Wednesday, August 10, 2011

សមាគម​អាស៊ាន​​​នឹង​ដោះស្រាយ​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន

ថ្ងៃទី១០-០៨-២០១១
អន្ដរជាតិ
voanews

លោក ស៊ូរិន ពិតសុវណ្ណ (Surin ​Pitsuwan) អគ្គលេខាធិការ​សមាគម​​អាស៊ាន​

រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​និង​មន្រ្តី​ជា​ច្រើន​ផ្សេង​ទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​​​ដែល​ត្រូវ​បាន​ស្គាល់​ថា​អាស៊ាន​ បាន​ជួប​​ប្រជុំ​គ្នា​នៅ​កោះ​បាលី​​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​កន្លង​ទៅ​នេះ។ ពួក​គេ​រំពឹង​ថា​នឹង​ផ្តោត​​​លើ​ជម្លោះ​រវាង​ប្រទេស​ចិន​​និង​សមាជិក​អាស៊ាន​​​ស្តី​ពី​សិទ្ធិ​ក្នុង​ការ​កាន់​កាប់​អណ្តូង​ប្រេង ​និង​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​នៅ​ក្នុង​​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ ស៊ូរិន ពិតសុវណ្ណ (Surin ​Pitsuwan) អគ្គលេខាធិការ​អាស៊ាន​មាន​ប្រសាសន៍​​នៅ​ពេល​នោះ​ថា​​ អាស៊ាន​នឹង​បោះ​មួយ​ជំហាន​ទៀត ​ដើម្បី​​ក្លាយ​ជា​សមាគម​រួប​​រួម​គ្នា​​ ដែល​នឹង​និយាយ​ក្នុង​សំឡេង​តែ​មួយ​លើ​បញ្ហា​សន្តិសុខ។

លោក ពិតសុវណ្ណ​ បាន​ថ្លែងថា៖​ «ការ​ប្រជុំ​នេះ​ជា​ទិដ្ឋភាព​​មួយ​របស់​សមាគម​អាស៊ាន ​ដែល​អាច​មាន​លទ្ធភាព​​បង្កើត​តួនាទី​ជា​រួម​លើ​បញ្ហា​នានា​ ដែល​សហគមន៍​អន្តរជាតិ​​បាន​និង​កំពុង​ជួប​ប្រទះ​ ហើយ​ពិត​ជា​ស្ថិតក្នុង​ភាព​បន្ទាន់​សម្រាប់​យើង ​ដើម្បី​ធានា​ថា​​តំបន់​នេះ​មាន​សន្តិភាព​ ស្ថិរភាព ​និង​​​សន្តិសុខ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ អាស៊ាន​នឹង​រៀបចំ​ការ​ប្រជុំ​ថ្នាក់​ខ្ពស់​ជា​បន្ត​បន្ទាប់​​នៅ​កោះ​បាលី​ដោយ​រួម​មាន​វេទិកា​តំបន់​អាស៊ាន​ដែល​នឹង​ផ្តោត​លើ​បញ្ហា​សន្តិសុខ។ ក្រៅ​ពី​រដ្ឋមន្រ្តី​ការ​បរទេស​ជា​ច្រើន​ដែល​មក​ពី​ប្រទេស​សមាជិក​​អាស៊ាន​ លោក​ស្រី​​ហ៊ីលឡារី​ គ្លីនតុន (Hillary Clinton) ​និង​អ្នក​តំណាង​មក​ពី​ប្រទេស​ចិន​ រុស្សី ​ជប៉ុន​ សហភាព​អឺរ៉ុប និង​​​ប្រទេស​ផ្សេង​ទៀត​ក៏​នឹង​​ចូល​រួម​ដែរ។

លោក​ ពិតសុវណ្ណ​ មាន​ប្រសាសន៍​ថា​ ការ​ដោះស្រាយ​​ជម្លោះ​រវាង​ចិន​ តៃវ៉ាន់​ និង​សមាជិក​អាស៊ាន ​ដែល​រួម​មាន​ប៊ុ្រយណេ​ (Brunei) ​ម៉ាឡេស៊ី​ (Malaysia) ហ្វីលីពីន (Philippine) និង​​វៀតណាម ​(Vietnam)​ អំពី​ការ​ប្រជែង​ទាមទារ​​​​ការ​​​គ្រប់គ្រង​អណ្តូង​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​ក្លាយ​ជា​បញ្ហា​អាទិភាព​មួយ​របស់​អាស៊ាន។

លោក​ពិតសុវណ្ណ​ បាន​និយាយ​ទៀត​ថា​ «ជំហរ​រួម​គ្នា​​របស់​អាស៊ាន​គឺ​ថា​ពួក​យើង​ទាំង​អស់​គ្នា​​ចង់​ឃើញ​ប្រទេស​ក្នុង​តំបន់ រួម​ទាំង​សមុទ្រ​ចិន​ខាង​ត្បូង​ ត្រូវ​បាន​រៀប​ចំ​ដោយ​សន្តិវិធី​ ហើយ​​យើង​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​ដោះស្រាយ​ចំណុច​ខុស​គ្នា​ដទៃ​ទៀត​ ហើយ​ថា​សមាគម​អាស៊ាន និង​ចិន​អាច​បញ្ជូន​សញ្ញា​វិជ្ជមាន​ទៅ​គណៈកម្មាធិការ​អន្តរជាតិ​ ពីព្រោះ​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​ព្រួយបារម្ភ​ ហើយ​​ពួក​គេ​ទាំងអស់​ចង់​ដឹង​ពី​ស្ថានការ​នៅ​ទី​នោះ»។

លោក​ ពិតសុវណ្ណ និយាយ​ថា​ តួនាទី​របស់​អាស៊ាន​ក្នុង​ការ​សម្រប​សម្រួល​ដំណើរ​ការ​ដោះស្រាយ​​នេះ គួរ​តែ​មិន​ប្រឆាំង​ទៅ​​​នឹង​​តម្រូវ​ការ​របស់​ចិន​​ដែល​បញ្ហា​នេះ​ត្រួវ​បាន​ដោះស្រាយ​នៅ​ក្នុង​កម្រិត​ទ្វេភាគី​ទេ។

លោក​មាន​ប្រសាសន៍​ថា​ ការ​ដោះស្រាយ​បញ្ហា​​រវាង​ប្រទេស​​សមាជិក​​ទាំង​ឡាយ​ និង​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ក៏​នឹង​ត្រូវ​​លើក​ឡើង​ផង​ដែរ។ កាល​ពី​ដើម​ឆ្នាំ​នេះ​ លោក​ ម៉ាទី​ណាតាឡេហ្កាវ៉ា​ (Maty Natalegawa) ប្រធាន​អាស៊ាន និង​រដ្ឋ​មន្ត្រី​ការ​បរទេស​​ឥណ្ឌូនេស៊ី​ បាន​ដើរ​តួ​ជា​អាជ្ញា​កណ្តាល​ជាន់​ខ្ពស់​ ដើម្បី​ព្យាយាម​ចរចា​បញ្ចប់​ជម្លោះ​ព្រំដែន​រវាង​ថៃ​និង​កម្ពុជា។ លោក​ ​ណាតាឡេហ្កាវ៉ា(Natalegawa) ​​បាន​​បរាជ័យ​ក្នុង​ការ​ទាក់ទាញ​​ភាគី​ទាំង​ពីរ​ឲ្យ​ដោះស្រាយ​ជម្លោះ​នោះ​ ក៏ប៉ុន្តែ​ លោក​ពិត​សុវណ្ណ​ មាន​ប្រសាសន៍​ថា​ ការ​ជាប់​ឆ្នោត​ដ៏​លើស​លុប​របស់​ លោក​ស្រី​នាយក​រដ្ឋមន្រ្តី​ យីងឡាក់​ ស៊ីនណាវ៉ាត្រា អាច​ធ្វើ​ឲ្យ​​ជឿន​លឿន​ដល់​​ដំណើរ​ការ​សន្តិភាព​នេះ។

នៅ​ក្នុង​ការ​ប្រជុំ​ចុង​ក្រោយ​កាល​ពី​​ខែ​ឧសភា​​ ក្រុម​សិទ្ធិ​មនុស្ស​តវ៉ា​​អំពី​ការ​សម្រេច​របស់​សមាគម​អាស៊ាន​ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ភូមា​ដឹក​នាំ​សមាគម​នេះ​នៅ​ឆ្នាំ​២០១៤​ បើ​ទោះ​​ជា​​​ភូមា​ធ្វើ​ការ​រឹតបន្តឹង​ទៅ​​លើ​​ក្រុម​គណបក្ស​ប្រឆាំង​​ ការ​ឃុំឃាំង​សកម្មជន​នយោបាយ​ជា​ច្រើន​ និង​​ការ​​កម្រិត​​យ៉ាង​ខ្លាំង​ទៅ​​លើ​សេរីភាព​ជាមូលដ្ឋាន​​​ក៏​ដោយ។ ក្រុម​មន្រ្តី​សមាគម​អាស៊ាន​ស្ទាក់​ស្ទើរ​​ក្នុង​ការ​រិះគន់​អាជ្ញាធរ​ម៉ាឡេស៊ី​ដែល​បាន​​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​​និង​បំពង់​បាញ់​ទឹក ​ដើម្បី​បណ្តេញ​ហ្វូង​បាតុករ​រាប់​ពាន់​នាក់។ លោក​ ពិតសុវណ្ណ ​មាន​ប្រសាសន៍​ថា ​សមាគម​អាស៊ាន​នឹង​បន្ត​ផ្អែក​លើ​ការ​រួបរួម​គ្នា​ជា​វិជ្ជមាន​ជា​ជាង​ការ​ពង្រឹង​ដោយ​បង្ខំ​ដើម្បី​លើក​ទឹក​ចិត្ត​សមាជិក​របស់​ខ្លួន​ក្នុង​ការ​​កែប្រែ​​​​ទម្រង់​លទ្ធិប្រជាធិបតេយ្យ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ «ឥឡូវ​នេះ ​អ្វី​ដែល​កំពុង​តែ​បន្ត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​គឺ​​ស្ថិត​​ក្នុង​ក្រប​​ខណ្ឌ​បងើ្កន​ការ​​ចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​​ក្នុង​ដំណើរការ​នយោបាយ​ ហើយ​​ខ្ញុំ​គិត​ថា​ នេះ​គឺ​អ្វី​ដែល​ត្រូវ​បាន​​រំពឹង​ទុក។ ក៏​​ប៉ុន្តែ​ប្រទេស​នីមួយៗ​ត្រូវ​តែ​ដោះស្រាយ​ការ​ប្រឈម​នានា​ដោយ​ខ្លួន​ឯង​ផ្ទាល់​ តាម​របៀប​​ផ្សេងៗ​​គ្នា​ ​ហើយ​​យើង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ វា​នឹង​ជា​ដំណោះ​ស្រាយ​ប្រកប​ដោយ​សន្តិវិធី​ ប្រកប​ដោយ​ផ្លែ​ផ្កា​និង​ក្នុង​លក្ខណៈស្ថាបនា​​»។

លោក​ ពិតសុវណ្ណ ​មាន​ប្រសាសន៍​ថា​ សមាគម​អាស៊ាន​នឹង​ពិភាក្សា​ជា​មួយ​នឹង​ប្រទេស​ដែល​មាន​​អាវុធ​នុយក្លេអ៊ែរ ​ដើម្បី​​ផ្តល់​សច្ចាប័នលើ​អនុសញ្ញា​ឆ្នាំ​១៩៩៥​ ដែល​អាច​ធ្វើ​ឲ្យ​តំបន់​អាស៊ី​អាគ្នេយ៍​ជា​តំបន់​គ្មាន​អាវុធ​​នុយក្លេអ៊ែរ។ ប្រសិន​បើ​អនុសញ្ញា​នេះ​បាន​ផ្តល់​សច្ចាប័ន វា​​នឹង​អាច​រារាំង​​​នាវា​ចម្បាំង​​​នុយក្លេអ៊ែរ​មិន​​ឲ្យ​​​ចូល​សំចត​នៅ​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ លោក​ ពិតសុវណ្ណ ​មាន​ប្រសាសន៍​ថា​ ប្រទេស​ចិន​បាន​បង្ហាញ​​អំពី​បំណង​​​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​នេះ ​ហើយ​ថា​​មន្រ្តី​​អាស៊ាន​នឹង​ចាប់​ផ្តើម​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​ រុស្សី និង​មហា​អំណាច​​នុយក្លេអ៊ែរ​ផ្សេងៗ​ទៀត៕

No comments: