ក្រសួងសុំឲ្យមណ្ឌលសង្គ្រោះជនត្រូវគេជួញដូរ អនុវត្តតាមបទដ្ឋាន
ថ្ងៃទី១១-០៨-២០១១
postkhmer.com
ភ្នំពេញៈ រាជរដ្ឋាភិបាលបានជំរុញឲ្យមណ្ឌលទទួលជនរងគ្រោះ ដោយអំពើជួញដូរមនុស្សនៅទូទាំងប្រទេសត្រូវគោរពតាមគោល នយោបាយ និងបទដ្ឋាន ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
លោកស្រី ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែង ប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃអង្គារថា កន្លងមកនៅក្នុងកិច្ចការពារជនរងគ្រោះ មណ្ឌលនីមួយៗគ្រប់គ្រងមិនបានត្រឹមត្រូវតាមបែបបទនីតិវិធីទេ។ ក្រសួងស្នើឲ្យគ្រប់មណ្ឌលទាំងអស់ ត្រូវគោរពតាមគោលនយោបាយ បទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរ
មនុស្ស។
លោកស្រី ជូរ ប៊ុនអេង ថ្លែងថា៖«យើងមានការព្រួយបារម្ភថា យើងកំពុងធ្វើការជួយជនរងគ្រោះ ប៉ុន្តែ បែរជាមានកំហុសទៅវិញ ហើយពេលខ្លះធ្វើការ ការពារជនរងគ្រោះជ្រុលរហូតដល់ថាអ្នកឯទៀតឬក្រុម គ្រួសាររបស់គេក៏មិនអាចសង្គ្រោះឲ្យបានដូចផង»។
គោលនយោបាយបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្សបាន រៀបចំឡើង ដោយក្រសួងសង្គមកិច្ច នៅក្នុងឆ្នាំ២០០៩ ក្នុងនោះមានបទប្បញ្ញត្តិទូទៅចែកចេញជា៥ជំពូកធំៗ។ ប៉ុន្តែ គេមិនដឹងថា តើមណ្ឌលមានលទ្ធភាពអនុវត្តតាមបទដ្ឋាននេះឬទេ»។
លោក យូរ សុភ័ក្រ្ត ប្រធានការិយាល័យសុខុមាលភាពសង្គមនៃ មន្ទីរសង្គមកិច្ចរាជធានីបានមានប្រសាសន៍ថា គោលនយោបាយ មួយនេះ គឺមានគោលការណ៍ជួយដល់ជនរងគ្រោះ និងជួយតម្រង់ទិសមន្ត្រីបម្រើការនៅតាមមណ្ឌលឲ្យយល់ច្បាស់ ពីនីតិវិធីអនុវត្ត។ លោកបន្តថា៖ «នៅរាជធានីមានមណ្ឌលសង្គ្រោះកុមារប្រមាណ១០កន្លែង ដែលកំពុងដំណើរការ»។
អ្នកស្រី សឹង្ហ វាសនា ប្រធានផ្នែកសង្គ្រោះនៃអង្គការ HAGAR បានថ្លែងថា ហេតុផលនៃការរារាំងមិនឲ្យដកក្មេងទៅផ្ទះវិញ ព្រោះតែករណីនៅក្នុងតុលាការ ឪពុក ម្តាយខ្លះត្រូវជនល្មើសជនល្មើសផ្តល់ប្រយោជន៍ដល់អាណាព្យាបាល ...។ ហេតុនេះ អ្នកស្រីចង់ឲ្យមានការប្រឹក្សាពីក្រសួងយុត្តិធម៌ ដើម្បីឲ្យប្រាកដថា ការដកហូតកុមារនោះ បានធ្វើឡើងតាមនីតិវិធី៕
No comments:
Post a Comment