នាយករដ្ឋមន្រ្តីថៃៈ គណៈរដ្ឋមន្រ្តី រង់ចាំការអនុម័តពីព្រះមហាក្សត្រ
ថ្ងៃទី១១-០៨-២០១១
អន្ដរជាតិ
postkhmer.com
ក្រុងបាងកកៈ នាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃអង្គារ បានថ្លែងថា បញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីថ្មី ត្រូវបានបញ្ជូនទៅការិយាល័យលេខាផ្ទាល់របស់ព្រះមហាក្សត្រ តាមរយៈអគ្គលេខាធិការគណៈរដ្ឋមន្រ្តីដោយរង់ចាំការអនុម័តពីព្រះមហាក្សត្រប៉ុណ្ណោះ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅឯទីស្នាក់ការកណ្តាលគណបក្សភឿថៃ មួយថ្ងៃបន្ទាប់ពីត្រូវព្រះមហាក្សត្រអនុម័តទទួលស្គាល់លោកស្រីជានាយករដ្ឋមន្រ្តីស្រ្តីដំបូងរបស់ប្រទេសនេះ មិនបានប្រាប់ឈ្មោះគណៈរដ្ឋមន្រ្តីរបស់លោកស្រីទេ ដោយនិយាយតែថា រដ្ឋមន្រ្តីការបរទេសថ្មី គឺជាសមាជិកបក្សដែលមានការយល់ដឹងជ្រៅជ្រះខាងកិច្ចការបរទេស។
លោកស្រី បានបញ្ជាក់ថា៖ «វា ពិតជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែខ្ញុំបានពិចារណាយ៉ាងល្អិតល្អន់ជុំវិញការរៀបចំគណៈរដ្ឋមន្រ្តីជាមួយមន្ត្រីប្រតិបត្តិបក្សជាច្រើនរូប»។
លោកស្រីយីងឡាក់ បានថ្លែងថា៖ «ខ្ញុំមានទំនុកចិត្ត និងពេញចិត្តជាមួយនឹងការរៀបចំគណៈរដ្ឋមន្រ្តីនេះ បន្ទាប់ពីខ្ញុំបានខិតខំអស់ពីសមត្ថភាព។ យើងគួរតែផ្តល់ឱកាសឲ្យពួកគេដើម្បីធ្វើការសិនមុនពេលវិនិច្ឆ័យពីសមត្ថភាព»។
លោកស្រី យីងឡាក់ បានចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃចន្ទជាមួយនឹងការសន្យាថា នឹងបង្រួបបង្រួមប្រទេសដែលមានបញ្ហានេះ បន្ទាប់ពីព្រះមហាក្សត្រ បានអនុម័តតែងតាំងឲ្យលោកស្រី ជានាយករដ្ឋមន្រ្តីស្រ្តីលើកទីមួយរបស់ប្រទេសនេះ។
នៅក្នុងការថ្លែងសុន្ទរកថាលើកដំបូងរបស់លោកស្រីទៅកាន់ជនរួមជាតិ បន្ទាប់ពីបានទទួលព្រះរាជបញ្ជា ដែលធ្វើឲ្យតំណែងនាយករដ្ឋមន្រ្តីនេះមានលក្ខណៈជាផ្លូវការ លោកស្រី យីងឡាក់ បានសន្យាថា នឹងមានភក្តីភាពជាមួយព្រះមហាក្សត្រ ហើយបានសន្យាថានឹងពង្រឹងការផ្សះផ្សាជាតិ។
លោកពីធូនបានអានព្រះរាជបញ្ជាតែងតាំងលោកស្រី យីងឡាក់ជានាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីលោកស្រី ត្រូវបានសភាតែងតាំងឲ្យកាន់ការងារកំពូលនេះ។
លោកស្រី យីងឡាក់ បានលុតជង្គង់ ហើយគោរពព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ ខណៈលោកស្រីទទួលព្រះរាជបញ្ជាដែលចុះហត្ថលេខាអមដោយប្រធានសភាលោកស៊ុមសាក់គៀតស៊ូរ៉ាណុន និងមានការសាទរពីអ្នកគាំទ្រយ៉ាងច្រើនរួមទាំងស្វាមី និងកូនបរុសផង៕


No comments:
Post a Comment