EU ផ្តល់ជំនួយដើម្បីលើកកម្ពស់សហគមន៍ទេសចរណ៍នៅកម្ពុជា
ថ្ងៃទី២៥-០៨-២០១១
postkmer

ភ្នំពេញៈ សហភាពអឺរ៉ុប នឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងសហគមន៍ក្រីក្រ។
គម្រោងមានទឹកប្រាក់សរុប ២,៨៧លានដុល្លារ នឹងផ្តល់ឲ្យប្រទេស៦នៅ អាហ្វ្រិក និងអាស៊ី ក្នុងនោះមានកម្ពុជាផងដែរ។ នេះបើតាមបណ្តាញសារព័ត៌មានអន្តរជាតិមួយចេញផ្សាយពីថ្ងៃអង្គារ។
ជំនួយនេះនឹងត្រូវអនុវត្តដោយ អង្គការអភិវឌ្ឍន៍ប្រទេស ហូឡង់ គាំទ្រដោយអង្គការទេសចរណ៍ពិភពលោក នឹងផ្តោតជាសំខាន់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សនៅតាម សហគមន៍ក្រីក្រ និងគ្មានការងារធ្វើ។
លោក Trevor Piper អ្នកដឹកនាំគម្រោងទេសចរណ៍ប្រកបដោយនិរន្តរភាពគាំទ្រអ្នកក្រីក្រ នៃ អង្គការអភិវឌ្ឍន៍នៃប្រទេសហូឡង់ SNV ប្រចាំនៅកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា SNV នឹងចេញសេចក្តីប្រកាសព័ត៌មាននៅចុងសប្តាហ៍នេះ ដែលនឹងផ្តល់ព័ត៌មានលម្អិតអំពីជំនួយនេះនៅកម្ពុជា។
មិនអាចទាក់ទាក់មន្ត្រីក្រសួងទេសចរណ៍ជុំវិញគម្រោងនេះបានទេកាលពីថ្ងៃអង្គារ។
លោក រុន ភារ៉ា អនុប្រធានទេសចរណ៍ខេត្តក្រចេះ បានលើកឡើងថា កន្លងមកក្រសួងទេសចរណ៍បានសហការជាមួយអង្គការ SNV និងអង្គការទេសចរណ៍ពិភពលោក រៀបចំគម្រោងផ្លូវទស្សនាមេគង្គ ជួយសហគមន៍ចំនួន៨ ពីខេត្តក្រចេះ និងស្ទឹងត្រែងតាំងពីឆ្នាំ២០០៧មក។
លោកបន្តថា គម្រោងនោះបានជួយដល់ ប្រជាជនតាមសហគមន៍ដូចជាការបណ្តុះបណ្តាលល្ខោនស្បែកតូច ភ្លេង ជំនាញធ្វើម្ហូប សិប្បកម្ម និងមគ្គុទេ្ទសក៍នៅតាមសហគមន៍និងរបៀបបដិសណ្ឋារកិច្ចផងដែរ។
លោកបានបន្តថា៖ «ខ្ញុំឃើញថា ប្រជាជនមានការផ្លាស់ប្តូរច្រើន កន្លងមកគាត់ធ្លាប់តែនេសាទ ធ្វើតែកសិកម្ម ឥឡូវគាត់មានវិជ្ជាជីវៈ អាចរកចំណូលបន្ថែម»៕
No comments:
Post a Comment