ទ័ពអាកាសអាមេរិក ផ្តល់ជំនួយផ្នែកពេទ្យ ដល់ប្រជាជនកម្ពុជា ៤.០០០នាក់
ថ្ងៃទី១០-០៨-២០១១
dap-news
ភ្នំពេញ៖ បុគ្គលិកទ័ពអាកាសសហរដ្ឋអាមេរិក ប្រហែល៦០នាក់ រួមជាមួយសមភាគីកម្ពុជាមកពី កងសន្តិសុខ ក្រុមវិស្វកម្ម និងក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ បានធ្វើសកម្មភាពផ្តល់
ជំនួយ ផ្នែកពេទ្យ ដល់ប្រជាជន៤.០០០នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១នេះ បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែសីហា បុគ្គលិកទ័ពអាកាសសហរដ្ឋអាមេរិកប្រហែល៦០នាក់ មកពីអង្គភាពឆ្មាំការពារជាតិនៅរដ្ឋ North Carolina និងរដ្ឋ Idaho បញ្ជាការដ្ឋានទ័ពអាកាសបម្រុង និងអង្គភាពកម្លាំងទ័ពអាកាសទី១៣ របស់សហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក បានចូលរួមជាមួយបុគ្គលិកកងយោធពលខេមរភូមិន្ទ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីធ្វើសកម្មភាពផ្តល់ជំនួយផ្នែកពេទ្យដល់ប្រជាជន៤.០០០នាក់ ដែលជាកម្មវិធីរបស់កងវិស្វកម្មដល់ជនស៊ីវិល ជួសជុលមណ្ឌលសុខភាពសាលារៀន ដើម្បីធ្វើការផ្លាស់ប្តូរគ្នាលើខ្លឹមសារប្រធានបទសុខភាព និងប្រតិបត្តិការសង្រ្គោះមនុស្សធម៌តាមអាកាស។
បេសកកម្មរយៈពេលមួយសប្តាហ៍នេះ មានឈ្មោះថា “ប្រតិបត្តិការទេវតាតំបន់ប៉ាស៊ីហ្វិក១១-១” គឺជាផ្នែកមួយនៃសកម្មភាពរួមគ្នាផ្នែកជំនួយមនុស្សធម៌ ដែលមានជាបន្តបន្ទាប់ និងចូលរួមដោយអង្គភាពយោធាកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងក្រុមទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី ខារ៉ូ រ៉ូដលី មានប្រសាសន៍ថា បេសកកម្មនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការទេវតានៅតំបន់ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និងកម្ពុជា មានការប្តេជ្ញាចិត្ត ក្នុងការផ្លាស់ប្តូរទស្សនៈ ការអនុវត្តន៍ជាក់ស្តែង ដែលនឹងធ្វើឲ្យយើងអាចឆ្លើយតបរួមគ្នាបានល្អ ចំពោះវិបត្តិជំនួយមនុស្សធម៌។
លោកស្រីបន្តថា “ទំនាក់ទំនងដែលយើងកសាង និងថែរក្សាតាមរយៈប្រតិបត្តិការយោធានេះ នឹងជួយយើងក្នុងការងារថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់”។
លោកស្រីថា នេះជាឆ្នាំទី៤ ហើយ ដែលប្រតិបត្តិការទេវតាតំបន់ប៉ាស៊ីហ្វិកជួយការងារលើកកម្ពស់សមត្ថភាពរបស់បញ្ជាការដ្ឋាន នៃកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក ដោយធ្វើជាដៃគូរជាមួយរដ្ឋាភិបាលដទៃទៀត នៅតំបន់ប៉ាស៊ីហ្វិក ក្នុងការផ្តល់ជំនួយផ្នែកវិស្វកម្ម ទន្តពេទ្យ ពេទ្យសត្វ និងជំនួយវិស្វកម្មដល់ពលរដ្ឋរបស់គេ។
ចាប់តាំងពីឆ្នាំ២០០៧មក សមាជិកយោធាអាមេរិក បានធ្វើការ ក្នុងភាពជាដៃគូជាមួយសមភាគីនៃកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើឲ្យប្រសើរឡើងដល់សុខភាព ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់តាមរយៈគម្រោងជំនួយមនុស្សធម៌ជាច្រើន៕
No comments:
Post a Comment