ថ្ងៃទី១២-០៨-២០១១
postkhmer
តម្លៃ សាំងនៅស្ថានីយប្រេងតូតាល់។ តម្រូវការប្រើប្រាស់
ប្រេងឥន្ធនៈរបស់កម្ពុជាបានកើនឡើង ដែលធ្វើឲ្យការ
នាំចូលប្រេង៦ខែឆ្នាំនេះកើនខ្ពស់។
ភ្នំពេញៈ អ្នកជំនាញឲ្យដឹងថាការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ និងការខិតខំប្រឹងប្រែងបង្ក្រាបការរត់ពន្ធខុសច្បាប់ ជាកត្តាធ្វើឲ្យការនាំចូលប្រេងរបស់កម្ពុជាកើនឡើងជិត៧២ភាគរយ។
កម្ពុជាបាននាំចូលប្រេងចំនួន ៧៥៦ ១៣៩ តោន គិតជាទឹកប្រាក់ ៦៩២លានដុល្លារ នៅឆមាសទីមួយឆ្នាំនេះ។ កាលពីរយៈពេលដូចគ្នា ឆ្នាំ២០១០ ការនាំចូលប្រេងមានបរិមាណ៤៤០ ៦០៧ តោន គិតជាទឹកប្រាក់តែ២៩៦លានដុល្លារប៉ុណ្ណោះ។ នេះបើតាមតួលេខពីក្រសួងពាណិជ្ជកម្ម។
លោក ឆេង គឹមឡុង សាស្ត្រាចារ្យសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យកម្ពុជាបានឲ្យដឹងថា កំណើននេះបាននាំមកនូវក្តីសង្ឃឹមដល់សេដ្ឋកិច្ចកម្ពុជា។
លោកបានលើកឡើងថា៖ «វាជាសញ្ញាបង្ហាញថា ផលិតកម្មឧស្សាហកម្មបានកើនឡើងស្របពេលដែលតម្រូវការប្រេងក៏កើនឡើងផងដែរ»។
លោក ប៊ិន ម៉ៃមាលា អ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ PTT របស់ថៃ បានឲ្យដឹងថា វិធានការរបស់រដ្ឋាភិបាល ក្នុងការលុបបំបាត់អំពើរត់ពន្ធ កំពុងជំរុញធ្វើឲ្យការនាំចូលប្រេងជាផ្លូវការកើនឡើង«ខ្ញុំគិត ថា នេះជាការរួមចំណែកធ្វើឲ្យមានកំណើន»។
ទោះបីជាយ៉ាងនេះក្តី PTT បានសង្កេតឃើញថា ការនាំចូលប្រេងរបស់ខ្លួនធ្លាក់ចុះតិចតួច។
PTT ជាក្រុមហ៊ុនធំជាងគេដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កម្ពុជាដើម្បី ផលិតថាមពលអគ្គិសនី ប៉ុន្តែកម្ពុជាបាននាំចូលថាមពលកាន់តែច្រើន ពីប្រទេសជិតខាងធ្វើឲ្យតម្រូវការប្រេងឥន្ធនៈរបស់ក្រុមហ៊ុន នេះត្រូវបានកាត់បន្ថយខ្លះ។
បច្ចុប្បន្ន កម្ពុជាមិនទាន់បានផលិតប្រេងដោយខ្លួនឯងនៅឡើយទេ។ មន្ត្រីរដ្ឋាភិបាលមានក្តីសង្ឃឹមថា ការរុករកប្រេងនឹងចាប់ផ្តើមនៅប្លុក A ក្នុងសមុទ្រកម្ពុជានៅដំណាច់ឆ្នាំ២០១២។
ទិន្នន័យស្តីពីទំនិញប្រើប្រាស់ប្រចាំថ្ងៃរបស់ក្រសួងពាណិជ្ជ កម្មបានបង្ហាញថា តម្លៃប្រេងសាំងនៅរាជធានីភ្នំពេញ បានកើនឡើងប្រហែល ១២ភាគរយ នៅឆ្នាំនេះ ដោយមួយលីត្រថ្លៃ ៥ ៥០០ រៀល។ កាលពីដើមឆ្នាំនេះ ប្រេងសាំងមួយលីត្រតម្លៃ ៤ ៩០០ រៀល។
លោក ឆេង គឹមឡុង បានឲ្យដឹងថា រដ្ឋាភិបាលបានឧបត្ថម្ភធនលើប្រេងឥន្ធនៈ ប៉ុន្តែបានយកពន្ធលើអ្នកប្រើប្រាស់ ដែលការធ្វើបែបនេះ បានដាក់បន្ទុកដល់អ្នកប្រើប្រាស់។
លោកបានបញ្ជាក់ថា៖ «យើងជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដូច្នេះយើងចាំបាច់ត្រូវប្រើថាមពលនាំចូលច្រើន ដើម្បីផ្គត់ផ្គង់ផលិតកម្ម»។ លោកបានបន្ថែមថា អតិថិជនចំណាយប្រាក់ប្រហែល ៧០០ ទៅ ១ ០០០ រៀល បន្ថែមទៀត សម្រាប់សាំងមួយលីត្រលើពន្ធប្រេង
ឥន្ធនៈ។
ដើមសប្តាហ៍នេះ កម្មករ និយោជិតជាង២០០នាក់បានជួបប្រជុំគ្នាដើម្បីអំពាវនាវឲ្យ រដ្ឋាភិបាលជួយបញ្ចុះតម្លៃប្រេងសាំង ដែលជាប្រភពធ្វើឲ្យទំនិញផ្សេងទៀតឡើងថ្លៃជាបន្តបន្ទាប់។
ជាទូទៅប្រេងឥន្ធនៈនៅកម្ពុជាបានឡើងថ្លៃយ៉ាងឆាប់រហ័សតាម ទីផ្សារអន្តរជាតិ ប៉ុន្តែពេលតម្លៃប្រេងនៅទីផ្សារអន្តរជាតិធ្លាក់ចុះប្រេងនៅ កម្ពុជាមិនងាយធ្លាក់ចុះតាមទេ៕
No comments:
Post a Comment