Thursday, August 25, 2011

ចោរមួយក្រុម ឆក់របស់ បានសម្រេច ៣ករណី នៅពេលតែមួយ ក្នុងពិធី ខនសឺត តាំងពិព័រណ៍ ពាណិជ្ជកម្ម ផ្សារណាត់ វៀតណាម ក្នុងពហុកីឡដ្ឋាន ខេត្ដកំពត

ថ្ងៃទី២៥-០៨-២០១១
kohsantepheapdaily

កំពត ៖ មានការឆោ ឡោឡើង កាលពី វេលាម៉ោង ៦និង៣០នាទី យប់ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១១ នៅក្នុងបរិវេណពហុកីឡ ដ្ឋានខេត្ដកំពត ស្ថិតក្នុងភូមិក្រាំងអំពិល សង្កាត់ក្រាំងអំពិល ក្រុងខេត្ដកំពត នៅពេល ដែលអាជ្ញាធរខេត្ដ បានរៀបចំពិធីសម្ដែង ខនសឺត មានសិល្បករ សិល្បការិនីល្បីៗនៃ ព្រះរាជាណាចក្រកម្ពុជា មកសម្ដែងជូន ប្រជាពលរដ្ឋមើលកម្សាន្ដ និងបង្កើតជាផ្សារ ណាត់មិត្ដភាព កម្ពុជា-វៀតណាម ពិព័រណ៍ ពាណិជ្ជកម្ម មានលក់ដូរគ្រឿងឧបភោគ បរិភោគ និងសម្ភារៈចម្រុះ សម្រាប់ឱ្យមហា
ជនជួយគាំទ្រទិញផលិតផលទាំងនោះ ហើយ ការរៀបចំខាងលើនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១១ ប៉ុន្ដែចៃដន្យ ទើបតែបានបើកក្បាល នៅយប់ថ្ងៃដំបូងប៉ុណ្ណោះ ត្រូវបានមហាជន ដែលចូលទៅកម្សាន្ដនោះ មានការឆោឡោ ឡើង ផ្អើលអស់គ្រប់ៗគ្នា នៅក្នុងទីនោះ ដោយមានវត្ដមានក្រុមចោរដៃឆើតប្រុសស្រី មួយក្រុម បានធ្វើសកម្មភាពឆក់ខ្សែក កាបូបលុយ និងទូរស័ព្ទដៃព្រមៗគ្នា ក្នុង ពេលវេលាតែមួយ ដោយមិនខ្លាចរអែង សមត្ថកិច្ចណាមួយ កំពុងរក្សាសន្ដិសុខនៅទី នោះឡើយ ហើយការឆក់នេះធ្វើឡើងដោយ សុវត្ថិភាព។
យោងតាមប្រភពពីកងរាជអាវុធហត្ថ (អ.ហ)ក្រុងកំពត បានឱ្យដឹងថា នៅពេលវេលាខាង លើ មានចោរមួយក្រុម មានគ្នាពី ៦-៧ នាក់ បានធ្វើសកម្មភាពល្មើស ឆក់ខ្សែក កាបូប លុយ និងទូរស័ព្ទដៃពីភ្ញៀវចូលទៅកម្សាន្ដ នៅទីនោះយកទៅដោយសុវត្ថិភាព មាន ៣ករណីផ្សេងគ្នា ក្នុងពេលវេលាតែមួយ នៅ ពេលដែលភ្ញៀវ ទស្សនាកម្សាន្ដ ភាគច្រើន កំពុងសប្បាយ មិនបានចាប់អារម្មណ៍ដល់ ករណីនេះ ប៉ុន្ដែទោះបីជាយ៉ាងណាក្ដី សមត្ថ កិច្ចបានដៅមុខសញ្ញាជនល្មើស មួយចំនួន ដើម្បីឈានទៅរកការចាប់ខ្លួន យកមកផ្ដន្ទា ទោសតាមច្បាប់ដែរ។
នៅពេលរៀបធ្វើ សកម្មភាពឆក់កាបូបនារីម្នាក់ ត្រូវបានថៅ កែស្ដង់លក់ម្នាក់ថតរូប សម្គាល់អតិថិជន ដើម្បីរាយការណ៍ជូនថ្នាក់លើ ដែលជាថៅកែ ធំថា បើការដាក់លក់ឥវ៉ាន់នេះ មានអតិថិជន មកទិញឥវ៉ាន់តិច ឬក៏ច្រើននាក់ ចៃដន្យក៏ បានថតប៉ះជនសង្ស័យ កំពុងនិយាយទូរស័ព្ទ ដៃម្ខាង ឯដៃម្ខាងទៀត លូកទាញកាបូបពី នារីជាជនរងគ្រោះ កំពុងឈរនៅខាងឆ្វេង ដៃចោរ។
អ.ហ ដដែលបានឱ្យដឹងទៀតថា អ្នករងគ្រោះបាត់របស់មានគ្នា ៣នាក់ ទី១ ឈ្មោះ អ៊ុក ចាន់ណាក់ ភេទស្រី អាយុ ២៣ ឆ្នាំ ជានិស្សិត រស់នៅភូមិទល់ ឃុំមានជ័យ ស្រុកឈូក ខេត្ដកំពត ត្រូវចោរឆក់កាបូប យកអស់លុយ ១៤ម៉ឺនរៀល , កាតកូនសិស្ស១ និងអត្ដសញ្ញាណ១។ ទី២ កុមារីឈ្មោះ ម៉ៃ ស្រីម៉ី អាយុ ៤ឆ្នាំ រស់នៅ ក្នុងបន្ទុកគ្រួសារ ភូមិទ្វីខាងត្បូង សង្កាត់ អណ្ដូងខ្មែរ ក្រុងកំពត ត្រូវចោរឆក់ខ្សែក យកបាត់ចំនួន ១ជីកន្លះផ្លាទីន នៅពេលកំពុង ដើរពីមុខម្ដាយ និងទី៣ ជាស្ដ្រីមិនបានស្គាល់ ឈ្មោះ បាត់ខ្សែក ចំនួន ២ជី ក្រោយពីបាត់ ក៏សម្រេចចិត្ដវិលត្រឡប់ទៅផ្ទះវិញ ។
គួរ បញ្ជាក់ដែរថា កន្លងមកនៅពេលដែលមាន រៀបចំកម្មវិធីផ្សេងៗ ក្នុងទឹកដីខេត្ដកំពត តែងតែមានក្រុមចោរឆ្លៀតឱកាស ធ្វើសកម្ម ភាពបានដោយជោគជ័យ ខណៈ ទស្សនិកជន និងអតិថិជនជាច្រើន ពុំបានចាប់អារម្មណ៍ ដូច្នេះមានតែភ្ញៀវជាអតិថិជន ឬទស្សនិក ជនខ្លួនឯងទេ ដែលត្រូវប្រុងប្រយ័ត្ន ការពារ របស់របរដោយខ្លួនឯង ហើយកុំសង្ឃឹមលើ កម្លាំងសមត្ថកិច្ចខ្លាំងពេក ពីព្រោះជួនកាល កម្លាំងទាំងនោះមើលពុំបានគ្រប់ជ្រុងជ្រោយ ប៉ុន្មានទេ៕

No comments: