Thursday, August 25, 2011

រថយន្តដឹកឈើ3ម៉ែត្រគូបគេយកទៅលាក់ទុកនៅជើងភ្នំបូកគោ

ថ្ងៃទី២៥-០៨-២០១១
kohsantepheapdaily

ខេត្ត​កំពត​ ៖ រថយន្ត​កូរ៉េ​​​មួយ​គ្រឿង​​​គ្មាន​ស្លាក​លេខ​​​​ ដឹក​ឈើ​ចេញ​ពី​​ឧទ្យាន​​​ជាតិ​ព្រះ​​​មុនីវង្ស​​បូកគោ​​​ បានត្រូវ​​​​​មន្ត្រី​ឈូងសមុទ្រ​​ប្រចាំ​​​ខេត្ត​កំពត​​ ស្ទាក់​​ចាប់​​នៅ​លើ​​ផ្លូវ​​ជាតិ​លេខ៣​ ត្រង់​ចំណុច​​​ភូមិ​​កែបថ្មី ឃុំ​បឹង​​ទូក​ ស្រុក​​ទឹកឈូ ​​កាល​ពី​​​​វេលា​​​ម៉ោង​​​២រំលងអធ្រាត្រ​​ឈាន​​ចូល​​ថ្ងៃទី​​២៤ សីហា ។ ​​មិន​មាន​ប្រភព​​​ព័ត៌​មាន​លម្អិត​​​អំពី​​កម្លាំង​​​​ប្រដាប់​​អាវុធ​ចាប់​​រថយន្ត​​ដឹក​ឈើ​​ចូល​​​ក្រុង​កំពត​នេះ​​ទេ ប៉ុន្តែ​​បើ​តាម​​​ព័ត៌​មាន​​​ខ្លះ​ថា ​មាន​រថយន្ត​២គ្រឿង​​​​ជាក្រុម​អធិការ​​ដ្ឋាន​ឈូង​សមុទ្រ​​កូន​ចៅ​​របស់​​លោក​ ជ វ៉ាងលី នាយ​ផ្នែក​​​រដ្ឋបាល​​​​ព្រៃ​ឈើ​​ស្រុក​ឈូក​ ជាអ្នក​​រៀបចំ​កម្លាំង​នេះ​ឡើង​ ។

ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ​ឆាយ ​​​មិន​​បាន​និយាយ​ ​អ្វីច្រើន​ទេ​ ​ទោះបី​សមត្ថកិច្ច​​​ចាប់​យក​​រថយន្ត​ក៏ដោយ គឺគ្រាន់​តែ​​និយាយ​​ថា ពេល​​​​​​កម្លាំង​​សមត្ថ​កិច្ច​​​ចាប់ហើយក៏យក​​រថយន្ត​ទៅ​ចត​ចោល​​នៅ​​ជើងភ្នំ​​បូកគោ ​រីឯ​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​​​​ទើបតែ​​បាន​ទទួល​​រថយ​ន្ត​​​ដឹកឈើ​​​នេះ​នៅ​​វេលា​​​ម៉ោង​​៧​​ព្រឹក​​​ថ្ងៃទី​​២៤ សីហា ។ ​បើ​តាម​​ដឹង​នៅ​វេលា​​រំលង​អធ្រាត្រ​​​នោះ ​មាន​​កម្លាំង​​​ប្រដាប់​​អាវុធ​​ដែល​គេអះអាង​​ថា ជា​ក្រុម​​សមត្ថ​កិច្ច​​​​ឈូងសមុទ្រ​​​ជា​អ្នក​ចាប់​​ ហើយ​ទំនង​ជា​​ចរចា​គ្នា​រឿង​លុយ​កាក់​​​មិនត្រូវ​​ទើប​​ក្រុម​នេះ​​បើក​រថ​យន្ត​​យក​ទៅ​​​លាក់​ទុក​នៅ​​​​ជើង​ភ្នំបូកគោ​ តែ​ដោយ​បែក​ការណ៍​​​ទើប​លោក​​​គង់ ​​ពុទ្ធារ៉ា ​នាយ​រង​អធិការ​​​ដ្ឋាន​​​ឈូង​​សមុទ្រ​​​ចេញ​​មុខ​មក​​នាំ​រថយន្ត​​​ដឹក​ឈើ​នេះ​មក​កាន់​​​ទីស្នាក់​ការ​​រដ្ឋបាល​ព្រៃឈើ​​ខេត្ត ។

មន្ត្រី​​​រដ្ឋបាល​​ព្រៃឈើ​​បាន​ឱ្យដឹងថា ឈើ​នេះ​អាច​ដឹក​ចេញ​​ពីជួរភ្នំឧទ្យាន​ជាតិ​តែមិន​​​មាន​ឈើ​​​លេខ១​ទេ ហើយ​​តាម​ការ​វាស់​វែង​​គឺ​មាន​ចំនួន​​​៣ម៉ែត្រ​គូប ។ លោក​ហេង ​​វន្ថា​ អភិបាល​​រង​ខេត្ត​ បាន​​មាន​ប្រសាសន៍​​​ថា ​កម្លាំង​ឈូង​សមុទ្រ​​​មាន​នៅ​​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពត​ ប៉ុន្តែ​​លោក​មិន​ដឹង​​ថា​​ក្រុម​​​ដែល​ចាប់​នោះ​មកពី​ខាង​ណា​​ខ្លះ​ទេ ។ ​ជា​រឿយៗ​គេ​បាន​​សម្គាល់​​ឃើញ​​ថា ឱ្យ​​តែ​មាន​បញ្ហា​​អ្វី​កើត​ឡើង​​អ្នក​ទទួល​ខុស​ត្រូវ​​​ស្ថាប័ន​ពាក់ព័ន្ធ​តែងតែ​ធ្វើ​ការ​​បដិសេធ​ថាមិន​​​មែន​ជា​កម្លាំង​របស់​ខ្លួន​​ទេ ដូច្នេះ​ធ្វើ​ឱ្យគេ​​​​​សន្និដ្ឋាន​​ថា ​អ្នក​ស្ទាក់​ចាប់​​រថយន្ត​ដឹកឈើ​នេះ​ជាកម្លាំង​​ក្រុម​ចោរព្រៃ​​​​ហើយ​សមត្ថកិច្ច​​​គួរតែ​​​​ស្វែងរក​​​ចាប់​​ខ្លួន៕

No comments: