ក្រុមហ៊ុនបដិសេធថា គ្មានការខួងភ្នំយកថ្មចេញទឹកនោះឡើយ
ថ្ងៃទី២៥-០៨-២០១១
kohsantepheapdaily
ខេត្តកំពត ៖ ក្រុមហ៊ុនស៊ឹមវុទ្ធី ដែលបានបើកការដ្ឋានជាផ្លូវការរបស់ខ្លួន កាលពីពេលថ្មីៗនេះ នៅភ្នំទ្រូងអណ្តើក ឃុំកំពង់ត្រាច ខាងលិច ស្រុកកំពង់ត្រាច មានព័ត៌មានថា បានជួបនឹងហេតុការណ៍មួយគឺខួងថ្មចេញទឹក។
ការដ្ឋានរបស់លោកស៊ឹម វុទ្ធី ដែលមានអាជ្ញាប័ណ្ណគ្រប់គ្រងភ្នំទ្រូងអណ្តើកនេះ បានឱ្យដឹងថា ក្រុមកម្មកររបស់ក្រុមហ៊ុនបានខួងផ្ទាំងថ្ម ដែលគ្រឿងចក្របានកាយរកឃើញនៅលើភ្នំនោះ ស្រាប់តែមានទឹកចេញធ្វើឱ្យអ្នកភូមិកណ្តាលទួល និយាយតៗគ្នាថា ភ្នំនេះមានបារមី។ ប្រជាពលរដ្ឋម្នាក់ឈ្មោះឡុង ខ្មៅ មានលំនៅឋានជិតភ្នំទ្រូងអណ្តើក បាននិយាយប្រាប់ថា ភ្នំទ្រូងអណ្តើកនេះកាលពីជំនាន់បារាំងគឺគេបានធ្វើប៉មនៅលើកំពូលភ្នំយ៉ាងខ្ពស់ សម្រាប់មើលពួកសត្រូវ ហើយក៏គ្មាននរណាមករុករានទេ ឯនៅជុំវិញភ្នំនេះសម្បូរទៅដោយផ្នូរខ្មោចចិន ។ លុះនៅឆ្នាំ២០១១នេះ ក្រុមហ៊ុនមួយបានមកបើកការដ្ឋានខួងយកថ្ម ស្រាប់តែមានចេញទឹកពីក្រោមភ្នំមកវិញ។ ចំណែកអ្នកស្រុកខ្លះទៀតនិយាយថា ក្រុមហ៊ុននេះបានធានារ៉ាប់រងយកថ្មគ្រប់ប្រភេទដឹកទៅស្ថាបនាផ្លូវជាតិលេខ៣១ និងលេខ៣៣ ពីស្រុកកំពង់ត្រាច ទៅកាន់ច្រកទ្វារអន្តរជាតិព្រែកចាក។
លោកអភិបាលស្រុកអ៊ុម ស៊ីណាត មានប្រសាសន៍ថា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្តែនៅជុំវិញភូមិសាស្ត្រភ្នំនេះពីមុននៅក្នុងទឹកដីស្រុកកំពង់ត្រាច តែឥឡូវកាត់ទៅឱ្យខេត្តកែបហើយ។ ចំណែកលោកស៊ឹម វុទ្ធី តំណាងក្រុមហ៊ុនបានបដិសេធព័ត៌មានដែលថា ការដ្ឋានរបស់លោកខួងថ្មចេញទឹកនោះគឺមិនពិតឡើយ។ លោកបញ្ជាក់ថា នៅក្នុងការដ្ឋានរបស់លោកត្រូវការទឹកណាស់ ជារៀងរាល់ថ្ងៃរថយន្តតែងតែដឹកទឹកឡើងទៅកាន់កន្លែងដែលខ្វះខាតទឹក។ ទោះជាមានដំណឹងថា ខួងថ្មចេញទឹកក៏ដោយ លោកស៊ឹម វុទ្ធី បានបដិសេធពីពាក្យចចាមអារ៉ាមនេះ ។
តាមការប៉ាន់ស្មាន ប្រហែលជាការខួងថ្មនៅជើងភ្នំខាងក្រោមឯណោះទេ បានជាចេញទឹក ហើយចេះតែនិយាយក្អែកមួយជាក្អែកដប់ថា ខួងភ្នំចេញទឹក៕
No comments:
Post a Comment