Thursday, August 25, 2011

ដឹក​ថ្ម​​ចេញ​ពី​ភ្នំ​តា​ម៉ុក​ក្រ​ឡាប់​រថយន្ត​ធ្លាក់​ក្នុង​ស្រែ

ថ្ងៃទី២៥-០៨-២០១១
kohsantepheapdaily

ខេត្ត​កំពត ៖ រថយន្ត​​កូ​រ៉េ​​ទម្ងន់​២​តោន​កន្លះ​មួយ​គ្រឿងដឹក​ថ្ម​ចេញ​ពី​​ភ្នំ​តា​ម៉ុក​បាន​ក្រ​ឡាប់​ចាក់​​ថ្ម​ចោល​​អស់​ទៅ​ក្នុង​ស្រែ កាល​ពី​វេ​លា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៣ សី​ហា នៅ​​កំណាត់​ផ្លូវ​ជាតិ​​​លេខ​៣៣​ត្រង់​ចំណុច​ភូមិ​ដំណាក់​ក្រ​ឡាញ់​ ឃុំ​ភ្នំ​ប្រា​សាទ ​ស្រុក​កំពង់​ត្រាច។

តាមព័ត៌​មាន​ពីមន្ត្រី​​ប៉េ​អឹម​ស្រុក​បា​ន​​និយាយ​ថា ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះបង្ក​ឡើងដោយ​​ខ្លួនឯង​ហើយ​ក៏​គ្មាន​កម្ម​ករ​ណា​​ម្នាក់​​គ្រោះ​ថ្នាក់​ដល់​អាយុ​ជី​វិត​ដែរ។ ប៉ុន្តែ​អ្វី​ដែល​មាន​ការ​ខាត​បង់​នោះ​គឺ​សន្ទូង​របស់​ប្រ​ជា​​ពល​រដ្ឋ​រង​ការ​​ខូច​ខាត​ដោយ​សារ​តែ​រថយន្ត​ក្រ​ឡាប់ចាត់​​ថ្ម​ដែលពេញ​ព្រៀបនោះ​​លើ​សន្ទូង​។ ប្រ​ភព​បន្តថា ​មូល​ហេតុ​នៃ​ការ​​ក្រ​ឡាប់​រថយន្ត​មក​ពី​រថយន្ត​​ដាច់​រ៉ូ​ទីល​។ ក្រោយពេលកើត​ហេតុ អ្នក​បើក​បរបាន​រត់​​គេច​ខ្លួន​បាត់​។ ម្ចាស់​រថយន្ត​ឈ្មោះ​ប៊ាវ​​នៅ​ស្រុក​កំពុង​ត្រាចបាន​និយាយបែ​ប​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខូច​ខាត​ថា គ្មាន​អ្នក​ណា​​ចង់​ឱ្យ​ជួប​ហេតុ​ការ​ណ៍​ដ៏​អាក្រក់​នេះ​ទេ ប៉ុន្តែ​​វា​ជា​រឿង​ចៃ​ដន្យ​។ មន្ត្រី​ប៉េ​អឹមរូប​នោះ​បញ្ជាក់ថា ​អ្នក​រក​ស៊ី​នៅ​ស្រុក​កំពង់​ត្រាច​ប្រើ​ប្រាស់​តែរថយន្ត​ចាស់​ៗ ហើយ​ដឹ​ក​ធ្ងន់ៗ​អាចជា​ហេតុ​បង្ក​ឱ្យមានគ្រោះ​ថ្នាក់​ដល់​អ្នក​ដ​ទៃ​ជា​យ​ថា​ហេតុ​ ពេល​កំពុង​ធ្វើ​​ចរាចរណ៍​នៅ​ទី​ប្រ​ជុំ​ជន​។

ចំណែក​ឯតំបន់​ភ្នំ​តា​ម៉ុក​ឯ​ណោះ​វិញ​ស្ថិត​នៅ​ឃុំ​ស្តេច​គង់ខាង​ត្បូង ស្រុក​បន្ទាយ​មាស​អាជ្ញា​ធរ​ស្រុក​បាន​ហាម​ឃាត់​រួច​ហើយ​ថា កុំ​ឱ្យ​អ្នក​រក​ស៊ី​ដាក់​បំ​ផ្ទុះ​គ្រាប់​យក​ថ្ម​ធ្វើ​អាជី​វកម្មទៀត​​ ហើយ​បម្រាម​​ទាំង​​នោះ​​ភ្នំ​ខ្លះ​ក៏​ត្រូវ​បាន​ស្ងប់​ស្ងាត់​ឯ​អ្នក​ស្រុក​​ឈប់​ធ្វើ​សកម្ម​ភាព​ដោយ​សារ​តែ​ក្រុម​អាជ្ញា​ធរ​​មូល​ដ្ឋាន​ក៏​ដូច​ជា​ប៉ូ​លិស​ស្រុក​បានព្រ​មាន​លើ​ការ​​យក​ថ្ម​លក់​។

តែ​បើ​គេ​ក្រ​ឡេក​​មើលទៅ​ភ្នំ​តា​ម៉ុក​វិញ​ ជា​ភ្នំ​ជាប់​ព្រំ​ប្រ​ទល់​ស្រុក​កំពង់​ត្រាច​ និង​ស្រុក​បន្ទាយ​មាស​​ទំនង​ជា​អាជ្ញា​ធរ​ស្រុក​បន្ទាយ​មាស​មិន​ទាន់​បាន​ដឹង​រឿង​ក្រុម​ឈ្មួញ​កំពុង​តែ​បំ​ផ្លាញ​ភ្នំ​ទេ រហូត​​មក​ដល់​ពេល​នេះ​ក្រុម​ឈ្មួញ​​នៅ​តែ​មាន​ការ​ដឹក​ជញ្ជូន​ថ្ម​េចញ​យ៉ាង​​អនា​ធិប​តេយ្យ​៕

No comments: