cen.com
កំពត: សាលាខេត្តកំពត បានដាក់ចេញនូវវិធានការតឹងរ៉ឹងថ្មីមួយទៀត ចំពោះការផាកពិន័យ និយោជក ឬថៅកែ ម្ចាស់ការដ្ឋានផលិតអំបិល ទៅតាមច្បាប់ ស្តីពី ការងារ ក្នុងករណីមានកុមារធ្វើពលកម្ម នៅតាមការដ្ឋានផលិតអំបិលណាមួយនោះ។
វិធានការថ្មីដូច្នេះ ត្រូវបានធ្វើឡើង ដោយសារកាលកំណត់ ស្តីពី ការអនុវត្តគម្រោងទី២ នូវការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដែលខេត្តកំពត ទទួលការងារបំបាត់ឱ្យអស់លើផ្នែកស្រែអំបិល ជិតផុតរយៈពេលទៅហើយ តែអាជ្ញាធរខេត្តសង្កេតឃើញថា វិធានការទប់ស្កាត់ និងលុបបំបាត់ទាំងស្រុង ក្នុងការប្រើប្រាស់កម្លាំងកុមារ នៅពុំទាន់អនុវត្តបានដោយរលូននៅឡើយ។
ខ្លឹមសារនេះ ត្រូវបានគណៈកម្មការ ដែលមានឈ្មោះ “លុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារខេត្ត” ប្រកាសឱ្យដឹងក្នុងកិច្ចប្រជុំរបស់ខ្លួន កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជា សមត្ថកិច្ចរដ្ឋបាលឃុំសង្កាត់ និងស្ថាប័នពាក់ព័ន្ធដទៃទៀត យកទៅផ្សព្វផ្សាយបញ្ជ្រាបដល់និយោជក ម្ចាស់ការដ្ឋានផលិតអំបិល ក្នុងបំណងអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលជាផ្នែកមួយចូលរួមក្នុងកិច្ចការអនុវត្តគម្រោងទី២ របស់ ILO/IPEC ឱ្យបានសម្រេចជោគជ័យ។
លោក ជួង ស៊ីវវុត ប្រធានគណៈកម្មការលុបបំបាត់ពលកម្មកុមារខេត្តកំពត មានប្រសាសន៍ក្នុងកិច្ចប្រជុំថា សម្រាប់ខេត្តកំពត ដែលអនុវត្តគម្រោងទី២ របស់ ILO/IPEC នឹងផុតរយៈពេល ១ ខែខាងមុខនេះ ហើយជាលទ្ធផលមកដល់ពេលនេះ សម្រេចបាន ៩០,០៥ ភាគរយហើយ។
តំណាងអាជ្ញាធរខេត្តបានបញ្ជាក់ថា នេះជាមោទនភាពរបស់គណៈកម្មការលុបបំបាត់ពលកម្មកុមារខេត្ត បន្ទាប់ពីមន្ទីរការងារជាភ្នាក់ងារ អនុវត្តគម្រោង និងស្ថាប័នមួយចំនួន ជាភ្នាក់ងារប្រតិបត្តិបានធ្វើសកម្មភាព តាមកាលកំណត់រយៈពេល ១៨ខែ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១០ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១។
អាជ្ញាធរបញ្ជាក់ថា សាលាខេត្តកំពត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១១ បានចេញសេចក្តីណែនាំមួយ បន្ទាប់ពីសង្កេតឃើញថា វិធានការទប់ស្កាត់ និងលុបបំបាត់ទាំងស្រុង ក្នុងការប្រើប្រាស់កម្លាំងពលកម្មកុមារលើវិស័យការងារនានា នៅពុំទាន់អនុវត្តបានរលូននៅឡើយ ពិសេសផ្នែកផលិតអំបិល ម្ល៉ោះហីយទើបលោកអភិបាលខេត្តបានដាក់ចេញនូវវិធានការមួយចំនួន។ ក្នុងនោះ ខ្លឹមសារសំខាន់ត្រង់ចំណុចមួយចែងថា ករណីនិយោជក ឬម្ចាស់ការដ្ឋានផលិតអំបិលណា រឹងរូសមិនព្រមគោរពតាមបទបញ្ញត្តិច្បាប់ និងបទបញ្ជានានា ត្រូវអនុវត្តការផាកពិន័យតាមច្បាប់ស្តីពីការងារ៕
តទៅបើនៅមានរូបភាពបែបនេះទៀត ម្ចាស់ការដ្ឋាន
នឹងប្រឈមការផាកពិន័យតាមច្បាប់ស្តីពីការងារ
នឹងប្រឈមការផាកពិន័យតាមច្បាប់ស្តីពីការងារ
No comments:
Post a Comment