្នុងគោលបំណង ដើម្បីត្រួសត្រាយផ្លូវ ដល់ការដាក់ពង្រាយអ្នកអង្កេតការណ៍គ្មានកាន់អាវុធឥណ្ឌូនេស៊ី និងដកទ័ពចេញពីតំបន់គ្មានយោធា ដែលសម្រេចដោយតុលាការយុតិ្តធម៌អន្តរជាតិ កាលពីខែកក្កដា។ លោកបានថ្លែងថា មេបញ្ជាការភូមិភាគ ២ របស់ថៃ និងមេបញ្ជាការភូមិភាគ ៤ របស់កម្ពុជា នឹងរៀបចំកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការព្រំដែនយោធភូមិភាគ នៅក្នុងខេត្ត នគររាជសីមា ប្រទេសថៃ ដើម្បីពិភាក្សាពីការដកកងទ័ព។
ទន្ទឹមនឹងប្រសាសន៍របស់លោក ហ៊ុន សែន លោក នាង ផាត រដ្ឋលេខាធិការនៃក្រសួងការពារជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនយោធភូមិភាគ និងលោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ រួមទាំងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់ទៀត បានរៀបចំកិច្ចប្រជុំបិទទ្វារមួយ នៅក្រសួងការពារជាតិ កាលពីម្សិលមិញ ដើម្បីពិភាក្សាពីវិធីធ្វើឲ្យទំនាក់ទំនងរវាងគណៈកម្មាធិការព្រំ ដែនភូមិភាគកម្ពុជា និងថៃល្អប្រសើរឡើងវិញក្នុងអាណត្តិនាយករដ្ឋមន្ត្រី យីង ឡាក់។
លោក នាង ផាត បានបដិសេធមិនឆ្លើយសំណួររបស់អ្នកយកព័ត៌មានទេ កាលពីម្សិលមិញ។
ប៉ុន្តែ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា កិច្ចប្រជុំបានត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនយោធភូមិភាគខាងមុខនេះ ហើយជាលទ្ធផលនឹងត្រៀមទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំ ដែនទូទៅបន្ទាប់។ លោក បានបញ្ជាក់ថា៖ «យើងរកវិធីដើម្បីស្តារទំនាក់ទំនងយោធាឲ្យបានល្អឡើងវិញ ដើម្បីកសាងសន្តិភាពនៅតាមព្រំដែន»។
ថ្លែងទៅកាន់និសិ្សតបញ្ចប់ការសិក្សា នៅឯវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានព្យាករថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃថ្មី នឹងនាំមកនូវយុគសម័យកិច្ចសហប្រតិបតិ្តការថ្មី រវាងរដ្ឋាភិបាលកម្ពុជា និង ថៃ ហើយនឹងដោះស្រាយបញ្ហាជាប់គាំងផ្នែកយោធានៅតាមព្រំ ដែន ដើម្បីស្ថិរភាព និងសន្តិភាព។ លោកបញ្ជាក់ថា៖ «ឥឡូវនេះឱកាសល្អ ដែលខ្ញុំប្រកាសថា ជាសករាជថ្មី នៃសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា និងថៃ ដែលដឹកនាំដោយភឿថៃ។ ខ្ញុំគិតថា អ្វីដែលបានកើតឡើងកន្លងទៅ ចាត់ទុកថា ជាសុបិនអាក្រក់ចុងក្រោយ ក្នុងទំនាក់ទំនងកម្ពុជា ថៃ។ យើងអាចនិយាយបានថា យើងអាចចរចាបានគ្រប់កម្រិត គ្រប់ថ្នាក់ ដើម្បីសម្រួលសភាពការណ៍ទាំងអស់»។
លោកហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា កាលពីថ្ងៃទី១០សីហា លោកបានស្នើទៅលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ឲ្យធ្វើទំនាក់ទំនងជាមួយនឹងសមភាគីថៃ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ ប៉ុន្តែពុំទាន់មានកាលបរិច្ឆេទពិតប្រាកដនៅឡើយទេ។ លោក រំពឹងថា គណៈកម្មាធិការព្រំដែនទូទៅ នឹងអាចរៀបចំបានឆាប់ ខណៈដែលលោក យុទ្ធថាសាក់ សាស៊ីប្រាផា រដ្ឋមន្រ្តីការពារជាតិថៃ ធ្វើដំណើរទស្សនកិច្ចផ្លូវការមកជួបនឹងលោក ទៀ បាញ់។
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែនបន្តថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅមិនចាំបាច់មាន វត្តមានរបស់ឥណ្ឌូនេស៊ីទេ ព្រោះនឹងមានការពិភាក្សាអំពីបញ្ហាព្រំដែនទូទៅ ដូចជា ការប្រឆាំងនឹងអំពើភេរវកម្ម។ លោកបានថ្លែងដូច្នេះថា៖ «ប៉ុន្តែករណីមួយដែលខ្ញុំមិនសូវភ្លេច បើកាលណានិយាយដល់ដី ១៧ គីឡូម៉ែត្រការ៉េ តំបន់ឥតកងទ័ព យើងចាំបាច់ត្រូវនឹកដល់ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាន ព្រោះនេះ ស្ថិតនៅក្នុងរបៀបវារៈក្រុមប្រឹក្សាសន្តិសុខ របៀបវារៈតុលាការអន្តរជាតិឡាអេ និងរបៀបវារៈ នៃអាស៊ាន តួនាទីអាស៊ាន។
ទាក់ទិនទៅនឹងការចរចា ប្រសិនបើឥណ្ឌូនេស៊ីអត់ចូលរួម ភាគីទាំងពីរ អាចពិភាក្សាគ្នាហើយបន្ទាប់មកត្រូវរាយការណ៍ជូនឥណ្ឌូនេស៊ី និងតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ហើយស្នើឲ្យមានអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីចូលក្នុងតំបន់ដែលគ្មាន កងទ័ព»។
មន្រ្តីថៃ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែ លោក យុទ្ធថាសាក់ ត្រូវបានស្រង់សម្តី ក្នុងកាសែត បាងកក ប៉ុស្តិ៍ថា៖ «បើមិនរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ យើងនឹងមិនអាចពិភាក្សាពីការដកកងទ័ពនិងអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ចូលមកក្នុងតំបន់គ្មានកងទ័ពបានទេ»៕


No comments:
Post a Comment